រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនSកម្ពុជា អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេស បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រើប្រាស់ប្រាក់រៀល ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងនៅក្នុងប្រតិបត្តិ- ការផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលទាំងអស់គ្នា ឱ្យកាន់តែទូលាយ ។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តតាកែវ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥ នេះថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ។ ជាលទ្ធផល និន្នាការនៃការប្រើប្រាស់ប្រាក់រៀលក៏មានការកើនឡើងជាលំដាប់ ។
ឯកឧត្តម បន្តថា ក្នុងស្មារតីរួមគ្នាលើកកម្ពស់ប្រាក់រៀល ថ្មីៗនេះ, ធនាគារជាតិនៃកម្ពុជា បាននិងកំពុងសិក្សាស្រាវជ្រាវជាមួយ រដ្ឋសភាកម្ពុជា ស្តីពីតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ប្រាក់រៀល។ លទ្ធផលបឋមបានបង្ហាញថា ការប្រើប្រាស់ប្រាក់ ដុល្លារអាមេរិក នឹងមិនងាយថយចុះនោះទេ ប្រសិនបើមិនមានការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានស្រុះគ្នា ពីគ្រប់ភាគីទាំង អស់ ពីព្រោះប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងច្រើន នៅស្ទើរគ្រប់វិស័យទាំងអស់ ដែលបានបង្កើតជាបណ្តាញនៃការប្រើ ប្រាស់ប្រាក់ដុល្លារយ៉ាងរឹងមាំ។ ដូច្នេះការចូលរួមនិងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័នទាំងអស់ មានភាពចាំបាច់ ក្នុងការជំរុញ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវា ការជំរុញ ការប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណចម្បង នៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងការតាមដានវឌ្ឍនភាព នៃការប្រើប្រាស់ប្រាក់រៀល នៅតាមវិស័យនីមួយៗជាដើម ។
នៅក្នុងឱកាសនោះ, ឯកឧត្តម យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការ ទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម សម្រាប់អ្នកប្រើប្រាស់ ប្រាក់រៀល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ