រាចធាំនីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា» ដោយមានអ្នកចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤៥០នាក់ ។
សិក្ខាសាលាថ្នាក់ជាតិ មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់ ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាព និងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍ ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាពនិងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ ។ និយាយសាមញ្ញ ៖ តួអង្គពាក់ព័ន្ធគ្រប់វិស័យ «មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍» ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា តាំងពីឆមាសទី ១ ឆ្នាំ ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្រាវជ្រាវ និងរៀបរៀងខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ។ ក្នុងដំណើរការនេះ ដើម្បីវាយតម្លៃភាពរួចរាល់របស់កម្ពុជា ក្នុងការចាប់យក និងអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអង្គការយូណេស្កូ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ មក តាមវិធីសាស្ត្ររបស់អង្គការយូណេស្កូ ដែលមានការទទួលស្គាល់ជាសាកលនិងបានប្រើប្រាស់នៅប្រមាណ ៦០ ប្រទេសជុំវិញពិភពលោក ។ លទ្ធផលសំខាន់ៗ នៃការវាយតម្លៃនេះ ត្រូវបានបញ្ចូលក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍទន្ទឹមគ្នានិងចេញជាសេចក្ដីព្រាងដំបូងនៅខែកុម្ភៈ ឆ្នាំ ២០២៥ ។
តាមរយៈកិច្ចសហការ និងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាជាតិ (អេស្កាប់) សេចក្ដីព្រាងដំបូង ត្រូវបានដាក់ពិគ្រោះយោបល់ក្នុងបណ្ដាញអ្នកជំនាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកអនឡាញចំនួនពីរលើក ។ សេចក្ដីព្រាងនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ និងឆ្លងកាត់សិក្ខាសាលាពិនិត្យស៊ីជម្រៅនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃនាដើមខែមេសា និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនិងពហុភាគីជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចំនួន ១០ លើក ។ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ ២០២៥ ការវាយតម្លៃផ្នែកបញ្ញាសិប្បនិម្មិតកម្ពុជា បានបញ្ចប់របាយការណ៍ផ្លូវការរួចរាល់ រីឯសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ត្រូវបានកែសម្រួលចេញជាកំណែទី ៤ ដែលមានបញ្ចូលធាតុចូលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ។
សូមបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាបានបន្ថែម «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះមួយ លើអាទិភាពគន្លឹះទាំង ៤ នៃយុទ្ធសាស្ត្រចតុកោណ ព្រមទាំងបានកំណត់បញ្ចកោណទី ៥ សម្រាប់ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។
ក្នុងចំណោមបច្ចេកវិទ្យាឌីជីថលឈានមុខ បញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យាមានភាពលេចធ្លោជាងគេ នាំមកទាំងកាលានុវត្តភាព និងហានិភ័យ ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ ។ កន្លងមក ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ បានកំណត់វិធានការគោលនយោបាយគន្លឹះ និងសកម្មភាពអាទិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតរួចរាល់ ដែលបង្ហាញពីការគិតគូរជាមុនរបស់អ្នករៀបចំគោលនយោបាយ ប៉ុន្តែការរីកសាយ ការវិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពងាយស្រួលប្រើប្រាស់របស់បញ្ញាសិប្បនិម្មិតនិយាយជារួម និងបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (generative artificial intelligence) និយាយដោយឡែក ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធលៃលកជាថ្មីឱ្យបានឆាប់រហ័ស ដើម្បីតាមទាន់ស្ថានការណ៍តំបន់និងសកល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ