ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត តំណាង​សហគ្រាស គ្រឹះស្ថាន នៅតំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ខេត្តស្វាយរៀង ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​នៃទំនាក់ទំនង​វិជ្ជាជីវៈ និង​លើកកម្ពស់​ផលិតភាពការងារ

2 ថ្ងៃ មុន

ខេត្តស្វាយ​រៀង​ ៖ កម្មករនិយោជិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន (Manhatan) ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​បង្ហាញ​ការ​សប្បាយចិត្ត​បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ពិធី​  “​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​…

ខេត្តស្វាយ​រៀង​ ៖ កម្មករនិយោជិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន (Manhatan) ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​បង្ហាញ​ការ​សប្បាយចិត្ត​បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ពិធី​  “​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​” និង​បាន​ជួប​ផ្ទាល់​ជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​ ។ ទន្ទឹម​នេះ តំណាង​សហគ្រាស គ្រឹះស្ថាន ដែល​ទទួល​បាន​ប័ណ្ណសរសើរ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀ.ន ពី​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​នេះ ក៏​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​កាន់តែ​ខ្លាំង​ទៀត ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លើកកម្ពស់​ផលិតភាព​ការងារ ជា​ពិសេស​ជា​ប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិត និង​និយោជក​ ។

លោកស្រី គោ​យ ស៊ី​នឿ​ន ជា​កម្មការិនី​នៃ​រោងចក្រ រ៉ុ​ង​ដា​សេង អ៊ី​ន​ដាស​ស្ត្រៀ​ល ឯ​.​ក នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ខេត្តស្វាយរៀង សូម​អរគុណ​រាជរដ្ឋាភិបាល អរគុណ​ក្រសួង​ការងារ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត មិន​ត្រឹមតែ​ការ​ធ្វើ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស​ប៉ុណ្ណោះ​ទេ តែ​រាជរដ្ឋាភិបាល​ក៏​គិតគូរ​ជា​ខ្លាំង​លើ​ប្រព័ន្ធ​គាំពារ​សង្គម និង​ជីវភាព​រស់នៅ ផ្ដល់​អត្ថប្រយោជន៍ ពិសេស​គឺ​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​បងប្អូន​កម្មករនិយោជិត ផង​ដែរ​ ។

ក្នុង​ឱកាស​ចូលរួម​ពិធី “​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​” នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ប្រគល់​ប័ណ្ណសរសើរ​ជូន​សហគ្រាស គ្រឹះស្ថាន​ចំនួន​ ៧ ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀ.ន​នៅ​កន្លែងធ្វើការ ប្រចាំឆ្នាំ ​២០២៤ ផង​ដែរ​ ។ ក្នុង​នោះ លោកស្រី ភោគ ផា​រិ​ទ្ធ ជា​តំណាង​ក្រុមហ៊ុន ស័ង លី ( ខេ​ម​បូ​ឌា ) ហ្គា​ម៉ិ​ន ខូ​អិ​ល​ធី​ឌី ដែល​ទទួល​បាន​ប័ណ្ណសរសើរ​នេះ បាន​លើក​ឡើង​ថា​ ​នេះ​ជា​សមិទ្ធផល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ចូលរួម​បង្ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ និង​គ្រឿងញៀ.ន​នៅ​កន្លែងធ្វើការ សហគ្រាស គ្រឹះស្ថាន​។ លោកស្រី​លើក​ឡើង​ថា ការ​បង្ការ​ទប់ស្កាត់​នេះ សំដៅ​ធ្វើ​ឱ្យ​មាន​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​ផលិតភាព​ការងារ ជា​ពិសេស​ជា​ប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិត និង​និយោជក​ ។

គួរ​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​ ២៩ ខែមេសា ឆ្នាំ​ ២០២៥ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន (Manhattan) ខេត្តស្វាយរៀង បាន​រៀបចំ​ពិធី “​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​” ក្រោម​ប្រធានបទ “​រួម​គ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកបដោយ​ចីរភាព​និង​ភាព​ធន់​” និង​ពិធី​ប្រគល់​ប័ណ្ណសរសើរ​ជូន​សហគ្រាស គ្រឹះស្ថាន​ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀ.ន​នៅ​កន្លែងធ្វើការ ប្រចាំឆ្នាំ​ ២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​, ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​, អភិបាល និង​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​, សាលាដំបូង​ខេត្ត​, អាជ្ញាធរ​ក្រុង​បា​វិត​, មន្ត្រីរាជការ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, នគរបាល​តំបន់​ប្រតិបត្តិការ​សឹក​រង​, កងរាជអាវុធហត្ថ​ខេត្ត​, ថ្នាក់ដឹកនាំ​សហជីព​, សមាគម​និយោជក និង​បងប្អូន​កម្មករនិយោជិត សរុប​ប្រមាណ ២​ពាន់​នាក់ ​៕ អត្ថបទសហការ