ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួប​ពិភាក្សា​ការងារ ជាមួយ​ភារធារី​ស្តីទី​ នៃ​ស្ថានទូត​លុ​ច​សំបួ ​ប្រចាំ​ប្រទេស​ឡាវ ស្តីពីវិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ឡៅ ហ៊ី​ម រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ឡៅ ហ៊ី​ម រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​ពិភាក្សា​ការងារ ​ជាមួយ​លោក Thomas Lammar ភារធារី​ស្តីទី​នៃ​ស្ថានទូត​លុ​ច​សំបួ​ប្រ ចាំ​ប្រទេស​ឡាវ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​លុ​ច​សំបួ ​។

ជំនួប​ពិភាក្សា​នេះ​ធ្វើ​ឡើង​នៅ​ទីស្ដីការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​ ឯកឧត្តម​អនុរដ្ឋលេខាធិការ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការងារ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ និង​មន្ត្រី​ពី​នាយកដ្ឋាន​ សហប្រតិបត្តិការ​អន្តរជាតិ ក៏​ដូច​ជា​នាយកដ្ឋាន​គ្រប់គ្រង ​គ្រឹះស្ថានសិក្សា ដើម្បី​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

គោលបំណង​នៃ​កិច្ច​ពិភាក្សា​នេះ គឺ​ដើម្បី​ពង្រឹង​និង​បង្កើន​ចំណងមិត្តភាព ក៏​ដូច​ជា​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​លុ​ច​សំបួ ជា​ពិសេស​ការ​ឆ្ពោះទៅ​រក​ការ​កំណត់​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទូទៅ​សម្រាប់​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ភាគី​លុ​ច​សំបួរ​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ និង​នៅ​ខេត្តរតនគិរី នា​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៥ ដើម្បី​ស្វែង​យល់​បន្ថែម​ពីមុខ​ជំនាញ​កសិកម្ម ទេសចរណ៍​ជាដើម នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​ពីរ​នេះ​។

ភាគី​ទាំង​ពីរ​កម្ពុជា​-​លុ​ច​សំបួ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រទេស​ទាំង​ពីរ​នឹង​ពង្រឹង​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​តាម​រយៈ​ការ​ចុះ​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ណាមួយ​នា​ពេល​អនាគត សម្រាប់​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ៕ អត្ថបទសហការ