ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេច​ធិ​បតី​៖ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ទារកដ្ឋាន​នៅ​តាម​រោងចក្រ​សហគ្រាស ជា​កិច្ច​ការងារ ​ដែល​សម្រេច​បាន​ប្រកបដោយ​មោទកភាព​បំផុត​ សម្រាប់​រាជរដ្ឋាភិបាល ដើម្បី​ប្រយោជន៍​កម្មករនិយោជិត

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទារកដ្ឋាន​នៅ​តាម​រោងចក្រ​សហគ្រាស គឺជា​កិច្ច​ការងារ​ដែល​សម្រេច​បាន​ប្រកបដោយ​មោទកភាព​បំផុត​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រយោជន៍​កម្មករនិយោជិត​។…

រាជធានីភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទារកដ្ឋាន​នៅ​តាម​រោងចក្រ​សហគ្រាស គឺជា​កិច្ច​ការងារ​ដែល​សម្រេច​បាន​ប្រកបដោយ​មោទកភាព​បំផុត​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រយោជន៍​កម្មករនិយោជិត​។ ទន្ទឹម​នឹង​នេះ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​វាយតម្លៃ​ខ្ពស់ និង​ថ្លែង​ការ​កើត​សរសើរ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និយោជក រួម​ទាំងគ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ទារកដ្ឋាន​នៅ​ក្នុង​រោងចក្រ នា​ពេល​នេះ​ផង​ដែរ ​។

ការ​គូសបញ្ជាក់​បែប​នេះ អំឡុង​ពេល​ដែល​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ បាន​ជួប​សំណេះសំណាល​ ជាមួយ​អាណាព្យាបាល​ទារក​និង​កុមារ ដែល​ជា​កម្មករនិយោជិត​កំពុង​បំពេញការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ ម៉ា​វ៉​ល នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ទារកដ្ឋាន​រោងចក្រ​កាត់ដេរ ម៉ា​វ៉​ល ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់ គ្រុប ភ្នំពេញ​(Royal Group Phnom Penh SEZ) នៅ​ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ពិធី​សំណេះសំណាល សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​សាងសង់​ទារកដ្ឋាន​នេះ​គឺជា​អនុសាសន៍​១ ក្នុង​ចំណោម​អនុសាសន៍​ទាំង​១០ ដែល​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​កាល កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ ដើម្បី​ក្រសួង​ការងារ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​សិក្សា​លទ្ធភាព​បង្កើត​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហគមន៍ នៅ​តាម​តំបន់​ប្រមូលផ្តុំ​រោងចក្រ​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទារកដ្ឋាន​រោងចក្រ​កាត់ដេរ ម៉ា​វ៉​ល ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ពេល​នេះ​គឺជា​សមិទ្ធផល​មួយ​ដ៏​គាប់ប្រសើរ និង​ត្រូវ​បាន​ប្រកាស​ប្រកបដោយ​មោទកភាព​បំផុត ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​សាងសង់​ទារកដ្ឋាន​សម្រាប់​ជា​ប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិត​ដោយ​ជោគជ័យ និង​មាន​ស្តង់ដា​ល្អ​សម្រាប់​មើលថែ​ទាំ​ទារក ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​និយោជក នឹង​សម្របសម្រួល​បន្ត​កិច្ច​ការងារ​សាងសង់​ទារកដ្ឋាន​សម្រាប់​បងប្អូន​កម្មករនិយោជិត​ជា​បន្តបន្ទាប់​។ ដែល​កិច្ច​ការងារ​មួយ​នេះ​នឹង​បន្ត​វឌ្ឍនភាព​របស់​ខ្លួន នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ ខណៈ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​បាន​សាងសង់​ទារកដ្ឋាន​រួចរាល់​ហើយ​ដែរ​នា​ពេល​កន្លង​មក​។

ទន្ទឹម​នឹង​នេះ សម្តេច​មហា​បវរ​ធិ​បតី បាន​ជំរុញ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងសុខាភិបាល បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​សុខភាព​ទារក​នៅ​ក្នុង​ទារកដ្ឋាន បន្ទាប់​ពី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង​នោះ​ក្រសួង​ការងារ​ក៏​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​មើល​យន្តការ ប​.​ស​.​ស​. ដើម្បី​ឱ្យ​មានការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​នៅ​ទី​នេះ ដើម្បី​លើកកម្ពស់​សុខមាលភាព​ដល់​កុមារ​តូច​ៗ​នៅ​ក្នុង​ទារកដ្ឋាន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គោលបំណង​នៃ​ការ​បង្កើត​ទារកដ្ឋាន​នៅ​តាម​សហគ្រាស គ្រឹះស្ថាន គឺ​ដើម្បី​ធានា​ថា ទារក​និង​កុមារ​ទាំងនោះ​ទទួល​បានការ​ថែទាំ​និង​អប់រំ​ប្រកបដោយ​គុណភាព និង​ស្តង់ដា​ដែល​ជួយ​គាំទ្រ​ការ​លូតលាស់ និង​អភិវឌ្ឍ​ផ្នែក​រាង​កាយ ព្រមទាំង​ផ្នែក​បញ្ញា​និង​ស្មារតី ក៏​ដូច​ជា​ផ្តល់​ពេលវេលា​ឱ្យ​ឳ​ពុក​ម្តាយ ឬ​អាណាព្យាបាល​ដែល​ជា​កម្មករនិយោជិត​មានឱកាស​ធ្វើ​ការងារ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>