ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មុខមាត់​ថ្មី​នៃ​តំបន់​ជនជាតិ​ខ្មែរ​ នៅ​ប្រទេសវៀតណាម

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បងប្អូន​ជនជាតិ​ខ្មែរ​ចំនួន​ជាង ១,៣ លាន​នាក់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​វៀតណាម ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ចំណង​មហា​សាមគ្គីភាព​រវាង​សហគមន៍​ជនជាតិ​ទាំង ៥៤ ជាតិ​សាសន៍​របស់​វៀតណាម ។ អនុវត្ត​គោលនយោបាយ…

រាជធានីភ្នំពេញ ៖ បងប្អូន​ជនជាតិ​ខ្មែរ​ចំនួន​ជាង ១,៣ លាន​នាក់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​វៀតណាម ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ចំណង​មហា​សាមគ្គីភាព​រវាង​សហគមន៍​ជនជាតិ​ទាំង ៥៤ ជាតិ​សាសន៍​របស់​វៀតណាម ។

អនុវត្ត​គោលនយោបាយ “​ស្មើភាព សាមគ្គីភាព គោរព​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ភាព​រីក​ចម្រើន​របស់​ប្រជាជន​” បក្ស​ និង​រដ្ឋ​វៀតណាម​ បាន​ដាក់​ចេញ​គោលការណ៍ គោលនយោបាយ​ជា​ច្រើន ដែល​បាន​ផ្តល់​អាទិភាព​ការ​វិនិយោគ ការ​បែងចែក​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ទៅ​តំបន់​ជនជាតិភាគតិច​និយាយ​រួម និង​តំបន់​ជនជាតិ​ខ្មែរ​និយាយ​ដោយឡែក ​។ អាស្រ័យ​ហេតុនេះ ក្រោយ​រយៈពេល ៥០ ឆ្នាំ នៃ​ការ​រំដោះ​ភាគ​ខាងត្បូង ​និង​បង្រួបបង្រួម​ប្រទេស​ជាតិ (​ថ្ងៃ​ទី ៣០ ខែមេ​សា ឆ្នាំ ១៩៧៥ – ថ្ងៃ​ទី ៣០ ខែ មេ​សា ឆ្នាំ ២០២៥) ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​ជនជាតិ​ខ្មែរ​នៅ​ប្រទេស​វៀតណាម មានកា​រវិ​វត្ត​យ៉ាង​ខ្លាំង ដោយ​មាន​រូបរាង​ថ្មី​ស្រស់​ស្អាត និង​រស់​រវើក ចូលរួម​ជាមួយ​ប្រទេស​ជាតិ​ទាំងមូល ឈាន​ចូល​យុគសម័យ​ថ្មី គឺ​យុគសម័យ​នៃ​ការ​ឈាន​ឡើង​របស់​ប្រទេស​ជាតិ​វៀតណាម ​។

ខេត្ត​ត្រា​វិញ (Tra Vinh) ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​បងប្អូន​ជនជាតិ​ខ្មែរ​រស់នៅ នៅ​ប្រទេស​វៀតណាម ដោយ​មាន​ប្រជាជន​ជាង ៣៩ ម៉ឺន​នាក់ ស្មើនឹង​ប្រមាណ ៣១% នៃ​ចំនួន​ប្រជាជន​នៅ​ទូ​ទាំង​ខេត្ត​ ។ អនុវត្ត​កម្មវិធី​គោលដៅ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​តំបន់​ជនជាតិភាគតិច​ និង​តំបន់​ភ្នំ​ដំណាក់កាល​ឆ្នាំ ២០២១-២០២៥ និង​បើ​គិត​មក​ដល់​ដំណាច់ឆ្នាំ ២០២៤ ខេត្ត ត្រា​វិញ កសាង​ផ្លូវ​គមនាគមន៍​ជនបទ​បាន​ចំនួន​ជាង ២០០ ខ្សែ​សម្រាប់​បម្រើ​ដល់​ផលិតកម្ម អាជីវកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ។ ឃុំ​ចំនួន ១00% ចាកចេញ​ផុត​ពី​តំបន់​មាន​លក្ខណៈ​លំបាក​ខ្លាំង មាន​បងប្អូន​ជនជាតិភាគតិច​ជាង ១,១00 គ្រួសារ​ត្រូវ​បាន​ផ្ដល់​លំនៅ​ឋាន ​និង​ដី​សម្រាប់​តាំងទី​លំនៅ ប្រជាជន​ជិត ១,៧00 គ្រួសារ​ត្រូវ​បាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ​និង​ជួយ​ផ្លាស់​ប្ដូរ​មុខរបរ ប្រព័ន្ធ​ផ្លូវ​ត​ភ្ជាប់​ភូមិ​ជាមួយ​ភូមិ ឃុំ​ជាមួយ​ឃុំ​ត្រូវ​បាន​ចាក់​បេតុង​និង​កៅស៊ូ​យ៉ាង​រឹង​មាំ ដែល​អំណោយផល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ប្រកប​អាជីវកម្ម ធ្វើ​ពាណិជ្ជកម្ម​។​ល​។ បងប្អូន​កូនក្មួយ​ជនជាតិ​ខ្មែរ​ទទួល​បាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​ដើម្បី​ចូល​រៀន ​។

ព្រះ​ឧបជ្ឈាយ៍ ថា​ច់ សុខសាន្ត (Thạch Sok Xane) អនុប្រធាន​គណៈ​អភិបាល​ពុទ្ធសាសនា​វៀតណាម ប្រធាន​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ មាន​ព្រះ​ទ័យ​ត្រេកអរ​ដែល​ឃើញ​ជីវភាព​រស់នៅ​របស់​បងប្អូន​ជនជាតិ​ខ្មែរ​កាន់តែ​រីក​ចម្រើន ​និង​សប្បាយ​រីករាយ ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សំណាក់​បក្ស​ និង​រដ្ឋ​ ។ គោលនយោបាយ​ជនជាតិ​ជា​ច្រើន​ត្រូវ​បាន​អនុវត្តន៍​ប្រកបដោយ​បរិ​យ​បន្ន ផ្សារ​ភ្ជាប់​ជាមួយ​ទិដ្ឋភាព​ជាក់ស្ដែង ដែល​បាន​ចូលរួម​ចំណែក​ជួយ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នៅ​តំបន់​ជនបទ កែ​លម្អ​និង​លើកកំពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ជនរួមជាតិ​ខ្មែរ ទាំង​លើ​ផ្នែក​សម្ភារៈ​និង​ស្មារតី​ ។

មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត ត្រា​វិញ នៅ​ត្រើយម្ខាង​នៃ​ទន្លេ ហូ​វ ឬ ទន្លេបាសាក់ ខេត្ត សុក​ត្រាំ​ង (Soc Trang) មាន​ប្រជាជន​ជាង ៣០% ជា​បងប្អូន​ជនជាតិ​ខ្មែរ ដោយ​មាន​ចំនួន​ប្រហែល ៤០ ម៉ឺន​នាក់ ដែល​ច្រើន​ជាងគេ​បំផុត បើ​ប្រៀបធៀប​ទៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​តាម​បណ្តា​ខេត្ត ក្រុង នានា​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ។

យោង​តាម​លោក ឡឹម ហ្វា​ង​ម៉ូ​វ (Lam Hoang Mau) ប្រធាន​មន្ទីរ​ជនជាតិ​និង​សាសនា​ខេត្ត សុក​ត្រាំ​ង ក្នុង​ដំណាក់​កាលពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៥ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​សង្គម​នៅ​តំបន់​បងប្អូន​ជនជាតិ​ខ្មែរ​ត្រូវ​បាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ និង​គណៈកម្មាធិការ​ប្រជាជន​ខេត្ត ផ្តោត​ការ​វិនិយោគ​យ៉ាង​ខ្លាំង ដើម្បី​បំពេញតម្រូវការ​ផលិតកម្ម​និង​ការ​រស់នៅ​របស់​ប្រជាជន ​។ ខេត្ត​បាន​វិនិយោគ​ទឹកប្រាក់​ជាង ៣២៧ ពាន់​លាន​ដុ​ង (​ស្មើ​ប្រមាណ​ ១២,៥ លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​សាងសង់​សំណង់​ជាង ៤០០ កន្លែង​ក្នុង​តំបន់​បងប្អូន​ជនជាតិ​ខ្មែរ ផ្ដោត​លើ​សំណង់​ធារាសាស្ត្រ ផ្លូវ​គមនាគមន៍​ជនបទ ផ្ទះ​សហគមន៍ ក៏​ដូច​ជា​ការ​ថែទាំ​ និង​ជួសជុល​សំណង់​សុខុមាលភាព​សង្គម​ផ្សេង​ៗ​ ។

ដោយ​មានការ​យកចិត្តទុកដាក់​ និង​គាំទ្រ​របស់​បក្ស​និង​រដ្ឋ ខេត្ត សុក​ត្រាំ​ង សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ជា​ច្រើន​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម ចំនួន​គ្រួសារ​ក្រីក្រ​មានការ​ថយ​ចុះ ហើយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​វិនិយោគ​យ៉ាង​ពេញលេញ​ ។

លោក ឡឹម វ៉ា​ន់​ម៉ឹ​ន (Lam Van Man) លេខា​គណៈកម្មាធិការ​បក្ស​ខេត្ត សុក​ត្រាំ​ង បាន​បញ្ជាក់​ថា នា​ពេល​ខាង​មុខ ខេត្ត​នឹង​បន្ត​យកចិត្តទុកដាក់​ជា​ពិសេស​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប​ណ្ឌ​ល​វប្បធម៌​នៅ​តំបន់​បងប្អូន​ជនជាតិភាគតិច ដោយ​ផ្តោត​ប្រភព​ធនធាន​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម សំដៅ​ប្រយុទ្ធ​ប្រឆាំង ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រកបដោយ​ប្រសិទ្ធភាព​ ។ តាម​ការ​គ្រោងទុក ដល់​ចុងខែ មិថុនា ឆ្នាំ ២០២៥ នឹង​បញ្ចប់​ជា​ស្ថាពរ​ការងារ​លុប​បំបាត់​លំនៅ​ឋាន​ទ្រុឌទ្រោម​បណ្ដោះអាសន្ន ក្នុង​ចំណោម​នោះ​ជាង ៥០% ជា​លំនៅ​ឋាន​របស់​បងប្អូន​ជនជាតិ​ខ្មែរ​ ។ ក្រៅពី​នោះ ខេត្ត សុក​ត្រាំ​ង ក៏​បន្ត​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការងារ​អភិរក្ស​ និង​អភិវឌ្ឍន៍​តម្លៃ​វប្បធម៌​ប្រពៃណី​ល្អ​ៗ ដែល​ជា​កេ​រិ៍្ត​ដំណែល​វប្បធម៌​របស់​ជនជាតិ លើកកំពស់​គុណភាព​អប់រំ​ និង​បណ្តុះបណ្តាល​និង​កសាង​មហា​សាមគ្គី​ជាតិ​ ។

ដោយ​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត សុក​ត្រាំ​ង ខេត្ត បាក​លៀវ (Bac Lieu) ក៏​ជា​ខេត្ត​មួយ​ដែល​មាន​បងប្អូន​ជនជាតិភាគតិច​ច្រើន ដោយ​មាន​ជនជាតិ​ជាង ២០ ជាតិ​សាស​ន៏​ដែល​រស់នៅ​លាយឡំ​ជាមួយ​គ្នា ស្មើនឹង ៩,២% នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ខេត្ត​ ។ ក្នុង​ចំណោម​នោះ ជនជាតិ​ខ្មែរ​មាន​ចំនួន​ច្រើន​ជាងគេ​ដែល​មាន​ជាង ១៧.០០០ គ្រួសារ ស្មើនឹង ៧,៦% នៃ​ចំនួន​ប្រជាជន​ក្នុង​ខេត្ត​ ។
ក្នុង​ដំណាក់​កាលពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ ខេត្ត បាក​លៀវ បាន​បែងចែក​ថវិកា​ចំនួន ១៦០ ពាន់​លាន​ដុ​ង (​ស្មើ​ប្រមាណ ៦,១ លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​កម្មវិធី​គោលដៅ​ជាតិ​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រកបដោយ​ចិ​រ​ភាព​ ។

ទទួលផល​ពី​កម្មវិធី​គាំទ្រ​ការ​ធ្វើ​ពិពិធ​កម្ម​មុខរបរ​ចិញ្ចឹមជីវិត គួប​ផ្សំ​នឹង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ផលិត​ទំនិញ ប្រាក់​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​នៃ​គ្រួសារ​ខ្មែរ​ជា​ប្រជា​កសិករ​ដាំ​ដំណាំ​ស្រូវ​នៅ​ខេត្ត បាក​លៀវ បាន​កើនឡើង ២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២១​ ។ ផ្ដើម​ពី​នោះ អត្រា​គ្រួសារ​ជនជាតិភាគតិច​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ជា​មធ្យម ២,៥% ក្នុង​មួយ​ឆ្នាំ​ៗ ​។ មក​ទល់​ពេល​នេះ អត្រា​គ្រួសារ​ខ្មែរ​ក្រីក្រ​នៅ​ខេត្ត បាក​លៀវ មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ស្មើនឹង​ប្រមាណ ១% នៃ​ចំនួន​គ្រួសារ​ជនជាតិភាគតិច​សរុប​ក្នុង​ខេត្ត​ ។

ទិដ្ឋភាព​ជាក់ស្តែង​ឱ្យ​ឃើញ​ថា ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោល​ការ​រណ៍ គោលនយោបាយ​ជនជាតិភាគតិច​ក្នុងអំឡុងពេល​កន្លង​មក បាន​សបញ្ជាក់​ពី​ការ​គិតគូ យកចិត្តទុកដាក់​របស់​បក្ស​និង​រដ្ឋ​វៀតណាម ចំពោះ​ការ​អភិវឌ្ឍ​របស់​បងប្អូន​ជនរួមជាតិ​ខ្មែរ​នៅ​តាម​ខេត្ត​នានា​នៅ​លើ​ដែនដី​សណ្ដ​ទន្លេមេគង្គ​ ។ ជីវិត​ថ្មី​ប្រកបដោយ​ភាព​សម្បូរ​សប្បាយ​និង​សុភមង្គល គឺជា​កម្លាំង​ច​លករ​ជំរុញ​ឱ្យ​បងប្អូន​ប្រជាជន​បន្ត​លើកកម្ពស់​ឆន្ទៈ​ខ្លួន​ទីពឹង​ខ្លួន ភាព​ធន់ ស្វាហាប់ និង​ច្នៃប្រឌិត​ក្នុង​ការងារ​បង្កបង្កើន​ផល ផលិតកម្ម ខិតខំ​ប្រឹងប្រែង​ជាមួយ​អាជ្ញា​ធម៌​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ និង​គ្រប់​វិស័យ ដើម្បី​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ ​។
ក្រោយ ៥០ ឆ្នាំ នៃ​ការ​បង្រួបបង្រួម​ និង​ឯកភាព​ទឹកដី​វៀតណាម ការ​ផ្លាស់​ប្តូរ​ថ្មី​លើ​ភូមិឋាន ​និង​ការ​អភិវឌ្ឍ​មាតុភូមិ បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ខ្មែរ​កាន់តែ​មាន​កម្លាំងចិត្ត​បន្ថែម​ទៀត​លើ​អនាគត​ដ៏​រុងរឿង​របស់​ខ្លួន ផ្តល់​ឱ្យ​ពួក​គេ​នូវ​កម្លាំង​សាមគ្គី​បន្ថែម​ទៀត ពួតដៃ​ជាមួយ​បងប្អូន​ជនជាតិ​ដទៃ​ទៀត ដើម្បី​កសាង​មាតុភូមិ ក្រោម​ការ​ដឹកនាំ​របស់​បក្ស សំដៅ​ឈាន​ចូល​យុគសម័យ​ថ្មី ដែល​ជា​យុគសម័យ​នៃ​ការ​អភិវឌ្ឍ​ដ៏​រឹង​មាំ វិបុលភាព របស់​ប្រជាជន​វៀតណាម​ទាំងមូល​ ៕ ដោយ ៖ មាន ចិន្តា (អត្ថបទពាណិជ្ជកម្ម)