ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ស្នើ​ឱ្យ​អង្គ​សិក្ខាសាលា​ត្រីភាគី បន្ថែម​ការ​ចាប់អារម្មណ៍​ លើ​ការ​រើសអើង​ និង​ការ​ប្រើ​ហិ.ង្សា​ លើ​ពលករ​ខ្មែរ ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​បង្ហាញ​អំពី​រូបភាព​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ហិ.ង្សា​ពី​សំណាក់​ក្រុម​ជ្រុលនិយម​ថៃ​មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ…

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​បង្ហាញ​អំពី​រូបភាព​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ហិ.ង្សា​ពី​សំណាក់​ក្រុម​ជ្រុលនិយម​ថៃ​មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ​។ ការ​បង្ហាញ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បើក​សិក្ខាសាលា​ត្រីភាគី ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​, អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ស្ដី​ពី «​ការ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៥ នៃ​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៤-២០២៨» នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ​។


ក្នុង​ពី​ធី​បើក​សិក្ខាសាលា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា (DWCP) នា​ពេល​កន្លង​មកនេះ ​។ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន មាន កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ថៃ ទី​ម័​រ​ខាងកើត និង​វៀតណាម ដែល​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស របស់​អង្គការ ILO ហើយ​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម ៨​ប្រទេស​ខាងលើ ដែល​បាន​អនុវត្ត​កម្មវិធី​នេះ​យូរ​ជាងគេ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ ដែល​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​កម្ពុជា​កំពុង​អនុវត្ត​ដំណាក់កាល​ទី​៦ ​។

នេះ​សបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដ៏​រឹង​មាំ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​តំណាង​ត្រីភាគី និង​ដៃគូ ពាក់ព័ន្ធ​, និង​ការ​ឆ្លើយ​តប​យ៉ាង​ទាន់​ពេលវេលា​ទៅ​នឹង​បញ្ហា​ប្រឈម​ការងារ​នានា ដែល​ស្រប​ទៅ​តាម​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​មុន​ៗ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ផង​ដែរ ​។

ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន​យក​ឱកាស​នេះ​ដើម្បី​ឱ្យ​អង្គ​សិក្ខាសាលា​ទាំងមូល ជា​ពិសេស អង្គការ ILO បន្ថែម​ការ​ចាប់អារម្មណ៍​លើ​ការ​លេច​ចេញ​ នូវ​សកម្មភាព​រើសអើង និង​អំពើ​ហិ.ង្សា​មួយ​ចំនួន ​ទៅ​លើ​ពលករ​ខ្មែរ​ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ពី​សំណាក់​ក្រុម​ជ្រុលនិយម​ថៃ ​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិចារណា​ពិភាក្សា​រក​ដំណោះស្រាយ​ជាក់ស្ដែង​លើក​ស្ទួយ​ដល់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏​ដូច​ជា​អ្នក​ដែល​បាន​និង​កំពុង​វិល​ចូល​មក​ស្រុក​វិញ​យ៉ាង​គំហុក ដោយសារ​តែ​ពួក​គាត់​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ ។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើក​ជា​សំណូមពរ​ដល់ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) រួម​ទាំង​ការិយាល័យ​នៃ​អង្គការ​ទាំង​២ ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដោយ​ស្នើ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​ភ្លាម​ៗ ប្រឆាំង​ការ​រើសអើង និង​ការ​ប្រើ​ហិ.ង្សា​លើ​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សំដៅ​លើកកម្ពស់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួក​គាត់ ស្រប​តាម​លិខិត​បទដ្ឋាន​អន្តរជាតិ ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលា​ត្រីភាគី ស្ដី​ពី «​ការ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៥ នៃ​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៤-២០២៨» មាន​សមាសភាព​ចូលរួម​ពី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ក្រសួង​ពាក់ព័ន្ធ​, អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO), សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA), ក្រុមប្រឹក្សា​សហជីព​ជាតិ​សម្រាប់​កម្មវិធី DWCP សរុប​ប្រមាណ​ជិត​១០០​នាក់ ​៕ អត្ថបទសហការ