រាជធានីភ្នំពេញ ៖ ក្នុងឱកាសបើកការប្រកួតកីឡាពានរង្វាន់វេសឡាញ ២០២៥ កាលពីពេលថ្មីៗនេះ លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំ និងធនធានមនុស្ស នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា កីឡា គឺជាបំណិនមួយ ក្នុងចំណោមបំណិនជាច្រើនទៀតដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃបណ្តាញសាលារៀនវ៉េសឡាញន៍ទាំងអស់ ដើម្បីពង្រឹងកាយសម្បទាររបស់សិស្សឱ្យបានរឹងមាំ ស្វាហាប់ និងមានសុខភាពល្អ ។
បើតាមលោក តែ ឡាយ កម្មវិធីកីឡា ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់បណ្តាញសាលារៀនវេសឡាញន៍ មានដូចជា បាល់ទាត់ ប៉េងប៉ុង តេក្វាន់ដូ ហែលទឹក កីឡារាំ ដែលបានធ្វើកាហ្វឹកហាត់ ដោយព្យាយាមរហូតឈានដល់ការប្រកួតពានរង្វាន់វេសឡាញ ២០២៥ នេះ ។
យោងតាមរបាយការណ៍របស់លោក ទុំ តុលា គណៈកម្មការប្រកួតកីឡាសិស្សពានរង្វាន់វេសឡាញ ២០២៥ បានឱ្យដឹងថា សម្រាប់ការប្រកួតនេះ កីឡាករមានលំដាប់អាយុចន្លោះពី ៩ឆ្នាំ ដល់១៩ឆ្នាំ ដែលជាសិស្សកំពុងសិក្សាទាំង១១សាខា នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ដោយសរុបចំនួន ២៥៩នាក់ ក្នុងនោះ វិញ្ញាសាប្រកួតឯកត្តជន កីឡាវាយកូនឃ្លីលើតុ ចំនួន ២៧នាក់, វិញ្ញាសាប្រកួតឯកត្តជន កីឡាហែលទឹក ២២នាក់, វិញ្ញាសាប្រកួតតេក្វាន់ដូ ៦៧នាក់ និង វិញ្ញាសាប្រកួតបាល់ទាត់ ចំនួន ១៤៣នាក់ ។
ក្រៅពីកីឡាខាងលើនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប តាមរយៈសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ក៏បានផ្តល់នូវបំណិនថ្មីៗ ដែលមានដូចជា កីឡា របាំ សិល្បៈ គំនូរ និងបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម ។
គួរជំរាបជូនថា ការប្រកួតកីឡាសិស្សពានរង្វាន់ វេសឡាញ ២០២៥ បានចាប់ផ្តើមកាលពីថ្ងៃទី ៣១ ខែឧសភា កន្លងទៅនេះ នៅកីឡដ្ឋាន The Blue Sport Center ដោយមានការចូលរួមអបអរលើកទឹកចិត្តពី គណៈនាយក លោកគ្រូ អ្នកគ្រូសាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ គ្រប់សាខា មាតា បិតានិងអ្នកអាណាព្យាបាល ព្រមទាំងសិស្សានុសិស្ស ជាច្រើនរូប ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ