ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា ​គាំទ្រ​ការ​សម្រេច​របស់​តុលារខេត្តកំពង់ស្ពឺ កាត់ទោស​ប្រធាន​សហជីពមូលដ្ឋាន ​ដែល​ប្រព្រឹត្ត​បទល្មើស

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​គាំទ្រ​ការ​សម្រេច​របស់​តុលាការខេត្ត​កំពង់ស្ពឺ ដែល​បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក ជា ចាន់ ប្រធាន​សហជីព​មូលដ្ឋាន នៃ​ក្រុមហ៊ុន វី​ង​ស្តារ​ស៊ូ ដែល​ប្រព្រឹត្ត​បទល្មើស​សមគំនិត​លួច​…

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា​គាំទ្រ​ការ​សម្រេច​របស់​តុលាការខេត្ត​កំពង់ស្ពឺ ដែល​បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក ជា ចាន់ ប្រធាន​សហជីព​មូលដ្ឋាន នៃ​ក្រុមហ៊ុន វី​ង​ស្តារ​ស៊ូ ដែល​ប្រព្រឹត្ត​បទល្មើស​សមគំនិត​លួច​ ។ ការ​ប្រកាស​គាំទ្រ​នេះ​ធ្វើ​ឡើង​ក្រោយ​តុលាការខេត្ត​កំពង់​ស្ពឹ បាន​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០ ខែមិថុនា​នេះ​ ។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​តុលាការខេត្ត​កំពង់ស្ពឺ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ជា ចាន់ ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ ។ លោក​បាន​បង្ហាញ​ជំហរ មិន​គាំទ្រ​ចំពោះ​អ្នក​ជនខិលខូច​ទាំងឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​ក្នុង​ការ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ព្រោះ​គ្មាន​ជន​ណា​អាច​រួចខ្លួន​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ​។ លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​មិន​លើកទឹកចិត្ត​ក្នុង​ការ​ការពារ​មេដឹកនាំ​ជា​ចោរ​នោះ​ទេ នេះ​បើសិន​រក​ឃើញ​ពិតប្រាកដ​មែន ហើយ​មាន​ភស្តុ​តាង មាន​វី​ដេ​អូ ហើយ​គាត់​បាន​សារភាព​ពិតប្រាកដ​មែន​នោះ វា​ជា​រឿង​ដែល​យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន អត់​អាច​ប្រើ​ពាក្យ​យុត្តិធម៌ ឬ​អយុត្តិធម៌​នោះ​ទេ​»​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ថ្លែង​ថា ការ​ប្រកាស​សាលក្រម​របស់​តុលាការខេត្ត​កំពង់ស្ពឺ ចំពោះ​លោក ​ជា ចាន់ អតីត​កម្មករ និង​ជា​ប្រធាន​សហជីព​នៅ​រោងចក្រ​វី​ង​ស្តារ​ស៊ូ មិនមែន​ជា​ការ​គំរាមកំហែង បំភិតបំភ័យ​ធ្វើទុក្ខបុកម្និញ ប្រឆាំង​ជាមួយ​សិទ្ធិ​សេរីភាព​សហជីព​នោះ​ទេ ព្រោះ​នេះ​ជា​ករណី​ព្រហ្មទណ្ឌ ដែល​ជនល្មើស​ត្រូវ​តែ​ទទួលទោស​តាម​ច្បាប់ ​។ លោក​បញ្ជាក់​ថា ជា​មេដឹកនាំ​សហជីព ក៏​ត្រូវ​តែ​គោរព​ច្បាប់ បើ​ធ្វើ​ខុស​ត្រូវ​តែ​ទទួលទោស មិន​អាច​យក​តួនាទី​ជា​សហជីព​មក​បិទ​បាំង​ទោស​កំហុស​របស់​ខ្លួន​បាន​ទេ​ ។ លោក​ថ្លែង​ថា ​៖ «​យើងខ្ញុំ​មានការ​គាំទ្រ​ចំពោះ​ការ​ផ្តន្ទាទោស​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដែល​បាន​ផ្តន្ទាទោស​ទៅ​លើ​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​លួច ក៏​ដូច​ជា​បទល្មើស​ផ្សេង​ៗ ដែល​ផ្ទុយ​ពី​ច្បាប់ ​។ ខ្ញុំ​ក៏​សុំ​សំណូមពរ​ដល់​សហជីព​ផ្សេង​ៗ​ទៀត​ដែរ សូម​បំពេញវិជ្ជា​ជីវៈ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ច្បាប់ កុំ​យក​សហជីព​ទៅ​បិត​បាំង​ទោស​កំហុស​របស់​ខ្លួន​»​ ។

លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​កម្ពុជា​ពន្លឺ​កម្មករ ថ្លែង​ថា ការ​សម្រេច​ក្តី​របស់​តុលាការ​ គឺ​ធ្វើ​ឡើង​ដោយ​សំអាង​លើ​អង្គហេតុ និង​អង្គច្បាប់ ហេតុនេះ​ការ​សម្រេច​ក្តី​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ បើ​គ្មាន​ការ​ប្រព្រឹត្ត​ខុស ក៏​គ្មាន​ការ​អនុវត្ត​ច្បាប់​នោះ​ដែរ​ ។ លោក​បន្ថែម​ថា សហជីព​មួយ​ចំនួន មិន​គួរ​ជ្រក​ក្រោម​ស្លាក​សហជីព ហើយ​បែរជា​យក​តួនាទី​ភារកិច្ច​មក​ប្រើប្រាស់ ហើយ​ចោទប្រកាន់​ការ​សម្រេច​របស់​តុលាការ គឺជា​រឿង​អយុត្តិធម៌ ជា​រឿង​ធ្វើ​ទុក​បុក​ម្នេញ គំរាមកំហែង យាយី​យ៉ាងណា​នោះ ជា​រឿង​មិន​សម​ទេ​ ។ លោក​ថា ករណី​លោក ជា ចាន់ ដែល​តុលាការ​ដាក់ទោស​គាត់​គឺ​ដាក់ទោស​សមគំនិត ពី​បទ​លួច មិន​បាន​ដាក់ទោស​អ្នកធ្វើការ​ងារ​ជា​សហជីព​នោះ​ទេ​។ លោក ដា​រ៉ា ស្នើ​សុំ​កុំឱ្យ​យក​តួនាទី​ជា​សហជីព​ទៅ​ប្រព្រឹត្ត​បទល្មើស​តាមតែ​ចិត្ត ហើយ​នៅ​ពេល​មានការ​អនុវត្ត​ច្បាប់​បែរជា​ស្រែ​កថា​អយុត្តិធម៌​ ។

លោក​បញ្ជាក់​ថា ​៖ «​សាលក្រម​របស់​តុលាការ​បាន​សម្រេច​ទោស​ទៅ​លោក ជា ចាន់ ដោយសារ​តែ​លោក​បាន​ប្រព្រឹត្ត​បទ​សមគំនិត​អំពើ​លួច បទ​សមគំនិត​លួច​មិនមែន​លោក​ទៅ​ធ្វើ​ការងារ​សហជីព​ហើយ​គេ​ចាប់​ទេ ដោយសារ​តែ​គាត់​ខ្លួនឯង​ហ្នឹង​ប្រព្រឹត្ត​កំហុស​ដោយ​ខ្លួនឯង គឺ​បាន​សមគំនិត​ជាមួយ​ចោរ អាហ្នឹង​បុគ្គល​ទេ ចឹ​ង​យើង​កុំ​យក​រឿង​ខ្លួនឯង​ប្រព្រឹត្ត​ខុស​ហើយ​ទៅ​ស្រែ​កថា យើង​ធ្វើ​សហជីព​ត្រូវ​បាន​គេ​គំរាមកំហែង បំភិតបំភ័យ​»​ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី ​២០ ខែមិថុនា​នេះ សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចេញ​សាលក្រម សម្រេច​ផ្ដន្ទាទោស​លោក ជា ចាន់ ឱ្យ​ជាប់​ទោស​ចំនួន​ ១២ ​ខែ ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ចំនួន ​៦ ​ខែ និង​ចំនួន​ ៦​ ខែ​ទៀតអនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ ​៕ អត្ថបទសហការ