ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ជួប​ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ​យ៉ាង​ផុសផុល និង​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​កម្ពុជា ​ដែល​កំពុង​សិក្សា និង​ស្នាក់​រស់នៅ​ប្រទេស​ជប៉ុន បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដោយ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ​យ៉ាង​ផុសផុល ក្រោយ​ពី​ពួក​គេ​បាន​ជួប​…

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​កម្ពុជា ​ដែល​កំពុង​សិក្សា និង​ស្នាក់​រស់នៅ​ប្រទេស​ជប៉ុន បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដោយ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ​យ៉ាង​ផុសផុល ក្រោយ​ពី​ពួក​គេ​បាន​ជួប​ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​ដែល​សម្ដេចសំណេះសំណាល​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ទីក្រុង​តូ​ក្យូ នា​ថ្ងៃ​ទី ៣១ ខែឧសភា​ឆ្នាំ​២០២៥ ​។

លោក ហែម សេដ្ឋ​ថៃ ជា​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល ​បាន​ថ្លែង​ថា​៖ «​ខ្ញុំបាទ​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​បងប្អូន​សហគមន៍​ខ្មែរ​ រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ ។ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ​។

និស្សិត​រូប​នេះ​បាន​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា​ នៅ​លើ​ទឹកដី​បរទេស ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ប្រទេស​ជាតិ ​តាម​រយៈ​ការ​ណែនាំ​អ្នកជំនួញ​ជប៉ុន ​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​ជា​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ ដ៏​សំបូរ​បែប​ដែល​មានការ​យកចិត្តទុកដាក់ ​ពី​រាជរដ្ឋាភិបាល​ ។

លោក ហ៊ុន សម ជា​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ បាន​និយាយ​ថា ការ​ទន្ទឹងរង់ចាំ​ទទួល​បដិសណ្ឋារកិច្ច​ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត គឺជា​ក្ដី​ប្រាថ្នា​ធំ​របស់​លោក​ជា​យូ​មក​ហើយ ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ខ្ញុំ​សូម​ជូនពរ​សម្ដេច ​ឱ្យ​មាន​សុខភាព​ល្អ រាង​កាយ​មាំមួន និង​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​បន្ដ​ដឹកនាំ​នាវា​កម្ពុជា​ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ពិសេស​សម្រេច​បាន​នៅ​គោលដៅ​របស់​កម្ពុជា ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា ​ឱ្យទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស ​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ​២០៥០» ​។

លើស​ពី​នេះ មាន​ក្រុម​សមាគមនិស្សិត​ខ្មែរ​ ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ ​ហ៊ី​រ៉ី​ស៊ី​ម៉ា បាន​បង្ហាញ​ពី​ក្ដី​រំភើប​រីករាយ​ នៅ​ក្នុង​ឱកាស​ជួប​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ក្នុង​ពិធី​ជួប​សំណេះសំណាល ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ប្រទេស​ជប៉ុន ​។

ពួក​គេ​បាន​លើក​ឡើង​ថា​៖ «​អនុសាសន៍​គន្លឹះ ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា អំពី​សំណាក់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ គឺជា​អ្វី​ដែល​យើងខ្ញុំ​អាច​ទទួល​បានជា​បញ្ញា​បន្ថែម​យ៉ាង​ប្រសើរ​បំផុត ​។ ក្នុង​នោះ យើងខ្ញុំ​ក៏​សូម​អរគុណ​ឯកឧត្ដមប្រធាន ​តំបន់​ហ៊ី​រ៉ូ​ស៊ី​ម៉ា សម្រាប់​ការ​ជួយ​ជ្រែង​យ៉ាង​ខ្លាំង ​ដល់​យើងខ្ញុំ​ជា​និស្សិត​នៅ​ទីនោះ​»​ ។

គួរ​រំឭក​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​និវត្តន៍​មក​ដល់​កម្ពុជា ​ដោយ​សុវត្ថិភាព ក្រោយ​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រកបដោយ​ភាព​មមាញឹក​ ជាមួយ​ផ្លែផ្កា​ជា​ឧត្តម​ប្រយោជន៍​ខ្ពស់ ​សម្រាប់​ជាតិ និង​ប្រជាជន ​។

សម្តេច​មហា​បវរ​ធិ​បតី បាន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ដោយ​ផ្តើម​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ ។

នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ក្រោយ​បញ្ចប់​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បន្ត​ដឹកនាំ​គណៈប្រតិភូ​ ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​សន្និសីទ​អន្តរជាតិ​ លើក​ទី​៣០ ស្តី​ពី «​អនាគត​របស់​អាស៊ី​ ក្នុង​ពេល​ដែល​ពិភពលោក ​ប្រឈម​បញ្ហា​ច្របូកច្របល់​» ៕ អត្ថបទសហការ