ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ» ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់» និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀ.ននៅកន្លែងធ្វើការប្រចាំឆ្នាំ ២០២៤ ។
ថ្លែងនៅក្នុងពិធីដែលត្រូវបានប្រារព្ធធ្វើរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង ជាមួយបងប្អូនកម្មករនិយោជិត អ្នកចូលរួមប្រមាណ ២ពាន់នាក់ នាពេលនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះ ពិតជាបានឆ្លុះបញ្ចាំងនូវចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស ។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ នាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ។
ទន្ទឹមនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងតែយកចិត្តទុកដាក់ឱ្យតម្លៃខ្ពស់ និងធានានូវការលើកកម្ពស់សិទ្ធិសេរីភាព អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់ពេលវេលា ខណៈដែលបងប្អូនកម្មករនិយោជិតក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍រាប់លាននាក់សុទ្ធតែជាបុគ្គលសំខាន់ ដែលក្រសួងត្រូវធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានប្រព័ន្ធសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈល្អ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានចំនួន៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀ.ននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៤ ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ