ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បីសុវត្ថិភាព និង​សុខភាព​ការងារ ក្រោមប្រធានបទ «​ឥទ្ធិពល​នៃ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម និង​បញ្ញា​សិប្បនិម្មិត (AI) លើ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​» នៅ​ខេត្ត​ព្រះ​សីហ​នុ

1 ថ្ងៃ មុន

ខេត្តព្រះ​សីហ​នុ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី ​៥ ខែឧសភា ឆ្នាំ ​២០២៥ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព…

ខេត្តព្រះ​សីហ​នុ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី ​៥ ខែឧសភា ឆ្នាំ ​២០២៥ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ ក្រោម​ប្រធានបទ «​ឥទ្ធិពល​នៃ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម និង​បញ្ញា​សិប្បនិម្មិត (AI) លើ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​» នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ។

ពិធី​អបអរសាទរ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ ប្រារព្ធ​ឡើង​ក្រោម​សហ​អធិបតីភាព​របស់​ឯកឧត្តម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មន្ត្រី​សម្របសម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) មន្ត្រី​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​សហជីព និង​កម្មករនិយោជិត សរុប ១,៤០៤​នាក់ ​។

ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម​រដ្ឋលេខាធិការ ងុ​យ រិ​ទ្ធ បាន​គូសបញ្ជាក់​ពី​គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​បង្កើន​ការ​យល់​ដឹង​អំពី​សារសំខាន់​នៃ​លក្ខខណ្ឌ​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ជូន​ដល់​បងប្អូន​កម្មករនិយោជិត និង​និយោជក ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា សំដៅ​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ ក៏​ដូច​ជា​ជំរុញ​ផលិតភាព​ការងារ​ ។

ឯកឧត្តម ងុ​យ រិ​ទ្ធ​ថា ​៖ «​យើង​មាន​ភាព​ចាំបាច់​ត្រូវ​តែ​មាន​ស្មារតី​បុ​រេ​សកម្ម ក្នុង​ការ​សិក្សា​ស្រាវជ្រាវ និង​ដាក់​ចេញ​នូវ​គោលនយោបាយ ដើម្បី​បង្ការ​ហានិភ័យ​ថ្មី​ៗ​ចំពោះ​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​អាច​កើត​ចេញពី​ទំនាក់ទំនង​រវាង​កម្មករនិយោជិត​និង​មនុស្ស​យន្ត និង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI)» ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ត​ថា ឆ្លើយ​តប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​បរិបទ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម និង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI), កម្ពុជា​បាន​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​ការ​ចាប់​យក​និង​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា ក៏​ដូច​ជា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​បង្កើន​ផលិតភាព​និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កសាង​សង្គម​ស៊ី​វី​ល័យ ដែល​ពលរដ្ឋ​ឌី​ជី​ថ​លអាច​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការ​ប្រើប្រាស់​សេវា​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន ភាព​ជឿ​ទុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ​។

គួរ​រំឭក​ដែរ​ថា កម្ពុជា​បាន​រៀបចំ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ ជា​លើក​ដំបូង នៅ​ឆ្នាំ​២០០៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ​។ សម្រាប់​ឆ្នាំ​ ២០២៥​នេះ គឺជា​ខួប​លើក​ទី ​២០ នៃ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​ ៕ អត្ថបទសហការ