
ជាង ៣០ ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនកម្ពុជា ធនាគារ ហត្ថា បានសម្ពោធជាផ្លូវការការិយាល័យកណ្តាលថ្មី ស្ថិតក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៥ ៖ ធនាគារ ហត្ថា ម.ក…
រាជធានីភ្នំពេញ, ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៥ ៖ ធនាគារ ហត្ថា ម.ក…
រាជធានីភ្នំពេញ, ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៥ ៖ ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PCL) ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Global Financial Group) មានវត្តមានក្នុងទីផ្សារហិរញ្ញវត្ថុ នៃប្រទេសកម្ពុជាជាង ៣០ឆ្នាំមកហើយ ហើយនេះក៏ជាពេលវេលាដែលមានមោទនភាពក្នុងការប្រកាសពីការអបអរសាទរពិធីសម្ពោធជាផ្លូវការ ការិយាល័យកណ្តាល ធនាគារ ហត្ថា ម.ក ដែលមាន ទីតាំងក្នុងទីក្រុងភ្នំពេញ។ ពិធីបើកជាផ្លូវការនេះ គឺក្រោមអធិបតីភាពរបស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហត្ថា និងធនាគារ ក្រុងស្រ៊ី ។
ពិធីសម្ភោធជាផ្លូវការ ការិយាល័យកណ្តាល ធនាគារ ហត្ថា នៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលមានតម្លៃដ៏វិសេសវិសាលពីការតាំងចិត្តដ៏មុតមាំ របស់ធនាគារ ហត្ថា និងទំនុកចិត្ត ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអតិថិជន និងភាគទុនិក ព្រមទាំងសាធារណៈជនទាំងអស់របស់ធនាគារ ហត្ថា សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងរក្សាជំហរដ៏រឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ។ សមិទ្ធផលនេះ កើតឡើងដោយសារការគាំទ្រយ៉ាងខ្លាំង និងការជឿទុកចិត្តពីអតិថិជន ក៏ដូចជាការសហការយ៉ាងពេញទំហឹង ពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសធនាគារជាតិនៃកម្ពុជា និងការប្តេជ្ញាចិត្តរួមពីភាគទុនិក និង វិនិយោគិនផងដែរ ។ ជាមួយនឹងអាគារការិយាល័យកណ្តាលថ្មីនេះ ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំថា អតិថិជន និងភាគទុនិក នឹងទទួលបានបទពិសោធន៍ថ្មីក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុបែបទំនើប និងប្រកបដោយបច្ចេកវិទ្យា សុវត្ថិភាព មានភាពងាយស្រួល និងសំបូរបែបឥតខ្ចោះ ។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ហត្ថា បានមានប្រសាសន៍ថា “ពិធីសម្ពោធជាផ្លូវការ ការិយាល័យកណ្តាលថ្មីដ៏លេចធ្លោនេះ គឺជាសក្ខីភាព ចំពោះចក្ខុវិស័យដ៏យូរអង្វែងរបស់ ធនាគារនៅក្នុងទីផ្សារហិរញ្ញវត្ថុប្រទេសកម្ពុជា ។ វាមិនមែនត្រឹមតែជាអគារការិយាល័យកណ្តាលថ្មីធ្វើការប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្ដល់ជូនអតិថិជននូវសេវាកម្មប្រកបដោយបទដ្ឋានខ្ពស់បំផុត ការបង្កើត និងផ្ដល់នូវបរិយាកាសការងារដ៏ប្រសើរសម្រាប់បុគ្គលិករបស់ខ្លួន បន្ថែមពីលើការរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារកម្ពុជា ។ លោកបានបន្ថែមថា៖ “យើងជឿជាក់ថា ជាមួយនឹងការិយាល័យកណ្ដាលថ្មីនេះ ធនាគារ ហត្ថា នឹងសម្រេចបាននូវសមិទ្ធផលកាន់តែអស្ចារ្យមួយកម្រិតទៀត និងបង្កើតនូវគុណតម្លៃយូអង្វែងសម្រាប់អតិថិជន បុគ្គលិក ព្រមទាំងភាគទុនិករបស់ខ្លួនផងដែរ ។”
លោក Kenichi Yamato, ប្រធាននាយកប្រតិបត្តិនៃធនាគារ ក្រុងស្រ៊ី បានមានប្រសាសន៍ថា “អបអរសាទរចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃធនាគារ ហត្ថា ចំពោះសមិទ្ធផលដែលបានសម្រេចយ៉ាងត្រចះត្រចង់នៅថ្ងៃនេះ ។” លើសពីនេះលោកបានលើកឡើងថា “តាំងពីឆ្នាំ ២០១៦ បន្ទាប់ពីធនាគារ ហត្ថា បានក្លាយទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារ ក្រុងស្រ៊ី យើងបានឃើញថាធនាគារ ហត្ថា ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រពង្រីកការវិនិយោគក្នុងតំបន់អាស៊ានរបស់យើង ។” លោកបានបន្ថែមថា “ធនាគារ ហត្ថា បានឈរនៅចំណុចកណ្ដាលនៃចក្ខុវិស័យមួយនេះ ។ យើងនឹងបន្តជួយជ្រោមជ្រែងមកកាន់ធនាគារ ហត្ថា មិនត្រឹមតែជាដើមទុនវិនិយោគ និងមូលនិធិនោះទេ ប៉ុន្តែយើងបានចែករំលែកជំនាញបច្ចេកទេស ពង្រឹងផ្នែកអភិបាលកិច្ច ការគ្រប់គ្រង ។”
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថានៅក្នុងកម្មវិធីសម្ពោធអគារការិយាល័យរបស់ធនាគារ ហត្ថា ថា “ខ្ញុំសូមចូលរួមអបអរសាទរ ភាគទុនិក ក្រុមប្រឹកក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា ម.ក ចំពោះសមិទ្ធផលដែលបានសម្រេចជាបន្តបន្តាប់ជាពិសេស ការផ្លាស់ប្តូរទីតាំងស្នាក់ការកណ្ដាលមកទីតាំងថ្មី នៅអគារធនាគារ ហត្ថា ថៅវើ នាពេលនេះ ។” ឯ.ឧ បានបន្តទៀតថា ៖ “ពិធីសម្ពោធទីស្នាក់ការកណ្តាល ធនាគារ ហត្ថា ម.ក នាពេលនេះ ជាសក្ខីភាពមួយបង្ហាញពីជំនឿទុកចិត្តរបស់អតិថិជន និង វិនិយោគិនបរទេស មកលើវិស័យធនាគារនៅកម្ពុជា ។ ទន្ទឹមនេះ ទីស្នាក់ការកណ្តាលថ្មីនេះ ជាការបង្ហាញនូវវឌ្ឍនភាព ការច្នៃប្រឌិត និងឧត្តមភាពនៃការផ្ដល់សេវាកម្មធនាគារជូនអតិថិជនប្រកបដោយបរិយាបន្ន ភាពងាយស្រួល ព្រមទាំងភាពទំនើបស៊ីវិល័យ ។”
ពិធីបើកសម្ពោធការិយាល័យកណ្តាលរបស់ធនាគារ ហត្ថា នៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញដ៏ច្បាស់លាស់នៃការប្តេជ្ញាចិត្តដ៏មុតមាំ និងផ្ដល់ជូននៅសេវាប្រតិបតិការ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនមេធនាគារ ក្រុងស្រ៊ី ការសហការយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធ ការជឿជាក់ពីអតិថិជន និងភាគទុនិក និង វិនិយោគិនផងដែរ។ ធនាគារ ហត្ថា មានបំណងមុតមាំក្នុងការផ្ដល់សេវាហិរញ្ញវត្ថុទំនើប និងមានភាពច្នៃប្រឌិត ដើម្បីជំរុញការរីកចម្រើនរបស់អាជីវកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
អំពី ធនាគារ ហត្ថា ៖
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៧ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា ។
អំពី ធនាគារ ក្រុងស្រ៊ី ៖
ធនាគារ ក្រុងស្រ៊ី (ធនាគារ អាយុធ្យា ម.ក និង សាជីវកម្មរបស់ខ្លួន) គឺជាសម្ព័ន្ធហិរញ្ញវត្ថុ ធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំមួយ ដែលបានធ្វើប្រតិបត្តិការ អាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៨០ ឆ្នាំ មកហើយ ។ ធនាគារក្រុងស្រ៊ី គឺជា សមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន ក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក ។
ធនាគារក្រុងស្រ៊ី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាសហគ្រាសខ្នាតតូច និងមធ្យម និងជាសាជីវកម្មធំៗ តាមរយៈបណ្តាញការិយាល័យសាខាក្នុងស្រុកចំនួន ៥៦៧ ទីតាំង (ការិយាល័យសាខាចំនួន ៥២៧ ទីតាំង និងការិយាល័យស្វ័យធនាគារចំនួន ៤០ ទីតាំង) និង តំណាងចែកចាយចំនួន ៣២.៥៦៦ ទីតាំង នៅទូទាំងប្រទេស ។ ធនាគារ ក្រុងស្រ៊ី គឺជាស្ថាប័នដែលបានចេញប័ណ្ណច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រថៃ ក្នុងនោះរួមមានប័ណ្ណឥណទានចំនួន ១០ លានប័ណ្ណ ការចេញប័ណ្ណសម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ និងសេវាឥណទានផ្ទាល់ខ្លួន គឺជាក្រុមហ៊ុនផ្តល់សេវាឥណទានបង់រំលស់យានយន្ត (ក្រុងស្រ៊ីអូតូ) គឺជាក្រុមហ៊ុនមួយក្នុងចំណោមគ្រប់គ្រងទ្រព្យសកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត និងជាក្រុមហ៊ុនដំបូងគេដែលបានផ្តល់ជូន សេវាមីក្រូហិរញ្ញវត្ថុតាមរយៈក្រុមហ៊ុន Ngern Tid Lor ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖ https://www.krungsri.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ