![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e9f2bcf27b78340120ae9300106b66df.jpg)
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញពីគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល ក្នុងគោលបំណងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល
រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានបង្ហាញពីគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថលមួយ ក្នុងគោលបំណងបំណងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងកសាងសហគមន៍ឌីជីថលនៅកម្ពុជា ។
តាមរយៈបទបង្ហាញក្នុងសន្និបាត បូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារ, លោក ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាលនិងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅនឹងឧស្សាហកម្ម និងការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ ។ លោក ហាក់ សុខហេង បានឱ្យដឹងបន្ថែមថា សួនឌីជីថល នឹងចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់និងការងារពីចម្ងាយ ព្រមទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញឌីជីថលក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ ។
ក្រៅពីនេះ លោក ហាក់ សុខហេង បានឱ្យដឹងទៀតថា សួនឌីជីថលនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យជាតិទី ១ សម្រាប់បំពេញតម្រូវការទាំងវិស័យសាធារណៈ និងឯកជន, ផ្តល់សេវា Data Hosting មួយប្រកបដោយសុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ, ទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា, ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់នឹងពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា, ដើរតួនាទីជាច្រកទ្វារសម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន, ផ្តល់ទីកន្លែងតាំងពិព័រណ៍នូវស្នាដៃនវានុវត្តន៍ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋានសិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា និងផ្តល់ជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការ និងការចូលរួមពីសាធារណជន ។
បើតាមលោក ហាក់ សុខហេង បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ កំពុងតែសិក្សាដើម្បីកំណត់ជម្រើសទីតាំងសួនឌីជីថល និងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ លោក ថា ការបង្កើតសួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគម ន៍ឌីជីថលមួយ ក្នុងការទាក់ទាញវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបង្កើតសួនឌីជីថលនេះ គឺបន្ទាប់ពីក្រសួងបានសិក្សាពីប្រទេសថៃ គឺគម្រោង Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០ គ.ម ពីទីក្រុងបាងកក ដែលគម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៨ ដោយសម្រេចបាន ៦០% ។ គម្រោងនេះ បានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល និងការលើកចិត្ត ដូចជា ពន្ធសាជីវកម្ម និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជាដើម ។
សូមជម្រាបផងដែរថា សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទួរគមនាគមន៍ ប្រារព្ធឡើងមានរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីក្រោមឱវាទរបស់ក្រសួង ដែលមកពីគ្រប់ខេត្តក្រុង ប្រមាណជាជិត ២ ពាន់នាក់ (សរុបទាំងពីរថ្ងៃ) ។ ចុងក្រោយនៃកម្មវិធី ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបិទសន្និបាត និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំរបស់ក្រសួងផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ