ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ហេង សួរ ពន្យល់​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ ​ថា កម្ពុជា​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ជាង និង​អត្ថប្រយោជន៍​ច្រើន​ជាង​ថៃ

1 ថ្ងៃ មុន

ខេត្តព្រៃវែង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពីថ្ងៃ​ទី​ ០៦ ខែកក្កដា…

ខេត្តព្រៃវែង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពីថ្ងៃ​ទី​ ០៦ ខែកក្កដា ឆ្នាំ​ ២០២៥ មកនេះបាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ឱ្យ​ចុះ​ឈ្មោះ​ធ្វើ​ការងារ​នៅ​រោងចក្រ​សហគ្រាស​ក្នុង​ប្រទេស ព្រោះ​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​អត្ថប្រយោជន៍​សម្បូរ​បែប​ជាង​នៅ​ប្រទេស​ថៃ ​។

ការ​គូសបញ្ជាក់​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ និង​ពលករ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ ប្រមាណ ១០០០​ នាក់ ​ក្នុង «​វេទិកា​ការងារ​» នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែល​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចំនួន ៨ ជាមួយ​ឱកាស​ការងារ​ជិត ១​ ម៉ឺន​កន្លែង​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​អះអាង​ថា ការ​ធ្វើ​ការងារ​នៅ​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា បងប្អូន​ពលករ​នឹង​ទទួល​បានការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ ប្រាក់​សោធន​ជរាភាព (​ប្រាក់​ចូល​និវត្តន៍ ឬ​ប្រាក់​រ៉ឺ​ត្រែ​ត​) ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ និង​ការ​យកចិត្តទុកដាក់​ដែល​ពលករ​មិន​ដែល​ទទួល​បាន​នៅ​អំឡុង​ពេលធ្វើការ​នៅ​ប្រទេស​ថៃ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បញ្ជាក់​បន្ថែម​ថា​ ៖ «​ចំណូល​យើង បើ​បូក​ចូល​គ្នា​ទាំង​ប្រាក់ខែ​គោល បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ទៀត ខ្ញុំ​គិត​ថា មិន​តិច​ជាង ២៥០ ​ដុល្លារ​នោះ​ទេ ហើយ​បើ​ថែម​ម៉ោង​ទៀត អាច​ឡើង​ដល់​ជាង ៣០០ ​ដុល្លារ​ដែរ ប្រាក់ ​៣០០​ ដុល្លារ​ជាង​នេះអាច​មាន​បងប្អូន​ខ្លះ​ថា នៅ​ទាប​ជាងគេ ប៉ុន្ដែ​កុំ​ភ្លេច​ថា លុយ​បងប្អូន ៣០ ឬ​ ៥០​ដុល្លារ​នៅ​ពេល​នេះ គឺ​ដូច​រដ្ឋ​ទុក​លុយ​ឱ្យ​បងប្អូន​អ៉ីចឹង គឺ​ថ្ងៃក្រោយពេល​បងប្អូន​ឈឺ រដ្ឋ​ចេញ​លុយ ពេល​បងប្អូន​ចាស់​ទៅ រដ្ឋ​យក​លុយ​របស់​ប្អូនយក​មក​ឱ្យ​បងប្អូន​វិញ​ ។ ប៉ុន្ដែ​បើ​បងប្អូន​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ពេល​បងប្អូន​ឈឺ ឬ​ពេល​បងប្អូន​ចាស់​ទៅ គឺ​មិន​មាន​លុយ​សង​ត្រឡប់​មក​ឱ្យ​បងប្អូន​យើង​វិញ​ទេ ព្រោះ​យើង​គ្មាន​ប្រាក់​សន្សំ​នៅ​ទីនោះ ។ ​ជា​ពិសេស បងប្អូន​ស្រី្ត​ដែល​សម្រាលកូន ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​ ។ អ៉ីចឹង​ផលប្រយោជន៍​ទាំង​អស់នេះ អាច​ធ្វើ​ឱ្យ​បងប្អូន​គិតពិចារណា​ក្នុង​ការងា​កមក​ធ្វើ​ការងារ​នៅ​ក្នុងស្រុក​យើង​វិញ​»​ ។

ជាមួយនឹង​ប្រាក់​ឈ្នួល​ខុស​គ្នា​បន្តិចបន្តួច​រវាង​ការ​ធ្វើការ​នៅ​កម្ពុជា និង​ថៃ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​សារ​ជា​ថ្មី​ម្តងទៀត​ទៅ​ដល់​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​ដែល​មាន​គោលបំណង​វិល​មក​កាន់​កម្ពុជា ឱ្យ​ជ្រើសរើស​ការងារ​នៅ​កម្ពុជា​វិញ ព្រោះ​ជា​ការ​កាត់​ចំណាយ សន្សំ​សំចៃ និង​មាន​សុវត្ថិភាព​ខ្ពស់​ ។

សូម​បញ្ជាក់​ថា ដើម្បី​ធានា​ថា ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ វិញ​មានការ​ងារ​ភ្លាម​ៗ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​បើក​វេទិកា​នៅ​តាម​បណ្ដា​ខេត្ត​ធំ​ៗ​ចំនួន ៥ ​រួម​មាន ៖ ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដោយ​ផ្ដល់​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ ៕ អត្ថបទសហការ