ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​ សម្ពោធ​ការ​ទូទាត់​ឆ្លង​ដែន​រវាងប្រព័ន្ធ​បាគង ជាមួយ UnionPay International​ការ​ដំណាក់កាល​ទី​ ២ ជា​ផ្លូវការ​

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ១០ ខែមីនា ឆ្នាំ ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ១០ ខែមីនា ឆ្នាំ ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ដំណាក់កាល​ទី​ ២ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ UnionPay International នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​សែន​សុខ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ រួម​មាន សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូ​-​ហិរញ្ញវត្ថុ​កម្ពុជា សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​នៃ​កម្ពុជា ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សរុប​ប្រមាណ ២៤៥ នាក់​ ។

កិច្ចសហការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ UnionPay International លើ​ការ​អភិវឌ្ឍ​ការ​ទូទាត់​ឆ្លង​ដែន​បាន​បង្ហាញ​ពី​វឌ្ឍនភាព គួរ​ឱ្យ​កត់សម្គាល់ ចាប់តាំងពី ការ​ដាក់​ឱ្យ​ដំណើរការ ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ដំណាក់កាល​ទី ១ ៖ UnionPay ស្កេ​ន KHQR Codes កាលពី​ថ្ងៃ​ទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២៣ ​។ ការ​ដាក់​ឱ្យ​ដំណើរការ ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ដំណាក់កាល​ទី​ ២ ៖ បាគង​ស្កេ​ន UnionPay នេះ ជា​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ដែល​បាន​ផ្ដល់​លទ្ធភាព ឱ្យ​ប្រជាជន​កម្ពុជា​អាច​ធ្វើការ ទូទាត់​ឆ្លង​ដែន​ដោយ​ស្កេ​ន​ឃ្យូ​អរ​កូត​នៅ​ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស ផ្សេង​ទៀត តាម​រយៈ​បណ្ដាញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ UnionPay International​ ។

គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​អភិវឌ្ឍ​ការ​ទូទាត់​ឆ្លង​ដែន​នេះ នឹង​ផ្ដល់​នូវ​កាលានុវត្តភាព​ក្នុង​ការ​ពង្រីក សកម្មភាព​ពាណិជ្ជកម្ម លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​បង្កើន​ការ​ទូទាត់​ឆ្លង​ដែន ព្រមទាំង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ ។ ការណ៍​នេះ​រួមចំណែក​ជំរុញ​ការ​ប្រើប្រាស់​រូបិយ​វត្ថុ ព្រមទាំង​លើកកម្ពស់ បរិ​យា​បន្ន​ហិរញ្ញវត្ថុ សំដៅ​រក្សា​បាន​នូវ កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ​។​ 

លោក Larry Wang នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បណ្ដាញ​ប័ណ្ណ​ទូទាត់​អន្តរជាតិ UnionPay International បាន​លើក​ឡើង​ថា ៖ “​ពួក​យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្រៃ​លែង ចំពោះ​កិច្ចសហការ​រវាង​ប្រព័ន្ធ​បាគង និង UnionPay នៅ​ថ្ងៃនេះ ដែល​បាន​សបញ្ជាក់​ពី​ការ​សម្រេច​បាន​នូវ​ជោគជ័យ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​បាគង​សម្រាប់​ការ​ទូទាត់​ឆ្លង​ដែន ក្រោយ​ពី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ដំណាក់កាល​ទី​ ១​ ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ដំណាក់កាល​ទី ២ នេះ អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង ឬ​ ​កម្មវិធី​ធនាគារ​ចល័ត​អាច​ធ្វើ​ប្រតិបត្តិការ​ស្កេ​ន​ទូទាត់​តាម​ឃ្យូ​អរ​កូត​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​តាម​បណ្ដា​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​បាន​យ៉ាង​ពិលាស ដែល​នឹង​បង្កើន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​បាន​កាន់តែ​សម្បូរ​បែប ព្រមទាំង​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ផង​ដែរ​ ។​”

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖  “​ដើម្បី​គាំទ្រ​ដល់​ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ឆ្នាំ ២០២៥ ជា “ ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន ”  ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ដំណាក់កាល​ទី​២ ៖ បាគង​ស្កេ​ន UnionPay ។ ជាមួយនឹង​ការ​រីក​ចម្រើន​នេះ ប្រជាជន​កម្ពុជា​អាច​ប្រើប្រាស់​កម្មវិធី​ទូទាត់​បាគង និង​កម្មវិធី​ធនាគារ​ចល័ត​របស់​ខ្លួន ដើម្បី​ស្កេ​ន​ទូទាត់​តាម​ឃ្យូ​អរ​កូត​របស់​ពាណិជ្ជករ​ដែល​ទទួល​ការ​ទូទាត់ UnionPay នៅ​ប្រទេស​ចិន និង​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​ដៃគូ​។ កិច្ចសហការ​នេះ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​អន្តរជាតិ​ ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>