រាជធានីភ្នំពេញ ៖ សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិត ៧ម៉ឺននាក់ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ (ICJ) ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនមួយនេះ ។
ក្រោយការប្រកាសពីជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ភ្លាម លោក សំ សឿន ជាប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ ។
លោក សំ សឿន បានលើកឡើងថា ៖ “សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់” ។
សម្រាប់សហជីពរូបនេះ ការដាក់ចេញនូវចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ គឺជាចំណាត់ការដែលប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយគិតបានវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ ។
ជាមួយគ្នានេះដែរ លោក សំ សឿន ក៏សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបឱ្យរក្សាភាពស្ងៀមស្ងាត់និង បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតីជាតិ បូរណភាពទឹកដី ដោយមិនត្រូវរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមតាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិ.ង្សា ដោយយើងត្រូវការពារទឹកដីរបស់យើងដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់សហជីពដូច្នេះ គឺក្រោយពេលដែលសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ ICJ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ