ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ បន្ត​គាំទ្រកម្មវិធី​​រោង​ចក្រកាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ របស់​អង្គការ​អន្តរជាតិ​ខាងការងារ (ILO)

1 ថ្ងៃ មុន

ប្រទេសស្វីស ៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បាន​​ជួប​ពិភាក្សា​ការ​ងារ​​ជាមួយ​លោក​ស្រី Roopa Nair…

ប្រទេសស្វីស ៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បាន​​ជួប​ពិភាក្សា​ការ​ងារ​​ជាមួយ​លោក​ស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដើម្បី​ពិភាក្សា​ពីការគាំទ្រ និងការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC) ។

ការលើកឡើងនេះ នៅ​ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ចូលរួម​សន្និសីទ​អន្តរជាតិ​ការងារ​ប្រចាំឆ្នាំ​លើកទី ១១៣ របស់​​អង្គការ​ ILO កាល​ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី ILO-BFC ដែលកម្ពុជាជាប្រទេសទី ១ បានអនុវត្តកម្មវិធីនេះ ក្រោម​កិច្ច​សហការ​ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និង​ដៃគូពាក់ព័ន្ធ ហើយ​ដែល​​បាន​ជួយ​​លើក​​កម្ពស់​​លក្ខខណ្ឌ​ការងារ​​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌកាត់ដេរ រហូត​ធ្វើឱ្យកម្ពុជា​បានក្លាយ​ជាប្រទេស​ផ្គត់ផ្គង់​ផលិតផល​ប្រកប​ដោយការ​ទទួលខុសត្រូវ ។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានពិភាក្សាអំពីការបន្តគាំទ្រ និងអនុវត្តកម្មវិធី ILO-BFC នេះ​ឱ្យកាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផងដែរ ។

ជាការឆ្លើយតប លោកស្រីប្រធានកម្មវិធីការងារកាន់តែប្រសើរ (ILO Better Work) របស់អង្គការអន្តរជាតិខាងការងារ (ILO) បាន​លើក​ឡើងថា ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ជាពិសេស​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ធ្វើឱ្យការ​អនុវត្តកម្មវិធី ILO-BFC នៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រហូត​ដល់​ប្រទេស​ជាច្រើន​ផ្សេងទៀត​បាន​យក​ជាគំរូ​តាម​ក្នុង​ការ​អនុវត្តកម្មវិធី ILO-BFC ដោយគ្រាន់តែប្តូរឈ្មោះទៅជា Better Work វិញសម្រាប់យកទៅអនុវត្តនៅប្រទេសពួកគាត់ ។ 

ភាគីទាំងពីរ បានបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បី​ពង្រឹង​សមត្ថភាព​គ្រប់ភាគី​ពាក់ព័ន្ធក្នុង​ការបន្តពង្រឹងប្រសិទ្ធភាព និង​បរិយាកាស​ការងារ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា ៕ អត្ថបទសហការ