ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព ៖ មន្ត្រីអធិការការងារដែលជា​នគរបាលយុត្តិធម៌ នឹងជំរុញសុខដុមនីយកម្ម និងការងារប្រកបដោយគុណភាព

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ហ​ជីព​នៅ​កម្ពុជា​លើក​ឡើង​ថា មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​នឹង​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ប្រកបដោយ​គុណភាព និង​ផលិតភាព​ការងារ​ខ្ពស់ នៅ​កម្ពុជា ​។ ការ​លើក​ឡើង​របស់​សហជីព​ដូចនេះ…

រាជធានីភ្នំពេញ ៖ ហ​ជីព​នៅ​កម្ពុជា​លើក​ឡើង​ថា មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​នឹង​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ប្រកបដោយ​គុណភាព និង​ផលិតភាព​ការងារ​ខ្ពស់ នៅ​កម្ពុជា ​។ ការ​លើក​ឡើង​របស់​សហជីព​ដូចនេះ បន្ទាប់​ពី​មន្ត្រី​អធិការ​ការងារ​នៃ​អគ្គនាយកដ្ឋាន​ការងារ អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា និងមន្ទី​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បំពេញ​នីតិវិធី​ធ្វើ​សម្បថ​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ក្លាយជា​នគរបាល​យុត្តិធម៌ នៅ​ថ្ងៃ​ទី ​៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ​នេះ​ ។

លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​វឌ្ឍនភាព​នៃ​មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​នៅ​ពេល​នេះ​ ។ វឌ្ឍនភាព​ការងារ​របស់​មន្ត្រី​អធិការកិច្ច​ការងារ​របស់​ក្រសួង​ការងារ គឺ​សុទ្ធសឹងតែ​ជា​អ្វី​ដែល​សហជីព​តំណាង​ឱ្យ​កម្មករ​ទាំងមូល​ចង់បាន ពីព្រោះ​ថា​ប្រសិនបើ​យន្តការ​នៃ​ការ​ធ្វើ​អធិការកិច្ច​ការងារ​កាន់តែ​ប្រសើរ នោះ​ការ​គោរព​សិទ្ធិ និង​ការ​អនុវត្ត​កាតព្វកិច្ច​របស់​និយោជក មក​លើ​និយោជិត រឹត​កាន់តែ​ប្រសើរ​ផង​ដែរ​ ។

ប្រធាន​សហភាព​ការងារ​កម្ពុជា មើលឃើញ​ថា មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ដំណើរការ​ធ្វើ​អធិការកិច្ច​ការងារ​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស នៅ​ទូ​ទាំង​ប្រទេស​។ មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងនេះ នឹង​ជំរុញ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម រក្សា​បាន​នូវ​ការ​គោរព​សិទ្ធិ​ការងារ ការ​ផ្តល់​អត្ថប្រយោជន៍​ពេញលេញ​ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ចំណែក លោក គឹ​ម ចាន់​សំណាង ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) បង្ហាញ​ការ​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ជា​ស្ថាពរ​ ។ ទន្ទឹម​នឹង​នេះ មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់​នឹង​តាមដាន​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ឱ្យ​កាន់តែ​ប្រសើ​ឡើង​ផង​ដែរ​ ។

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​គូសបញ្ជាក់​បន្ថែម​ថា មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ​ដែល​ជា​នគរបាល​យុត្តិធម៌ នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង​ទំនាក់ទំនង​វិជ្ជាជីវៈ នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ​។ លើស​ពី​នេះ​មន្ត្រី​នគរបាល​យុត្តិធម៌​នឹង​ជំរុញ​រោងចក្រ សហគ្រាស​គ្រឹះស្ថាន ដើម្បី​ប្រែក្លាយ «​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​» ដើម្បី​ធានា​បាន​នូវ​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ប្រកបដោយ​គុណភាព និង​ផលិតភាព​ការងារ​ខ្ពស់ ​។

ទន្ទឹម​នឹង​នេះ សហជីព​ស្នើ​សុំ​ឱ្យ​មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ​ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ទាំងអស់​អនុវត្ត​តួរ​នាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ តាមដាន​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​របស់​និយោជក​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ​។ សហជីព​សង្ឃឹម​យ៉ាង​មុតមាំ​ថា មន្ត្រី​នគរបាល​យុត្តិធម៌​នឹង​ចូលរួម​យ៉ាង​សកម្ម​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ការងារ​នៅ​កម្ពុជា​កាន់តែ​ប្រសើ​ឡើង ​។

គួរ​បញ្ជាក់​ថា នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​ ៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ​នេះ មន្ត្រី​អធិការ​ការងារ នៃ​អគ្គនាយកដ្ឋាន​ការងារ អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា និងមន្ទី​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ ចំនួន ១២០​រូប​ និង​ខេត្ត​ព្រះ​សីហ​នុ ចំនួន ១១​រូប បាន​បំពេញ​នីតិវិធី​ធ្វើ​សម្បថ​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ក្លាយជា​នគរបាល​យុត្តិធម៌​។ សម្រាប់​អធិការ​ការងារ​នៅ​តាម​មន្ទី​ការងារ និង​បណ្តុះបណ្តាល​នៅ​តាម​បណ្តា​ខេត្ត​នានា​ទៀត នឹង​បំពេញ​នីតិវិធី​ធ្វើ​សម្បថ​ជា​នគរបាល​យុត្តិធម៌ នៅ​តាម​សាលាដំបូង​ខេត្ត តាម​កាលកំណត់​ជា​បន្តបន្ទាប់​ ៕ អត្ថបទសហការ