រាជធានីភ្នំពេញ ៖ ពលករខ្មែរជាច្រើនរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយបានទទួលឱកាសការងារល្អនៅក្នុងស្រុក តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនពលករខ្មែរផ្សេងៗទៀត ដែលកំពុងនៅប្រទេសថៃវិលត្រឡប់មកធ្វើការនៅប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងនៅរង់ចាំ ។
«មកស្រុកយើងវិញមក ស្រុកយើងមិនខ្វះការងារធ្វើទេ» ។ នេះជាសេចក្តីអំពាវនាវរបស់លោក ឡាំ គឹមឈាង ជាអតីតពលករផ្នែកសំណង់ នៅប្រទេសថៃ ដែលបានត្រឡប់មកប្រទេសកំណើតវិញ និងអំពាវនាវទៅកាន់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ។
លោក ឡាំ គឹមឈាង ទទួលបានឱកាសការងារថ្មី នៅរោងចក្រផលិតស្បែកជើងគ្រប់ប្រទេស ភូហ្វុង (ខេមបូឌា) ស៊ូ ឯ.ក ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ចំណែក លោកស្រី ភឿន សុខឃឹម ដែលជាពលករខ្មែរមួយរូប ទើបត្រឡប់មកពីប្រទេសថៃ និងទទួលបានឱកាសការងារថ្មីនៅតំបន់សេដ្ឋកិច្ចចេជាំង ខេត្តកោះកុង បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអភិបាលខេត្តកោះកុង បានយកចិត្តទុកដាក់ជាខ្លាំងចាប់តាំងពីគាត់បានត្រឡប់មកវិញ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរកការងារឲ្យធ្វើ និងមានការងារធ្វើគ្រប់គ្រាន់ ប្រាក់ខែក៏មានភាពសមរម្យផងដែរ ។
ជាមួយគ្នានោះ លោកស្រី រិន សុខេង ជាអតីតពលករលក់អីវ៉ាន់នៅប្រទេសថៃ រយៈពេល ៣ ឆ្នាំ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ មានអារម្មណ៍សប្បាយចិត្ត រីករាយ និងរំភើប ដែលបានត្រឡប់មកស្រុកកំណើតវិញ និងមានការងារធ្វើភ្លាមៗតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នាពេលបច្ចុប្បន្ន លោកស្រីកំពុងធ្វើការនៅរោងចក្រ មីនីបៀ (ខេមបូឌៀ) ។
លោកស្រីនិយាយថា៖ «នាងខ្ញុំសូមអរគុណដល់សម្តេច ហ៊ុន ម៉ាណែត ព្រមទាំងក្រសួងការងារ ដែលបានរកការងារល្អៗ ការងារនៅភ្នំពេញច្រើនឲ្យពលករនៅថៃ ដែលត្រលប់មកស្រុកខ្មែរវិញមានការងារធ្វើជាច្រើន» ។
សូមបញ្ជាក់ថា៖ នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ មានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក នៅប្រចាំការ ដើម្បីផ្តល់ព័ត៌មានស្តីអំពីឱកាស ការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ