ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ជួប​​អគ្គលេខាធិការ​នៃ​សេវា​ការងារ និង​មុខរបរ​កូរ៉េ ​ដើម្បី​បន្ត​លើកកម្ពស់ និង​បង្កើន​ប្រសិទ្ធភាព​វិស័យ​ការងារ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទី ​២៦ ខែមិថុនា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទី ​២៦ ខែមិថុនា ឆ្នាំ​ ២០២៤ ​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និង​នាយក​ប្រតិបត្តិ​សេវា​ការងារ និង​មុខរបរ​កូរ៉េ នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។ ជំនួប​នេះ មាន​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សេវា​ការងារ និង​មុខរបរ​កូរ៉េ ​(KLES)​លើ​ការ​អនុវត្ត​គម្រោង​ប្រឹក្សា​គោលនយោបាយ​វិស័យ​ការងារ ឆ្នាំ​ ២០២៣-២០២៥ និង​គម្រោង​ពាក់ព័ន្ធ​ផ្សេង​ៗ​នា​ពេល​អនាគត ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​រយៈ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អនុវត្ត​គម្រោង​ប្រឹក្សា​គោលនយោបាយ​វិស័យ​ការងារ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០២៣ ដើម្បី​ជំរុញ​ការ​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​របស់​មន្ត្រីរាជការ​ជំនាញ​របស់​ក្រសួង ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ​។

សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុង​ដើរតួរ​នាទី​យ៉ាង​សំខាន់​បំផុត​មួយ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ដើម្បី​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ចជាតិ​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កា្ល​យ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យ​មក​កម្រិត​ខ្ពស់ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ​។

ទន្ទឹម​នឹង​នេះ លោក KIM DAEHWAN អគ្គលេខាធិការ និង​នាយក​ប្រតិបត្តិ​សេវា​ការងារ និង​មុខរបរ​កូរ៉េ នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​គាំទ្រ​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដើម្បី​ជួយ​វិស័យ​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ចំពោះ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ស្រប​ទៅ​តាម​ចក្ខុវិស័យ​របស់​ក្រសួង​ក៏​ដូច​ជា​រាជរដ្ឋាភិបាល ​។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ និង​នាយក​ប្រតិបត្តិ​សេវា​ការងារ និង​មុខរបរ​កូរ៉េ នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ បាន​រីករាយ​ស្វាគមន៍ និង​បន្ត​គាំទ្រ​ចំពោះ​កិច្ច​សហប្រត្តិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែម​ទៀត​ឱ្យ​ស្រប​ទៅ​នឹង​កម្រិត​នៃ​ទំនាក់ទំនង​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​បាន​កសាង​និង​ពូន​ជ្រុំ​យ៉ាង​ល្អ​តាំងពី​ដើម​មក​ ៕ អត្ថបទសហការ