រាជធានីភ្នំពេញ ៖ ជំងឺមហារីកគ្រាប់ឈាម គឺជាប្រភេទជំងឺដ៏គ្រោះថ្នាក់មួយ ដែលអាចកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្ដែប្រសិនបើអ្នកជំងឺឆាប់ទទួលបានការព្យាបាលទាន់ពេលវេលា នោះលទ្ធផលនៃការព្យាបាលក៏មានភាពល្អប្រសើរច្រើនផងដែរ ។
បើតាមលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha អ្នកឯកទេសព្យាបាលជំងឺមហារីកគ្រាប់ឈាម និងជំងឺឈាមទូទៅ នៃមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក Parkway Cancer Centre នៅប្រទេសសិង្ហបុរី បានលើកឡើងថា ជំងឺមហារីកគ្រាប់ឈាម គឺបណ្ដាលមកពីសរីរាង្គកាយផលិតកោសិកាឈាមខុសធម្មតា ពោលគឺគ្រាប់ឈាមស មានកើនឡើងលើសលុប ធ្វើឲ្យគ្រាប់ឈាមដទៃទៀតមានចំនួនមិនគ្រប់គ្រាន់ ហើយអ្នកជំងឺតែងតែមានអាការៈ ឧស្សាហ៍ក្ដៅខ្លួន និងអស់កម្លាំងជាដើម ។
លោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha បានបញ្ជាក់ថា ជំងឺមហារីកគ្រាប់ឈាមមានបែងចែកជា ២ប្រភេទធំៗ រួមមាន ជំងឺមហារីកគ្រាប់ឈាមស្រួចស្រាល់ (Acute Leukaemia ) ដែលជាប្រភេទជំងឺមហារីកធ្ងន់ធ្ងរ ទាមទារឲ្យមានការព្យាលបាលភ្លាមៗ ។ និងជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ (Chronic Leukamemia) ដែលជាប្រភេទជំងឺមហារីក ដែលត្រូវការតាមដាន និងព្យាបាលក្នុងរយៈពេលយូរ ។
ចំពោះការព្យាបាលជំងឺមហារីកគ្រាប់ឈាមវិញ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha អះអាងថា ត្រូវធ្វើឡើងទៅតាមរបៀបផ្សេងៗគ្នា និងអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ ដូចជាការព្យាបាលដោយចាក់ថ្នាំគីមី, ការចាក់បណ្ដុះកោសិកាថ្មី ដែលមាននៅក្នុងខ្លួនអ្នកជំងឺផ្ទាល់ ដើម្បីប្រឆាំងជំងឺមហារីក (Stem Cell Transplantation) និងការចាក់បណ្ដុះកោសិកាថ្មី ដែលយកចេញពីអ្នកដទៃ ដែលមានសុខភាពល្អ ហើយចាក់បញ្ចូលផ្ស៊ាំជាមួយនឹងកោសិការបស់អ្នកជំងឺ (Allogeneic Stem Cell Transplantation) ។
យោងតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ការព្យាបាលជំងឺមហារីកគ្រាប់ឈាមតាមរយៈ ការចាក់គីមីតែម្យ៉ាង គឺមិនគ្រប់គ្រាន់នោះឡើយ ដូច្នេះហើយពេលខ្លះក្រុមវេជ្ជបណ្ឌិតជំនាញតែងតែប្រើវិធីសាស្ត្រទំនើប គឺការចាក់បណ្ដុះកោសិការបស់អ្នកជំងឺ (Stem Cell Transplantation) ដើម្បីប្រយុទ្ធតតាំងនឹងជំងឺមហារីក ។ ការប្រើប្រាស់វិធីសាស្ត្រនេះសម្រាប់ព្យាបាលអ្នកជំងឺមហារីកគ្រាប់ឈាមស្រួលស្រាល់ ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ហើយក្នុងករណីដែលកោសិកាអ្នកជំងឺខ្សោយខ្លាំង គេអាចប្រើវិធីសាស្ត្រមួយទៀត គឺយកកោសិកាអ្នកដទៃ ដែលមានសុខភាពល្អ មកចាក់បញ្ចូលផ្ស៊ាំជាមួយនឹងកោសិការបស់អ្នកជំងឺតែម្ដង ដើម្បីឲ្យកោសិកាអ្នកជំងឺវិលមករកភាពខ្លាំង អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន ។
បើតាមវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺមហារីកគ្រាប់ឈាមពីសង្ហបុរីដដែលនេះ នៅមានវិធីសាស្ត្រដ៏ទំនើបថ្មីមួយទៀត ក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមដែរ នោះគឺ CAR T-Cell ដែលគេដកយកកោសិការបស់អ្នកជំងឺដែលខ្សោយ ហើយយកមកបំប្លែងឲ្យវាមានភាពស៊ាំ និងប្រព័ន្ធការពារខ្លាំងជាងមុន ហើយធ្វើការចាក់បញ្ចូលទៅក្នុងខ្លួនអ្នកជំងឺវិញ ដើម្បីឲ្យវាចូលទៅសម្លា.ប់មេរោគកោសិកាមហារីកដោយខ្លួនឯង ។
ទោះយ៉ាងណា ការព្យាបាលជំងឺមហារីកគ្រាប់ឈាម មិនមែនមានតែគ្រូពេទ្យជំនាញតែម្នាក់អាចព្យាបាលអ្នកជំងឺបាននោះទេ ប៉ុន្ដែត្រូវការការចូលរួមព្យាបាលជាក្រុមតែម្ដង ។ ជាក់ស្ដែងបើតាមលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha ការព្យាបាលជំងឺមហារីកគ្រាប់ឈាមនៅមជ្ឈមណ្ឌល Parkways Cancer Centre មានក្រុមវេជ្ជបណ្ឌិតជំនាញផ្សេងៗគ្នា ធ្វើការងាររួមគ្នា ដើម្បីតាមដាន និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់បំផុត ។ លើសពីនេះ ចំពោះការព្យាបាលនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកនៃប្រទេសសិង្ហបុរីមួយនេះ មិនត្រឹមតែផ្ដល់នូវថ្នាំ និងវិធីព្យាបាលវេជ្ជសាស្ត្រទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែក៏មានក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ តែងតែមើលថែទាំ និងលើកទឹកចិត្តអ្នកជំងឺទាំងផ្នែកស្មារតី និងផ្លូវអារម្មណ៍ ដើម្បីឲ្យពួកគេទទួលបានភាពកក់ក្ដៅ និងឆាប់ជាសះស្បើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ