រាជធានីភ្នំពេញ ៖ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ នៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែង កំពុងរង់ចាំ ហើយការងារទាំងនោះ ផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ ។
លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូប ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាម នៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបាន តាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះ ឱកាសការងារនោះទេ ។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមអំពាវនាវ ដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះទេការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើ មានទីកន្លែងស្នាក់នៅល្អៗ ។ មកដល់ភ្លាមមានការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យអត់មានការលំបាកអីទេ» ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា អ្វីដែលជាការព្រួយបារម្ភបំផុតនោះគឺ ក្រុមជ្រុលនិយមថៃ តែងតែយកពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវរបស់ខ្លួនហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព ហេតុនេះអ្វីដែលល្អបំផុត សូមឱ្យបងប្អូនវិលត្រឡប់មកធ្វើការក្នុងស្រុកវិញ ។
លោកថ្លែងថា ៖«បើនៅប្រទេសថៃ ត្រូវគេមើលងាយមើលថោក គេមានចេតនាចង់យាយីធ្វើបាបយ៉ាងណានោះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរយើង ត្រឡប់មកធ្វើការងារក្នុងស្រុកវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ រោងចក្រសហគ្រាស ក្រុមហ៊ុននៅកម្ពុជាត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺននាក់ ហើយក្រសួងការងារបានយកចិត្តទុកដាក់ ជូនបងប្អូនដល់កន្លែងការងារតែម្តង» ។
លោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លើកឡើងថា កម្ពុជាបច្ចុប្បន្នមានការងារសម្បូរបែបរាប់សិបម៉ឺនកន្លែង ពោលគឺកម្ពុជាមិនខ្វះការងារ សម្រាប់បងប្អូនពលករខ្មែរត្រឡប់ពីប្រទេសថៃ មកប្រទេសកំណើតវិញនោះទេ ។ លោកថា ការត្រឡប់មកធ្វើការងារនៅក្នុងប្រទេសវិញ គឺជាការចាំបាច់ និងបង្ហាញពីមនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ការងារក្នុងស្រុក កាន់តែរីកចម្រើនឆាប់រហ័សថែមទៀត ។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ នៅប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ បង្ហាញពីឆន្ទៈក៏ដូចជាមនសិការស្នេហាជាតិ ហើយនៅកម្ពុជាយើងមានឱកាសការងាររាប់សិបម៉ឺនកន្លែង ចាំទទួលបងប្អូន» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ