រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ បានឯកភាពគ្នាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាដោយអនុវត្តកម្មវិធីសិក្សាផ្តោតលើឧស្សាហកម្ម ។
ការបង្ហាញនេះធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ដែលដឹកនាំដោយលោកស្រីបណ្ឌិត Martina Habibes អ្នកជំនាញផ្នែកគំនិតផ្តួចផ្តើម VB4-នាំចេញថាមពល, កម្មវិធីអភិវឌ្ឍន៍ទីផ្សារនៃក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុសហព័ន្ធ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ ។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានចែករំលែកព័ត៌មាន និងបង្ហាញពីស្ថានភាពនៃការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីជាពុទ្ធិបន្ថែមសម្រាប់គណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ក្នុងការឈ្វេងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវប្រចាំការបានបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈការជួយគាំទ្រគម្រោងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋ និងយុវជន ដើម្បីជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមចក្ខុវិស័យ និងគោលនយោបាយដ៏វែងឆ្ងាយ ដើម្បីសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ។
ជាមួយគ្នានេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ៖ «យើងចង់ឃើញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់កាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីឈានដល់បង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយរួមគ្នាឱ្យបានឆាប់ៗ ។ កម្មវិធី TVET បើកចំហកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសដៃគូដែលមកពីសហគមអ៊ឺរ៉ុប» ។
ជាការឆ្លើយតប តំណាងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់បានឯកភាព និងបង្ហាញជំហរក្នុងការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។ លើសពីនេះ គណៈប្រតិភូអាល្លឺម៉ង់មានបំណងចង់ពិភាក្សាលម្អិតបន្ថែមទៀតជុំវិញកិច្ចសហប្រតិបត្តិការនេះនាពេលក្រោយទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ