ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ និង​ឯកអគ្គរដ្ឋទូត​ទី​ម័​រខាងកើត បង្ហាញ​ពី​គោលបំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ TVET

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ឱកាស​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អ៉ឺ​មេ​ណេ​ហ្ស៉ី​ល​ដូ គុ​ប៉ា ឡូ​ប៉េ​ស ​(Ermenegildo Krupa Lopes)…

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ឱកាស​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អ៉ឺ​មេ​ណេ​ហ្ស៉ី​ល​ដូ គុ​ប៉ា ឡូ​ប៉េ​ស ​(Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ប្រចាំ​នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​ ១៨ ខែមីនា ឆ្នាំ ​២០២៥ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ការ​ស្វាគមន៍​និង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ទី​ម័​រ​ខាងកើត លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ (TVET) ដោយ​ក្នុង​ន័យ​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញ​ការ​ស្វាគមន៍​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​កម្រិត​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​រួម​គ្នា រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ជាមួយ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ (TVET) របស់​កម្ពុជា ​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​កម្ពុជា និង​ទី​ម័​រ​ខាងកើត មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​រយៈពេល ​២៣ ​ឆ្នាំ​មក​ហើយ ដូចនេះ​ឯកឧត្តម​រដ្ឋមន្ត្រី ជឿជាក់​ថា​តាម​រយៈ​បេសកកម្ម​ការទូត​របស់​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​ប្រចាំ​នៅ​កម្ពុជា នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម Ermenegildo Krupa Lopes បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែង​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ជា​ពិសេស​ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​ចក្ខុវិស័យ​ច្បាស់លាស់ ប្រជាជន​រស់នៅ​ក្នុង​សន្តិភាព​។ ទន្ទឹម​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទី​ម័​រ​ខាងកើត និង​ប្រទេស​កម្ពុជា ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​កម្លាំង​ពលកម្ម​ជំនាញ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​នឹង​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​រួម​គ្នា ផង​ដែរ​ ៕ អត្ថបទសហការ