ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ ​បណ្ឌិត ជា សិរី ​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រួម​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ទេសាភិបាល​ធនាគារកណ្តាល អាស៊ាន​+៣ នៅ​ប្រទេស​អុីតា​លី​

7 ខែ មុន

ប្រទេសអ៉ីតាលី ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣…

ប្រទេសអ៉ីតាលី ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៉ីតាលី ។ ក្រោម​ការ​ដឹកនាំ​របស់​សហ​ប្រធាន​ប្តូរ​វេន​ចិន និង​ម៉ា​ឡេ​ស៊ី អង្គប្រជុំ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​+៣ និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​ប្រធាន​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO) ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គ​លេខា​រង​អាស៊ាន និង នាយករង​គ្រប់គ្រង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ផង​ដែរ​ ។

សេដ្ឋកិច្ច​តំបន់​អាស៊ាន​+៣ ក្នុង​ឆ្នាំ​ ២០២៥ នេះ បាន​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ខ្ពស់ ដែល​ជា​ចម្បង​បណ្តាល​មក​ពី​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ពាណិជ្ជកម្ម​ ។ ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ទាំងនេះ អង្គប្រជុំ​បាន​បង្ហាញ​ជំហរ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់ ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ ។

អង្គប្រជុំ​បាន​ឯកភាព​លើកកម្ពស់​ការ​អនុវត្ត​យន្តការ​ពហុភាគី និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែក​លើ​ច្បាប់ បើកចំហ បរិ​យា​បន្ន តម្លាភាព និង​សមភាព ​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​+៣ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នា​ពេល​កន្លង​មក និង​បាន​ដាក់​ចេញ​ទិស​ដៅ​អាទិភាព​សំខាន់​ៗ ដើម្បី​ជួយ​គាំទ្រ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​តំបន់ ជា​ពិសេស​ទៅ​លើ ​៖ i/-​ការ​បន្ត​ពង្រឹង​យន្តការ CMIM ដែល​ជា​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​តំបន់ ii/-​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អង្គភាព AMRO ក្នុង​ការ​តាមដាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តំបន់​អាស៊ាន​+៣ iii/-​ការ​ជំរុញ​ការ​ចេញផ្សាយ​សញ្ញា​បណ្ណ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​តំបន់ iv/-​ការ​ពង្រឹង​ការ​ធានា​រ៉ាប់រង​លើ​គ្រោះ​មហន្តរាយ​ធម្មជាតិ តាម​រយៈ​ការ​កសាង​សមត្ថភាព និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ធានា​រ៉ាប់រង និង v/-​ការ​ដាក់​ចេញ​នូវ​កម្មវិធី​ប្រឹក្សា​គោលនយោបាយ ដោយ​ភ្ជាប់​ជាមួយ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ជាដើម​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ទេសាភិបាល ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Kenji Okamura នាយករង​គ្រប់គ្រង IMF ដើម្បី​ផ្លាស់​ប្តូរ​យោបល់​លើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក តំបន់ និង​កម្ពុជា​ ។ លោក​ជំទាវ ក៏​បាន​ជម្រាប​ជូន​ពី​បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា ទស្សនវិស័យ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​កំណើន និង​ការ​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម Kenji Okamura បាន​បញ្ជាក់​ពី​កិច្ច​គាំទ្រ​របស់ IMF ចំពោះ​កម្ពុជា និង​ជម្រាប​ជូន​ពី​ការ​ពង្រឹង​តួនាទី​របស់ IMF ក្នុង​ការ​ជួយ​ប្រទេស​ជា​សមាជិក ដើម្បី​ពង្រឹង​ភាព​ធន​នៃ​សេដ្ឋកិច្ច​ ៕ អត្ថបទសហការ