ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ខួប​លើក​ទី ​៧៦ ទិវា​កុមារ​អន្តរជាតិ ១​ មិថុនា ខួប​លើក​ទី​ ២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ​១២​ មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​ ២០២៥

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​ដៃគូ អង្គការ​វិជ្ជាជីវៈ វិស័យ​ឯកជន អាណាព្យាបាល និង​កុមារ​សរុប​ប្រមាណ ៤០០​នាក់…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​ដៃគូ អង្គការ​វិជ្ជាជីវៈ វិស័យ​ឯកជន អាណាព្យាបាល និង​កុមារ​សរុប​ប្រមាណ ៤០០​នាក់ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ពិធី​សំខាន់​ៗ​ចំនួន ៣​ព្រម​គ្នា ដែល​ទី​១ ខួប​លើក​ទី​៧៦ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ក្រោម​ប្រធានបទ «​បញ្ឈប់​អំពើ​ហិ.ង្សា​លើ​កុមារ​គ្រប់​ទម្រង់ គឺជា​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ចីរភាព​» ទី​២ ខួប​លើក​ទី​២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ក្រោម​ប្រធានបទ «​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករនិយោជិត​វ័យក្មេង​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​ធានា​កំណើន​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​» និង​ទី​៣ ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

កម្មវិធី​ដ៏​អធិកអធម​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​, អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO), អង្គការ​ទស្សនៈ​ពិភពលោក (World Vision), តំណាង​អន្តរក្រសួង​ស្ថាប័ន​នៃ​គណៈកម្មការ​ប្រឆាំង​ពលកម្ម​កុមារ​, អង្គការ​វិជ្ជាជីវៈ​, វិស័យ​ឯកជន​, លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​កុមារ​សរុប​ប្រមាណ ៤០០ ​រូប ​។

ថ្លែង​នៅ​ក្នុង​អង្គពិធី លោក​ជំទាវ​ប្រចាំការ បាន​គូសបញ្ជាក់​ថា ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ គឺជា​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បាន​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ និង​អនុសញ្ញា​ស្នូល​ទាំង​ប្រាំបី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សំដៅ​ការពារ​សិទ្ធិ និង​ឧត្តម​ប្រយោជន៍​សម្រាប់​កុមារ លើកកម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករនិយោជិត​វ័យក្មេង និង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ ។

បន្ថែម​ពី​នេះ លោក​ជំទាវ​ប្រចាំការ បាន​បញ្ជាក់​ថា ការ​រៀបចំ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ធ្វើ​ឡើង​នៅ​ក្នុង​គោលបំណង​សំខាន់​ៗ​ចំនួន​បី​រួម​មាន (១) ជំរុញ​ចលនា​សង្គម​ប្រឆាំង​នឹង​ពលកម្ម​កុមារ ដើម្បី​បំផុស​ការ​ចូលរួម​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ តាម​រយៈ​ការ​លើកកម្ពស់​ការ​យល់​ដឹង​ដល់​សាធារណជន​ឱ្យ​កាន់តែ​យល់​ច្បាស់​ពី​បញ្ហា​ពលកម្ម​កុមារ (២) ជំរុញ​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ និង​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​(៣) បង្ហាញ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​ដែល​សម្រេច​បាន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ពលកម្ម​កុមារ និង​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​ប្រចាំការ ក៏​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដី​ពី​ការ​កាត់​បន្ថយ​ពលកម្ម​កុមារ និង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ២០១៦-២០២៥ ជាមួយនឹង​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​។ សម្រាប់​លោក​ជំទាវ សមិទ្ធផល​ទាំងនេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​របស់​គ្រប់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ដែល​មាន​មនសិការ​មុតមាំ​ក្នុង​ការ​ចូលរួម​ជា​ធ្លុង​មួយ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​សិទ្ធិ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ ជា​ពិសេស ការ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​បន្តសកម្មភាព​នានា​ដែល​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឆ្ពោះទៅ​ការ​បញ្ចប់​ពលកម្ម​កុមារ​នៅ​កម្ពុជា ដូច​មាន​ចែង​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សកល​ប្រកបដោយ​ចីរភាព​ ។

សូម​បញ្ជាក់​ថា ក្រៅពី​ការ​ឡើង​ថ្លែង​សុន្ទរកថា​ពី​គណៈអធិបតី ក៏​មានការ​ប្រគល់​បណ្ណ​សរសើរ និង​លិខិត​ថ្លែងអំណរគុណ​នូវ​ចលនា​ប្រឡងប្រណាំង «​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» ទៅ​ដល់​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​ជា​ចលនា​ជាតិ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​មិន​ប្រើប្រាស់​ពលកម្ម​កុមារ​ផង​ដែរ​ ៕ អត្ថបទសហការ