ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា​ រៀបចំ​កម្មវិធី ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេ​តា​ណុ​ស សម្រាប់​យុវវ័យនៅ​បាត់ដំបង

4 ថ្ងៃ មុន

ខេត្តបាត់ដំបង, ថ្ងៃ​ទី​ ២៤ ខែមិថុនា ២០២៤ ៖ អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា (MSIC) បាន​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេ​តា​ណុ​ស​សម្រាប់​យុវវ័យ ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង…

ខេត្តបាត់ដំបង, ថ្ងៃ​ទី​ ២៤ ខែមិថុនា ២០២៤ ៖ អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា (MSIC) បាន​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេ​តា​ណុ​ស​សម្រាប់​យុវវ័យ ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង និង​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង ​។ ព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​ឡើង​នៅ​គ្លីនិក​ម៉ា​រី​ស្តូប​នៅ​បាត់ដំបង​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​របស់​យុវជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​។

លោក ចេ​ង លី​ស៊ុន​ឃាង អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​បង្ហាញ​ការ​គាំទ្រ យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​នេះ ហើយ​បាន​លើក​ឡើង​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​ដែល​បង្ក​ដោយ​ជំងឺ​តេ​តា​ណុ​ស រួម​មាន​អាកា​រៈ​កន្ត្រាក់​សាច់ដុំ​ខ្លាំង ការ​ឈឺចាប់​រហូត​ដល់​រឹង​ថ្គាម ការ​ប៉ះពាល់​ដង្ហើម និង​អាច​រហូត​ឈាន​ដល់​ស្លា.ប់ ​។ លោក​បាន​ជំរុញ​ឱ្យ​អ្នកចូលរួម​ទាំងអស់​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​តេ​តា​ណុ​ស​ចំនួន ប្រាំ ដូ​ស ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​ពេញ​មួយ​ជីវិត​ជា​ពិសេស​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ចាប់ពី​អាយុ ១៥ ​ឆ្នាំ ដល់ ៤៤ ​ឆ្នាំ គួរតែ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេ​តា​ណុ​ស ដើម្បី​ការពារ​កំឡុង​ពេល​សម្រាលកូន ​។

លោកស្រី ឡេ​ង ស៊ីវ​ហេង នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវ​កិត្តិយស​និង​សិស្ស​និស្សិត​ដែល​អញ្ជើញ​ចូលរួម ព្រមទាំង​លើក​ឡើង​អំពី ការ​ប្តេជ្ញា​ចិត្ត​ដ៏​យូរអង្វែង​របស់​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​សេវា​សុខភាព​នៅ​កម្ពុជា​ ។ អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា ​បាន​ចាប់ផ្តើម​បំពេញ​បេស​កម្ម​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ​១៩៩៨ ​មក​ម្លេះ ដោយ​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​អត្រា​មរណៈភាព​មាតា និង​ទារក តាម​រយៈ​ការ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ដល់​ប្រជាពលរដ្ឋ​ទាំង​ស្ត្រី និង​បុរស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។ លោកស្រី​ក៏​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេ​តា​ណុ​ស ហើយ​ព្រមទាំង​បាន​បញ្ជាក់​ទៀត​ថា តេ​តា​ណុ​ស​គឺជា​ជំងឺ​ដែល​អាច​ការពារ​បាន​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូ​ស​និង​ទៀងទាត់​ ។

លោក ឈុ​ន ផា នរិន្ទ នាយក​ផ្នែក​ទំ​នាក់​ទំនង​ និង​ទីផ្សារ​នៃ​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា បាន​លើក​ឡើង​អំពី​សេវា​សំខាន់​ៗ​របស់​គ្លី និក​ម៉ា​រី​ស្តូប​សម្រាប់​យុវវ័យ​រួម​មាន ​៖ ការ​ប្រឹក្សា​អំពី​ការ​មក​រដូវ ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កាមរោគ ការ​ពិនិត្យ​រក​កោសិកា​បម្រុង​មហារីក​មាត់ស្បូន ការ​ចាក់​វ៉ាក់សាំង ការ​រៀបចំ​ផែនការ​គ្រួសារ ការ​ពិនិត្យ​ឈាម អេកូ​សាស្ត្រ និង​ការ​ថែទាំ​វេជ្ជសាស្ត្រ​ពី​ចម្ងាយ ​។ គ្លីនិក​ម៉ា​រី​ស្តូប​ផ្តល់​ជូន​គ្រប់​សេវា សម្រាប់​ស្ត្រី​គ្រប់​វ័យ​ ។ លោក បាន​សង្កត់ធ្ងន់​លើ​តួនាទី​របស់​សេវា​ថែទាំ​សុខភាព​ពី​ចម្ងាយ (Telemedicine) ដើម្បី​លុប​បំបាត់​ឧបសគ្គ​នៃ​ការ​ការ​វិនិច្ឆ័យ​ និង​ការ​មាក់ងាយ​ក្នុង​ចំណោម​យុវវ័យ ដោយ​ផ្តល់​ជូន​នូវ​សេវា​ដែល​មាន​សុវត្ថិភាព​បំផុត​ពី​ចម្ងាយរួម​មាន​ ៖ សេវា​រំលូត​ដោយ​សុវត្ថិភាព ស្រោមអនាម័យ​បុរស ថ្នាំ​គ្រាប់​ពន្យារកំណើត ថ្នាំ​ការពារ​កំណើត​បន្ទាន់ និង​និង​តេស្ត​ទឹកនោម​ពិនិត្យ​មាន​ផ្ទៃពោះ ។

កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ ទទួល​បានការ​គាំទ្រ​ពី​ក្រសួងការបរទេស ​និង​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី (DFAT) តាម​រយៈ​គម្រោង «ការ​ឆ្លើយ​តប​តាម​រយៈ​ការ​ផ្តល់​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​សំខាន់​ៗ និង​សិទ្ធិ និង​យន្តការ​ថ្មី​ក្នុង​ការ​ផ្តល់​សេវា​សុខភាព​» ដែល​ហៅ​កាត់​ថា (RESPOND) និង​មាន​បំណង​ចូលរួម​ជា​ចំណែក​មួយ​នៃ​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ​។

សម្រាប់​ជំនួយ​ក្នុង​ការ​ប្រឹក្សា​និង​ការ​មក​ទទួល​សេវា​សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ សូម​ទាក់ទង​មក​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា ​៖

  • សូម​ផ្ញើ​សារ​មក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ម៉ា​រី​ស្តូប​ ៖ Marie Stopes Cambodia
  • រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច
  • ទូរស័ព្ទ​៖ 012 999 002 ឬ 098 999 102
  • កម្មវិធី​ផ្ញើ​សារ LINE Viber WhatsApp WeChat Telegram៖ 093 24 08 23

អំពី​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា
អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា (MSIC) គឺជា​ផ្នែក​មួយ​នៃ MSI Reproductive Choice ដែល​មាន​វត្ត​មាននៅ​ក្នុង ៣៧ ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។ ចាប់តាំងពី​ឆ្នាំ ១៩៩៨ អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា បាន​ផ្តល់​សេវា​សុខភាព​បន្ត​ពូជ​ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​សហការ​ជាមួយ ក្រសួងសុខាភិបាល ​។ MSIC មាន​គ្លីនិក​ចំនួន ៨ និង​បណ្តាញ​ស្ត្រី​ចំនួន ២៤ ទូ​ទាំង​ប្រទេស ដែល​ផ្តល់​សេវា​ស្រប​តាម​តម្រូវការ​របស់​ស្ត្រី បុរស និង​យុវវ័យ​ ៕ អត្ថបទសហការ