ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ គ្រោង​នាំ​ក្រុមហ៊ុន​ធំ​ៗ​ចុះ​ទៅសម្ភាសន៍​ផ្ដល់​ឱកាស​ការងារ​នៅ​តាម​ភូមិ​ស្រុកក្នុង​ខេត្ត​ចំនួន ​៥ ចាប់ពី​ថ្ងៃ​ទី ​៦ ខែកក្កដា​នេះតទៅ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រោង​ដឹកនាំ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​(PPSEZ) តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ​(Zhejiang) សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រោង​ដឹកនាំ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​(PPSEZ) តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ​(Zhejiang) សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា ​(TAFTAC) និង​រោងចក្រ Spot Tech ចុះ​មូលដ្ឋាន ដើម្បី​ចុះ​ទៅ​សម្ភាសន៍​ជ្រើសរើស​កម្លាំង​ពលកម្ម​នៅ​តាម​ភូមិ ស្រុក​ក្នុង​ខេត្ត​ចំនួន ​៥ ចាប់​ថ្ងៃ​ទី​ ៦ ខែកក្កដា ឆ្នាំ​ ២០២៥ នេះ​តទៅ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​រៀបចំ​គម្រោង​រួចរាល់​ហើយ ដើម្បី​ដឹកនាំ​ក្រុមហ៊ុន​ធំ​ៗ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSEZ) តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ​(Zhejiang) សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) និង​រោងចក្រ Spot Tech ដើម្បី​ចុះ​ជ្រើសរើស​កម្លាំង​ពលកម្ម​ដល់​ភូមិ​ស្រុក​នៅ​ក្នុង​ខេត្ត​ចំនួន ៥ ដែល​ជា​ជំហាន​ដំបូង ​។

លោក​បន្ត​ថា គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ​៦ ខែកក្កដា ឆ្នាំ ​២០២៥ ​នេះ​តទៅ ដោយ​ចាប់ផ្ដើម​ខេត្ត​ចំនួន ​៥ ដូច​ជា ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និង​ខេត្តបន្ទាយមានជ័យ តាម​រយៈ​រថយន្ត​ការងារ​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ​៖ «​គោលបំណង​សំខាន់​របស់​យើង គឺ​រំកិល​សេវា​ផ្ដល់​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ដល់​មុខ​ផ្ទះ​តែ​ម្ដង ព្រោះ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ការ​ស្វែងរក​ការងារ ឬ​បងប្អូន​យើង​ខ្លះ​ថា មិនដឹង​ទៅ​រក​ការងារ​នៅឯណា ? ដូចនេះ ដើម្បី​ដោះស្រាយ​ច​ម្ង​ល់​ទាំងនេះ យើង​ត្រូវ​តែ​បើក​យុទ្ធនាការ​នេះ​ឡើង​ក្នុង​ការ​ឱកាស​ផ្ដល់​ការងារ​ធ្វើ​ដ៏​សំបូរ​បែប​ទៅ​ដល់​ភូមិ ស្រុក​របស់​ពួក​គាត់​តែ​ម្ដង​» ​។

លើស​ពី​នេះលោក ស៊ុន មេ​សា លើក​ឡើង​ថា កម្លាំង​ពលកម្ម​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នា​ពេល​នេះ គឺ​ការងារ​នៅ​ក្នុង​កសិដ្ឋាន រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ វិស័យ​យានយន្ត​គ្រប់​ប្រភេទ និង​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ប្រមាណ​ជាង ២៥​ម៉ឺន​កន្លែង ​។

គួរ​រំឭក​ផង​ដែរ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ទីតាំង​សម្រាប់​ដាក់​ស្ដង់​ពិព័រណ៍ (Booths)​ការងារ​របស់​តំបន់​សេដ្ឋកិច្ច PPSEZ តំបន់​សេដ្ឋកិច្ច Zhejiang សមាគម TAFTAC និង​រោងចក្រ Spot Tech នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-​ថៃ ដើម្បី​ផ្សព្វផ្សាយ​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ជា​ច្រើន​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ៕ អត្ថបទសហការ