ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សេច​ក្តី​ថ្លែងការណ៍​ ៖ សហភាព​ពលកម្ម​ជាតិកម្ពុជា ប្រាប់​ទៅ​បណ្ដាញ​អ្នកបញ្ជា​ទិញ​ ពី​របាយការណ៍​បំភ្លៃ​របស់​ សង់​ត្រា​ល់

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) តំណាង​ឱ្យ​កម្មករនិយោជិត​ ៧​ ម៉ឺន​នាក់ កាលពី​ថ្ងៃ​ទី​ ២៤ ខែមិថុនា…

រាជធានីភ្នំពេញ ​៖ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) តំណាង​ឱ្យ​កម្មករនិយោជិត​ ៧​ ម៉ឺន​នាក់ កាលពី​ថ្ងៃ​ទី​ ២៤ ខែមិថុនា បាន​ចេញ​សេចក្តីថ្លែងការណ៍ ជូន​បណ្ដាញ​អ្នកបញ្ជា​ទិញ​ចំពោះ​របាយការណ៍​របស់ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា «​សង់​ត្រា​ល់​» ដែល​ផ្សព្វផ្សាយ បំភ្លៃ​ការ​ពិត ជ្រៀតជ្រែក ញុះញង់ បំបែកបំបាក់ លាប​ពណ៌​សហជីព​នៅ​កម្ពុជា​ ។

ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​បាន​ប្រាប់​ទៅ​បណ្តាញ​អ្នកបញ្ជា​ទិញ​ទាំងអស់ កុំ​ជឿ​លើ​របា​ការណ៍​អង្គការ​សង់​ត្រា​ល់ ព្រោះ​របាយការណ៍​លើក​ឡើង​តែ​បញ្ហា​ដែល​កើតឡើង​រវាង​សហជីព និង​សហជីព​ក្នុង​ក្រុមហ៊ុន​មួយ​តែ​ប៉ុណ្ណោះ ​។ ខ្លឹមសារ​នោះ​មិន​ស៊ី​គា្ន និង​ចំណងជើង នៃ​របាយការណ៍ ហើយ​ពុំ​អាច​ចាត់​ទុក​ថា​ជា​ឧបសគ្គ​រារាំង​ភាព​ជា តំណាង​សេរីភាព​សហជីព​ទាំងអស់​នៅ​កម្ពុជា​ឡើយ​ ។

សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) យល់​ឃើញ​ពាក្យ​ថា សហជីព គឺជា​អង្គការ​វិជ្ជាជីវៈ​ឯករាជ្យ ដែល​បង្កើត ឡើង​ដោយ​កម្មករនិយោជិត​មួយ​ក្រុម ដែល​បាន​មូលមតិ​គ្នា​ក្នុង​ការ​បង្កើត​ឡើង ក្នុង​គោលបំណង​សម្រាប់ ការពារ​សិទ្ធិ​សេរីភាព និង​បម្រើ​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករនិយោជិត ​។ ក្នុង​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ​៖ «​នៅ​ក្នុង​ប្រទេស​កម្ពុជា​សហជីព​ណា​ក៏ ឯករាជ្យ​ដែរ​គ្រាន់តែ​មាន​ស្ថាប័ន​មួយ​ចំនួន​ចេះ​តែ​វាយតម្លៃ​ដោយ​ថា​សហជីព​នេះ​ឯករាជ្យ សហជីព​នោះ​មិន​ឯក រាជ្យ​តែ​ប៉ុណ្ណោះ​» ​។

ប្រភព​ដដែល​បន្ត​ថា មាន​សហព័ន្ធ​សហជីព និង​អង្គការ​មួយ​ចំនួន​ស្ថិត​នៅ​ក្រោម ការ​បង្គាប់បញ្ជា​របស់​អង្គការ​សង្គម​ស៊ី​វិល ដែល​ទទួល​ជំនួយ​ពី​បរទេស និង​បម្រើ​នយោបាយ​ឱ្យ​ជនបរទេស​ខិលខូច​មួយ​ចំនួន ហើយ​ពួក​គេ​តែង​ញុះញង់​ឱ្យ​សហព័ន្ធ​សហជីព​ទាំងនោះ បង្កើត​នូវ​រូបភាព ឬ​បញ្ហា​ផ្សេង​ៗ ដែល​ពួក​គេ​ចង់បាន ដើម្បី​បង្កាច់បង្ខូច​បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ​ខ្លួនឯង​លើ ឆាក​អន្តរជាតិ បំផ្លាញ​សេដ្ឋកិច្ចជាតិ បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ និង​ធ្វើ​ឱ្យ​បងប្អូន​កម្មករនិយោជិត​ភ័យ​ខ្លាច​បាត់បង់​ការងារ​ខាតបង់​លុយកាក់​ទៀត​ផង ​។

ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់​ថា​ ៖ «​សហព័ន្ធ និង​អង្គការ​ប្រភេទ​នេះ តែងតែ​ទទួល​បាន​នូវ​ជំនួយ​ពី​បរទេស ធ្វើការ​ឱ្យ​បរទេស ដើម្បី​បំផ្លាញ​ផលប្រយោជន៍​រួម​របស់​ជនរួមជាតិ និង​បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ​ខ្លួនឯង​»​ ។ សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) បាន​សង្កេត​ឃើញ​ថា ​បច្ចុប្បន្ន​ការ​ចុះ​ប​ញ្ចិ​ការ សហភាព​សហព័ន្ធ​សហជីព សហជីព​មូល​ដា្ឋ​ន​ណា​ក៏​អាច​ចុះបញ្ជី​បាន​ដែរ ឱ្យ​តែ​គោរព​តាម​លក្ខ​ខ័​ណ្ឌ​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​សហជីព​ ។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន NLC បាន​ស្នើ​សុំ​អង្គការ​សង់​ត្រា​ល់​ពិនិត្យ មើល​ចំណងជើង​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ ជៀសវាង​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង ដល់​សតិអារម្មណ៍​របស់​អ្នក​វិនិយោគទុន ដែល​មាន​ស្រាប់ និង​កុំឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍ អ្នក​វិនិយោគទុន​មក​ថ្មី​ៗ ដែល​មាន​បំណង​ចង់​មក​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ​។

ជាមួយ​គ្នា​នោះ NLC ក៏​បាន​ស្នើ​សុំ​ទៅ​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​នៅ​ពីក្រោយ​ខ្នង​អង្គការ សង់​ត្រា​ល់ និង​អ​ង្គេ​តទៅ​លើ​ជំនួយ​ផ្សេង​ៗ ដែល​អង្គការ​សង់​ត្រា​ល់ បាន​ទទួល​មក​ដើម្បី​ធ្វើ​សកម្មភាព​ជា​ប្រចាំ​ក្នុង​ចេតនា​បង្ករ​បញ្ហា បំភ្លៃ​ការ​ពិត ញុះ​ញ៉ុ​ង បំផ្លិចបំផ្លាញ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ធ្វើ​ឱ្យ​មាន​អ​ស្ថេ​រ​ភាព ខាត​ប្រយោជន៍​កម្មករ និយោជិត និង​សង្គម​ជាតិ​យើង​ទាំងមូល ​៕ អត្ថបទសហការ