
រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យប្រសិទ្ធភាពការបម្រើសេវា ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវា ប.ស.ស. និងសេវាមូលនិធិសមធម៌សុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង ។
ការអញ្ជើញចុះផ្ទាល់នៅមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ក្នុងគោលបំណងពិនិត្យមើលដំណើរការ និងស្ថានភាពនៃការបម្រើសេវា ការទទួលសេវារបស់បងប្អូនប្រជាពលរដ្ឋ និងការបម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេសការបម្រើសេវាផ្នែក ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលមានការកើនឡើងជាបន្តបន្ទាប់។ កំណើននៃការមកទទួលសេវាសុខាភិបាលដូចនេះ បានបង្ហាញពីការជឿទុកចិត្ត និងការរីកចម្រើនលើសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ។
ទន្ទឹមនឹងការរីកចម្រើននិងជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងមន្ត្រី ប.ស.ស. ដែលសហការគ្នាបានយ៉ាងល្អក្នុងការផ្តល់សេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រី ប.ស.ស. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដោយស្របតាមការអនុវត្តនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្ត្រីសុខាភិបាល ក្នុងគោលបំណងធ្វើយ៉ាងណាពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការរើសអើង ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជាអនុសាសន៍គន្លឹះ ក្នុងការរៀបចំឱ្យមានភាពល្អប្រសើរបន្ថែមទៀត ដោយក្រុមការងារប្រចាំការនៅក្នុងមន្ទីរពេទ្យត្រូវចុះពិនិត្យនិងជួយសម្រួលដល់អ្នករង់ចាំទទួលសេវាសុខាភិបាល ធ្វើយ៉ាងណាបន្តរក្សាប្រសិទ្ធភាពនៃការបម្រើសេវាឱ្យកាន់តែមានគុណភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ