លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារជាតិកាណាដា ដែលជាក្រុមហ៊ុនមេរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ធនាគារ ABA) ដឹកនាំដោយលោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិធនាគារជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ ។
ក្នុងជំនួបនេះ លោក Laurent បានលើកឡើងពីការពេញចិត្តចំពោះដំណើរការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជា នាពេលកន្លងមក និងបានបញ្ជាក់ពីការតាំងចិត្តរបស់ធនាគារជាតិកាណាដា ក្នុងការពង្រីកការវិនិយោគ នៅកម្ពុជាថែមទៀតជាមួយនឹងទំនុកចិត្តខ្ពស់លើស្ថិរភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគារនៅកម្ពុជា ។
ក្រៅពីនេះ លោកក៏បានបញ្ជាក់ពីអាទិភាពរបស់ធនាគារ ABA ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការពង្រឹងសុវត្ថិភាពសន្តិសុខសាយប័រ ព្រមទាំងការគាំទ្រដល់ការវិនិយោគលើថាមពលកកើតឡើងវិញផងដែរ ។
លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគនៅកម្ពុជា និងបានចែករំលែកពីទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាព្រមទាំងរំលេចឡើងពីលទ្ធផលនៃការធ្វើសង្កេតទំនុកចិត្តធុរកិច្ចដែលបញ្ជាក់ពីភាពប្រសើរឡើងនៃទំនុកចិត្តរបស់ធុរជនមកលើបរិយាកាសវិនិយោគនៅកម្ពុជា ។
បន្ថែមលើនេះ លោកជំទាវ ក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃការធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់អន្តរធនាគារប្រកបដោយភាពរលូន និងបានស្នើឱ្យមានកិច្ចសហការក្នុងចំណោមគ្រឹះស្ថានធនាគារ ដើម្បីបង្កើតជាមណ្ឌលទំនាក់ទំនងព័ត៌មានសម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ឬស្នើសុំដំណោះស្រាយនានាផងដែរ ៕ សហការ
ចែករំលែកព័តមាននេះ