រាជធានីភ្នំពេញ៖ សាលារៀនវ៉េស្ទឡាញន៍ សាខាឈូកមាសសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើន រៀបចំកម្មវិធីពិព័រណ៍សៀវភៅ ក្រោមប្រធានបទ “អានកាន់តែច្រើន កាន់តែរីកចម្រើនបញ្ញា” និងបើកទូលាយសម្រាប់សាធារណៈជនចូលរួមដោយសេរី រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ កម្មវិធីនេះរៀបចំឡើងគោលបំណងជំរុញកុមារ និងយុវជនមានទម្លាប់ក្នុងការអានសៀវភៅ និងគាំទ្រស្នាដៃតែងនិពន្ធ។ សម្រាប់ទីតាំងសាលារៀន សូមចុច https://n9.cl/vtyp2 ។
បើតាមការរបស់បញ្ជាក់លោក កន សវុណ្ណារ៉ា នាយករងផ្នែកទំនាក់ទំនង សាធារណៈ បញ្ជាក់ថា ពិព័ណ៌សៀវភៅនេះ រៀបចំឡើងដោយការសហការជាមួយ គ្រឹះស្ថានបោះពុម្ពផ្សាយ ក្រុមហ៊ុន Sipar ក្រុមហ៊ុន Mind Book សៀវភៅ១ សហគមន៍១ វិទ្យាស្ថានអភិវឌ្ឍវស័យអប់រំ និងក្រុមហ៊ុន Next Gen ហើយមានសៀវភៅដាក់តាំងបង្ហាញជាង ៣០០០ ក្បាល គ្រប់កម្រិត ដែលផ្តោតលើអប់រំចាប់ពីកុមារតូច រហូតមនុស្សគ្រប់វ័យ និងលក់ក្នុងតម្លៃពិសេសជូនផងដែរ ។ សៀវភៅទាំងនោះ មានបែបប្រលោមលោក សៀវភៅទស្សនវិជ្ជា និងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សហគ្រិនភាព សៀវភៅទាក់ទងនឹងសាសនា និងសិល្បៈជាដើម ដែលមានជាភាសាខ្មែរ និងអង់គ្លេស ។
លោកបានបន្ថែមទៀតថា ការរៀបចំកម្មវិធីពិព័ណ៌សៀវភៅឆ្នាំនេះ ក្រោមប្រធានបទ “អានកាន់តែច្រើន កាន់តែរីកចម្រើនបញ្ញា” ដើម្បីជំរុញ និងលើកទឹកចិត្តដល់កុមារ និងយុវជន ស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន និងបង្កើតទម្លាប់អានសៀវភៅ ចាប់ពីកុមារភាពឡើងទៅ ក៏ដូចជាត្រៀមចាប់យកចំណេះដឹង ជំនាញ និងបំណិនត្រិះរិះពិចារណថ្មីៗបន្ថែមទៀត។ លើសពីនេះ កម្មវិធីនេះនឹងជួយលើកទឹកចិត្ត និងជំរុញការតាក់តែងនិពន្ធសៀវភៅថ្មីៗ ដែលឆ្លើយតបនឹងតថភាពជាក់ស្តែងសង្គម និងផ្តល់នូវពុទ្ធិកាន់តែទូលំទូលាយ ទៅដល់អ្នកអាន ។
សូមជម្រាបថា ក្នុងពិព័ណ៌សៀវភៅនេះ ក៏មានការបញ្ចុះតម្លៃពិសេស សម្រាប់ការជាវសៀវភៅ ល្បែងកម្សាន្តនានា និងចែកកាដូ FREE និងមានឱកាសទទួលបានអាហារូបករណ៍ពិសេស ពីសាលារៀនវ៉េស្ទឡាញន៍ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ