ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រ​សួង​ការងារ នាំ​ក្រុមហ៊ុន​ធំ​ៗ​ទៅ​សម្ភាសន៍ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ​នៅ​ច្រកព្រំដែន​ ដើម្បីផ្តល់​ឱកាស​ការងារ​ភ្លាម​ៗ

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង (Zhejiang)…

​រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង (Zhejiang) សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) និង​រោងចក្រ Spot Tech ដើម្បី​ផ្តល់​ឱកាស​ការងារ​ភ្លាម​ៗ​ជូន​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​បងប្អូន​ពលករ​ពី​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ​២៩ ខែមិថុនា ឆ្នាំ ​២០២៥ មកនេះថា ក្រសួង​បាន​រៀបចំ​ស្តង់​ពិ​ព័រ​ណ៌​ការងារ​សម្រាប់​តំបន់ PPSEZ, តំបន់ Zhejiang, សមាគម TAFTAC និង​រោងចក្រ Spot Tech ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា ​៖ «​យើង​មាន PPSEZ, Zhejiang, TAFTAC និង​រោងចក្រ Spot Tech សុទ្ធតែ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ណាស់ បើ​សរុប​ទៅ ក្នុង​មួ​យស​ប្ដា​ហ៍ យើង​រើស​កម្លាំង​ពលកម្ម ២៥​ម៉ឺន​កន្លែង​ ។ ក្នុង​ការ​នោះ​ការងារ​នៅ​ក្នុង​រោងចក្រ​មាន​ចំនួន ២១​ម៉ឺន​កន្លែង ហើយ​ការងារ​រោងចក្រ​យើង ក៏​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ដែរ គឺ​មាន​ទាំង​ការ​ថែទាំ​សុខភាព អត្ថប្រយោជន៍​ផ្សេង​ៗ និង​មាន​ទាំង​ប្រាក់​សោធន​និវត្តន៍​ផង​ដែរ​»​ ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​នាំ​យក​ក្រុមហ៊ុន​ធំ​ៗ​ទៅ​សម្ភាសន៍​ផ្តល់​ការងារ​ភ្លាម​ៗ​នេះ គឺជា​ការ​យកចិត្តទុកដាក់​ដល់​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ដើម្បី​ទទួល​បានការ​ងា​ភ្លាម​ៗ ​។

សូម​បញ្ជាក់​ថា មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​រួម​មាន ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​មូលដ្ឋាន បាន​និង​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍ និង​ផ្ដល់​ព័ត៌មាន​ស្ដី​អំពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​របស់ ប​.​ស​.​ស​. ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ៕ អត្ថបទសហការ