ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វត្តមាន «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ​» នៅ​តាម​គ្រឹះស្ថាន​អប់រំ ជា​ការ​បង្ខិត​ឱកាស​ការងារ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​សិស្ស និស្សិត

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់ «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​» នៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា សិស្ស និស្សិត និង​យុវជន មើលឃើញ​ថា គឺជា​ការ​បង្ខិត​ឱកាស​ការងារ ពិភព​ការងារ​សំបូរ​បែប…

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់ «​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​» នៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា សិស្ស និស្សិត និង​យុវជន មើលឃើញ​ថា គឺជា​ការ​បង្ខិត​ឱកាស​ការងារ ពិភព​ការងារ​សំបូរ​បែប និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​សេវា​សាធារណៈ​ផ្សេង​ៗ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មក​កាន់តែ​ជិត​សាធារណជន ជា​ពិសេស​យុវជន​ ។

កញ្ញា សាក់ ទិវា និស្សិត​នៃ​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បាន​លើក​ឡើង​ថា បន្ទាប់​ពី​កញ្ញា​បាន​ចូល​ទៅ​ដាក់​ពាក្យ​ប្រើប្រាស់ សេវា​ស្វែងរក​ការងារ​ធ្វើ​តាម​រយៈ បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​រួច​មក ឃើញ​ថា​គឺ​មាន​ភាព​ងាយស្រួល និង​លឿន​រហ័ស ដោយ​ចំណាយពេល​រង់ចាំ​ប្រតិបត្តិការ​តែ​បន្តិច​ប៉ុណ្ណោះ​។ កញ្ញា​បន្ត​ថា បន្ថែម​ពី​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ យើង​ក៏​អាច​ទាញ​យក​តាម​រយៈ QR Code ដែល​នៅ​ជាប់​នឹង​តួ​បញ្ជរ ដើម្បី​យក​មក​ប្រើប្រាស់​តាម​រយៈ​ទូរ​សព្ទ​ដៃ​បាន​យ៉ាង​ងាយស្រួល​បំផុត ផង​ដែរ​ ។

និស្សិត​មួយ​រូប​ទៀត​នៃ​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា កញ្ញា រិ​ន ជី​ញ​ម៉ី ក៏​បាន​លើក​ឡើង​ដែរ​ថា កញ្ញា​ពិតជា​សប្បាយចិត្ត និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ខ្លាំង​ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ​ឡើង ដើម្បី​ផ្ដល់​ផលប្រយោជន៍​ពលរដ្ឋ​គ្រប់​រូប ពិសេស​សម្រាប់​រូប​កញ្ញា​ផ្ទាល់ ក៏​ដូច​ជា​សិស្ស​និស្សិត​ដទៃ​ទៀត​នៅ​តាម​គ្រឹះស្ថាន​អប់រំ ទទួល​បាន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ពិសេស​គឺ​អាច​ចុះ​ឈ្មោះ​សិក្សា​ជំនាញ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បន្ថែម​ទៀត​ផង និង​នៅ​មាន​សេវា​សាធារណៈ​ជា​ច្រើន​ទៀត ដែល​សុទ្ធសឹងតែ​ជា​ព័ត៌មាន​សំខាន់​ៗ​ផ្លូវការ អាច​ទុកចិត្ត​បាន និង​ទាន់​ពេលវេលា​។​ 

ទន្ទឹម​នេះ លោក ណូ​ច សុ​វិចារ ប្រធាន​មជ្ឈមណ្ឌល​ការងារ នៃ​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ជា​គ្រឹះស្ថាន​អប់រំ​មួយ​ដែល​ទទួល​បាន បញ្ជរ​សេវា​សាធារណៈ​ចល័ត ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ហើយ​នោះ សាកលវិទ្យាល័យ​បាន​ជំរុញ​លើកទឹកចិត្ត​ជា​ពិសេស​ដល់​សិស្ស​និស្សិត ដែល​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ មិន​ថា​ទាំង​ក្នុង​និង​ក្រៅប្រទេស អាច​ប្រើប្រាស់​សេវា​នេះ​ឱ្យ​បាន​ទូលំទូលាយ​តាម​រយៈ​បញ្ជរ​សេវា​សាធារណៈ​ចល័ត ឬ​តាម​រយៈ QR Code​។ ពោល​គឺ​សាធារណជន​គ្រប់​គ្នា​នឹង​ទទួល​បាន​នូវ​ការ​ផ្តល់​សេវាកម្ម និង​ព័ត៌មាន​សំខាន់​ៗ​ផ្លូវការ អាច​ទុកចិត្ត​បាន និង​ទាន់​ពេលវេលា ដើម្បី​បានដឹង បាន​យល់ បាន​ជ្រាប បាន​ត្រៀមខ្លួន និង​ចាប់​យក​ឱកាស​ភ្លាម​ៗ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូម​បញ្ជាក់​ថា បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មានមុខ​ងារ​សំខាន់​ចំនួន ១០ ដែល​មាន​ដូច​ជា​៖
១- សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​  (Job Seeker)
២- សេវា​ចុះ​ឈ្មោះ​ស្វែងរក​បុគ្គលិក (Job Provider)
៣- សេវា​ចុះ​ឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ (Skill & TVET Enrollment)
៤- សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ក្រៅប្រទេស (Overseas Job Seeker)
៥- ប្រអប់​បណ្តឹង​អនាមិក (Anonymous Complaint Box)
៦- សេវា​ចុះ​ឈ្មោះ​សមាជិក ប​.​ស​.​ស​. (Social Security Registration)
៧- បណ្ណ​/​សៀវភៅ​ការងារ​កម្មករនិយោជិត​ខ្មែរ (Cambodian Employment Book and Worker Card)
៨- ការ​ផ្តល់​ទិដ្ឋាការ​ប្រើប្រាស់​កម្មករនិយោជិត​វ័យក្មេង (Work Permit For Young Worker)
៩- សេវា​តាមដាន​សេវា​សាធារណៈ​ក្រសួង​ការងារ (MLVT Public Service Tracking)
១០. សេវា​ផ្សេង​ៗ (Other Services) រួម​មាន សេវា​ពេទ្យ​ការងារ សេវា​ចុះ​បញ្ជិកា​គ្រឹះស្ថាន បណ្តុះបណ្តាល សេវា​ហត្ថពល​កម្ម​បរទេស ស្វ័​យ​ប្រកាស​អធិការកិច្ច​ការងារ ប្រអប់​សំណូមពរ និង​កម្រង​សេវា​ស្វ័យប្រវត្តិកម្ម​ពាក់ព័ន្ធ​វិស័យ​ការងារ​ ៕ អត្ថបទសហការ