ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ ​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​បន្ទាប់​ពី​តំណាង​កម្មករ​ជាង ​១៣ ​ម៉ឺន​នាក់​ ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍

3 ខែ មុន

រាជធានីភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​មើល​ផ្នែក​ច្បាប់ លក្ខន្តិកៈ របស់​អង្គការ​សមាគម…

រាជធានីភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​មើល​ផ្នែក​ច្បាប់ លក្ខន្តិកៈ របស់​អង្គការ​សមាគម និង​សំណើរ​សំណូមពរ​ទាំងឡាយ​ដែល ដែល​តំណាង​កម្មករនិយោជិត ​១៣ ម៉ឺន​នាក់​បាន​ដាក់​ញត្តិ ជា​បន្តបន្ទាប់ស្នើ​សុំ​ការ​អន្តរាគមន៍ ដើម្បី​ពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ «​សង់​ត្រា​ល់​» ​។

លោក​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ញត្តិ​ពី​តំណាង​កម្មករនិយោជិត ក្រ​សួ​មហាផ្ទៃ​កំពុង​ពិនិត្យ​មើល​សំណូមពរ ឬ​បញ្ហា​ដែល​ជា​កង្វល់​របស់​បងប្អូន​កម្មករ និយោជិត បាន​ស្នើ​សុំ​ឱ្យ​ក្រសួងអន្តរាគមន៍ ​។ បន្ថែម​លើ​នោះ​ក្រសួង​ក៏កំពុង​ពិនិត្យ​មើល​ថា តើ​សំណើរ​សំណូមពរ​ទាំងនោះ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង ​ឬ​យ៉ាងណា​ ។

ជា​ពិសេស ក្រសួងមហាផ្ទៃ ក៏​កំពុង​ពិនិត្យ​ញត្តិ​ទាំងនោះ​ដោយ ធៀប​ជាមួយ​ច្បាប់​ពាក់ព័ន្ធ ពោល​គឺ​ច្បាប់​ស្តី​ពី​អង្គការ​សមាគម ដើម្បី​ដឹង​ថា ច្បាប់​បាន​កម្រិត​ដូច​ម្តេច​ខ្លះ​អំពី​ការ​ដំណើរការ​ប្រព្រឹត្តិ​ទៅ នៃ​អង្គការ​សមាគម ជា​ពិសេស​អង្គការ​សមាគម​ ដែល​មាន​ភាគី​ផ្សេង​តវ៉ា ឬ​ស្នើ​ឱ្យ​មាន​អន្តរាគមន៍ ​។ មិន​តែ​ប៉ុ​ណ្នោះ ក្រសួង​ក៏​ពិនិត្យ​ប្រៀបធៀប​ថែម​ទៀត ជាមួយនឹង​លក្ខន្តិកៈ​របស់​សមាគម​ដែល​តម្កល់​នៅ​ក្រសួងមហាផ្ទៃ ថា​តើ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​ដែរ​ ឬ​យ៉ាងណា ​។

លោក​បញ្ជាក់​ថា ​៖ «​យើង​នឹង​ពិនិត្យ​ទៅ​លើ​កិច្ចការ​ទាំងអស់​នេះ​ទៅ​តាម​ច្បាប់ បទដ្ឋាន​គតិយុត្តិ មិន​ឱ្យ​មានការ​ល្អៀង ឬ​ក៏​បំពារបំពាន​ច្បាប់​ទេ ​។ ហើយ​ចំពោះ​វិធានការ​ផ្សេង​ៗ​ដទៃ​ទៀត​នោះ យើង​នឹង​ពិនិត្យ​ជាក់ស្តែង​នៅ​ពេល​ដែល​យើង​ធ្វើ​ការងារ​ដោយ​យកចិត្តទុកដាក់​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់» ​។​

សូម​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព សមាគម តំណាង​ឱ្យ​សមាជិក​សមាជិកា ដែល​បំពេញការងារ ក្នុង​វិស័យ​កាត់ដេរ និងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចំនួន​ ១៣ ​ម៉ឺន​នាក់ រួម​មាន សហ​ពន្ធ​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា និងសហភាព​សិទ្ធិ​កម្មករ​កម្ពុជា បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​ ១៤ ខែមិថុនា និង​ថ្ងៃ​ទី​ ២១ ខែមិថុនា​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​មជ្ឈមណ្ឌល សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ «​សង់​ត្រា​ល់​» ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​លក្ខន្តិកៈ​របស់​ខ្លួន ​។

សហជីព​តំណាង​កម្មករ​ទាំងនោះ​បាន សម្តែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ខ្លាំង ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករនិយោជិត និងស្ថេ​រ​ភាព​ការងារ តាម​រោងចក្រ សហគ្រាស ដែល​បណ្ដាល​មក​ពី​របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់ ដែល​វាយតម្លៃ​សេរីភាព សហជីព ក្នុង​ប្រទេស​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​សម្រាប់​ស្ថានភាព​សហជីព​នៅ​កម្ពុជា និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​។

លោក គឹ​ម ចាន់​សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​យក​ញត្តិ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី ​២១ ខែមិថុនា​ថា សកម្មភាព​របស់ អង្គការ​សង់​ត្រា​ល់ មិន​បាន​ជួយ​ដល់​បងប្អូន​កម្មករនិយោជិត​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​សកម្មភាព​របស់​អង្គការ សង់​ត្រា​ល់ បែរជា​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​វិនិយោគទុន ដែល​មាន​ស្រាប់ និង​អ្នក​វិនិយោគ ដែល​កំពុង​នឹង​ត្រៀម​មក​វិនិយោគ នៅ​កម្ពុជា​យ៉ាង​ខ្លាំង​ ។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់​ត្រា​ល់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ដែល​ជះ​ឥទ្ធិពល ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​ស្ថេ​រ​ភាព​ការងារ របស់​កម្មករនិយោជិត​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕ អត្ថបទសហការ