រាជធានីភ្នំពេញ ៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ពេទ្យយើង ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឈានមុខ ដើម្បីសម្រួលដល់ការទូទាត់ឌីជីថល សម្រាប់វិស័យសុខាភិបាលកម្ពុជា ។ ក្រោមភាពជាដៃគូនេះ ABA KHQR នឹងក្លាយជាមធ្យោបាយទូទាត់ចម្បង នៅលើប្រព័ន្ធទូទាត់វិក្កយបត្ររបស់ ពេទ្យយើង ដោយបម្រើជូនដៃគូសេវាសុខាភិបាលជាច្រើន រួមមានគ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានាទូទាំងប្រទេស ។
តាមរយៈការភ្ជាប់ QR API របស់ ABA នៅលើអេក្រង់ម៉ាស៊ីនគិតលុយ និង លើវិក្កយបត្ររបស់ គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា អតិថិជននឹងទទួលបានបទពិសោធទូទាត់កាន់តែរលូនស្រួល ខណៈដែលដៃគូជា គ្លីនិក មន្ទីរពេទ្យ និងឱសថស្ថាននានា ទទួលបានប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរ និងសុវត្ថិភាពពង្រឹងបន្ថែមកាន់តែរឹងមាំ ។
កាលពីថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2025 កន្លងទៅនេះ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលធនាគារ ABA ដោយមានការអញ្ជើញចូលរួមពីលោក Zhiger Atchabarov អគ្គនាយករងប្រតិបត្តិ និងជានាយកប្រតិបត្តិការ នៃធនាគារ ABA និងលោកស្រី ប៉ុង លីមសាន នាយិកាប្រតិបត្តិ និងស្ថាបនិក នៃក្រុមហ៊ុនពេទ្យយើង ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរផងដែរ ។
លោក Zhiger Atchabarov មានប្រសាសន៍ថា ៖ «ក្នុងនាមជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ យើងខ្ញុំនៅធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តពង្រីកសេវាកម្មរបស់យើងខ្ញុំ ទៅកាន់វិស័យសុខាភិបាល។ យើងខ្ញុំ ជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាដៃគូ ប្រព័ន្ធបច្ចេកវិទ្យា និងចក្ខុវិស័យរួមគ្នានេះ យើងនឹងអាចបង្កើតគុណតម្លៃរយៈពេលវែង សម្រាប់ស្ថាប័នទាំងពីរ និងសហគមដែលយើងបម្រើសេវាជូន» ។
លោកស្រី ប៉ុង លីមសាន ក៏មានប្រសាសន៍ផងដែរថា៖ «កិច្ចសហការជាមួយ ABA គឺជាជំហានដ៏សំខាន់មួយចំពោះវឌ្ឍនភាពឌីជីថលក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដោយធ្វើឲ្យការទូទាត់សេវាសុខាភិបាល កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់គ្រប់គ្នា។ ប្រតិបត្តិករសេវាសុខាភិបាល នឹងអស់បារម្ភចំពោះបញ្ហាទូទាត់ខុស ឬច្រឡំ នាំឲ្យមានការខាតបង់ប្រាក់ចំណូល ខណៈអ្នកទទួលសេវា អាចទូទាត់បែបឌីជីថលយ៉ាងរលូន» ។
សម្រាប់ជំហានតទៅមុខ ធនាគារ ABA និងក្រុមហ៊ុនពេទ្យយើង នឹងប្តេជ្ញាបន្តពង្រឹងការតភ្ជាប់នៃមធ្យោបាយទូទាត់ឌីជីថល និងសេវាសុខាភិបាលនៅកម្ពុជា ដោយបន្តផ្តល់ភាពងាយស្រួលបន្ថែម សម្រាប់ ទាំងដៃគូផ្តល់សេវាសុខាភិបាល និងអ្នកទទួលសេវា ។
អំពី ABA៖
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024 ។ ធនាគារ ABA មាន 101 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,800 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង 5 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ។
អំពី ពេទ្យយើង៖
ពេទ្យយើង ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខនៅកម្ពុជា ដោយមានបម្រើសេវាជូន អ្នកផ្តល់សេវាសុខាភិបាល និងអប់រំ ជាង 400 ស្ថាប័ន នៅទូទាំងប្រទេស។ យើងមានបេសកកម្មចម្បង ពោលគឺការធ្វើឌីជីថលូបនីយកម្មរំហូរការងារសុខាភិបាល, ពង្រឹងការថែទាំអ្នកជំងឺ និងភ្ជាប់ប្រព័ន្ធជាមួយផ្លែតហ្វមដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលប្រើប្រាស់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ