ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ចុង​ខែមេសា​ ២០២៥ ​រោងចក្រ​សហគ្រាស​ កើន​ដល់​ជាង ​៤ ​ម៉ឺន ​៥ ​ពាន់ ​ខណៈ​ឱកាសការងារ​មាន​រាប់​ម៉ឺន​កន្លែង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ​គិត​ត្រឹម​ចុង​ខែមេសា ឆ្នាំ ២០២៥ ​នេះ ចំនួន​រោងចក្រ សហគ្រាស​នៅ​កម្ពុជា ​បាន​កើន​ដល់​ ៤៥…

រាជធានី​ភ្នំពេញ ៖ ​គិត​ត្រឹម​ចុង​ខែមេសា ឆ្នាំ ២០២៥ ​នេះ ចំនួន​រោងចក្រ សហគ្រាស​នៅ​កម្ពុជា ​បាន​កើន​ដល់​ ៤៥ ៣៧៣ សហគ្រាស ដែល​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​កន្លែង ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី ​២ ខែឧសភា​នេះ​ ។

ឯកឧត្តម​បញ្ជាក់​ថា ​៖ «​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​យើង​គិត​ត្រឹម​ថ្ងៃ​ទី ​២៥ ខែមេសា​នេះ បាន​កើនឡើង​ពី​ចំនួន ៤៤ ៧៩៨ សហគ្រាស​ក្នុង​ឆ្នាំ ​២០២៤ ដល់​ចំនួន ៤៥ ៣៧៣ សហគ្រាស មាន​ន័យ​ថា​រោងចក្រ​សហគ្រាស​យើង​មានការ​កើនឡើង​ចំនួន ​៥៧៥ ​សហគ្រាស​»​ ។

ទន្ទឹម​នឹង​ការ​កើនឡើង​ចំនួន​រោងចក្រ​សហគ្រាស​នេះ​បាន​ផ្តល់​ឱកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៦​ម៉ឺន​នាក់​មានការ​ងារ​ធ្វើ​ ។ មិន​តែ​ប៉ុ​ណ្នោះ ក្នុង​នាម​ជា​សេនាធិការ​រាជរដ្ឋាភិបាល ក្រសួង​ការងារ តែងតែ​យកចិត្តទុកដាក់ ផ្តល់​តម្លៃ លើកកម្ពស់​សិទ្ធិ​សេរីភាព និង​អត្ថប្រយោជន៍​ផ្សេង​ៗ ទាំង​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ និង​បុគ្គល​ស្វ័​យ​និ​យោជន៍ ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​នូវ​ឱកាស​ស្មើ​ៗ​គ្នា ការងារ​សមរម្យ លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មើលឃើញ​ថា កំណើន​រោច​ក្រ​សហគ្រាស​ជាង​៥០០​ សហគ្រាស ដែល​បាន​ដំណើរការ​បន្ថែម​ទៀត​នៅ​កម្ពុជា​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ការងារ​នៅ​កម្ពុជា​ ។ ទន្ទឹម​នេះ ក៏​បង្ហាញ​ថា អ្នក​វិនិយោគ​ទុកចិត្ត​លើ​កត្តា​សុខ​សន្តិភាព​ពេញលេញ និង​បរិយាកាស​វិនិយោគ​មាន​អំណោយផល​ល្អ​ ។ លោក​ថ្លែង​ថា​ ៖ «​ប្រទេស​កម្ពុជា ​អនុវត្ត​បាន​យ៉ាង​ត្រឹមត្រូវ​ចំពោះ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ បទដ្ឋាន​ការងារ​អន្តរជាតិ​នានា​ដែល​អង្គការ​អន្តរជាតិ​ខាង​ការងារ​គាត់​តម្រូវ​ទៅ​ដល់​ប្រទេស​ដែល​ជា​សមាជិក​ត្រូវ​តែ​អនុវត្ត ហើយ​កម្ពុជា​បាន​អនុវត្ត​បាន​យ៉ាង​ល្អ​ប្រសើរ​ទើប​មានការ​ទាក់ទាញ​អ្នក​វិនិយោគ​ជា​ពិសេស​ម្ចាស់​ម៉ាក​ល្បី​ៗ»​ ។

ទន្ទឹម​នេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​សាទរ​ចំពោះ​កំណើន​យ៉ាង​សម្បើម​នូវ​ចំនួន​រោងចក្រ​សហគ្រាស​នៅ​ដើមឆ្នាំ ​២០២៥​ នេះ ដែល​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ទុកចិត្ត​ពី​អ្នក​វិនិយោគ​ទាំងអស់ ​។ ហើយ​អ្វី​ដែល​ជា​ទំនុកចិត្ត​អ្នក​វិនិយោគ​គឺ​ការ​ជឿជាក់​លើ​កត្តា​សុខ​សន្តិភាព​ស្ថេ​រ​ភាព​នៅ​កម្ពុជា ​។ លោក​ថ្លែង​ថា ​៖ «​នេះ​ជា​អ្វី​ដែល​យើង​បានឃើញ​អំពី​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​សុខ​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព​នយោបាយ​ល្អ ទើប​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​មិន​ថា​ជនជាតិ​ចិន ជប៉ុន កូរ៉េ អឺរ៉ុប អី​ផ្សេង​ៗ​គឺ បាន​កំពុង​យក​កម្ពុជា ធ្វើ​ជា​គោលដៅ​មួយ​ក្នុង​ការ​ជំរុញ​ការ​ផលិត​ការ​នាំ​ចេញ​ផ្សេង ទាក់ទង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដំឡើង​គ្រឿង​បង្គំ គ្រឿង​រថយន្ត​ផ្សេង​» ​។

ពិត​ណាស់ រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​អាណត្តិ​មុន ក៏​ដូច​ជា​អាណត្តិ​ថ្មី​នេះ តែង​ធ្វើការ​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី​ៗ ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ ។ ទន្ទឹម​នេះ រដ្ឋាភិបាល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត លើកកម្ពស់​លក្ខខណ្ឌ​ការងារ ដំឡើង​ប្រាក់​ឈ្នួល និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន ​៕ អត្ថបទសហការ