ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​វិទ្យាល័យ​ សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍ ​ប្រមាណ​ ២៥០០ ​នាក់​ឈ្វេងយល់​ពី​ចំណេះដឹង​ ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ហិរញ្ញវត្ថុ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​ កន្លង​មកនេះ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) និង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ បាន​សហការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដី​ពី…

រាជធានីភ្នំពេញ៖ កាលពីថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​ កន្លង​មកនេះ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) និង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ បាន​សហការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដី​ពី “​ការ​លើកកម្ពស់​ការ​យល់​ដឹង​អក្ខរកម្ម​ហិរញ្ញវត្ថុ​ នៃ​វិស័យ​មូល​ប​ត្រ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក ​ជា​អគ្គនាយក នៃ ន​.​ម​.​ក​. និង​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះ​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​ នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ចំការ​ដូង​ ។

សិក្ខាសាលា​នេះ ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​ ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ប្អូន​ៗ សិស្សានុសិស្ស នៃ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ឱ្យ​ចេះ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ​សម្រាប់​អនាគត និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឱ្យ​បាន​ជោគជ័យ និង​ចាប់ផ្តើម​បណ្តុះ​ទម្លាប់​សន្សំ កត់ត្រា គ្រប់គ្រង​ការ​ចំណាយ​ឱ្យ​បាន​ច្បាស់លាស់ និង​វិនិយោគ​ ក្នុង​វ័យ​សិក្សា ជា​ពិសេស​ផ្តល់​សញ្ញាណ ដែល​ជា​មូលដ្ឋាន​គ្រឹះ នៃ​វិស័យ​មូល​ប​ត្រ និង​អត្ថប្រយោជន៍​ក្នុង​ការ​ចូលរួម​វិនិយោគ​ ក្នុង​វិស័យ​នេះ​ ។

ថ្លែង​ក្នុង​កម្មវិធី​នេះ ឯកឧត្តម​ប្រតិភូ បាន​គូសបញ្ជាក់​ថា​៖ «ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​ ចាប់ផ្តើម​បណ្តុះ​គំនិត និង​បង្កើត​ទម្លាប់​សន្សំ ក៏​ដូច​ជា​រៀន​វិនិយោគ​ពី​វ័យក្មេង​ទៅ ដើម្បី​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ហិរញវត្ថុ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ជា​ពិសេស​ចូលរួម​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ ដែល​ជា​ចំណែក​មួយ​នៃ​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ ឡើង​បន្ថែម​ទៀត​» ។

ជាមួយ​គ្នា​នេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​លើក​ឡើង​ថា​៖ «ក្រៅពី​អនុវត្ត​តាម​កម្មវិធី​សិក្សា​គោល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្តាញ​សាលារៀន​របស់​យើង ​បាន​បន្ថែម​កម្មវិធី​គាំទ្រ និង​កម្មវិធី​សិក្សា​អម​ដែល​នាំ​មក​ពី​ក្រៅប្រទេស ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​បុគ្គល​លក្ខណៈ ការ​ប្រាស្រ័យ​ទាក់ទង បំ​ណិ​ន ជីវិត វប្បធម៌​ចម្រុះ ដើម្បី​ប្រាកដប្រជា​ថា​សិស្ស​ អាច​សម្របសម្រួល​ខ្លួន​រស់នៅ​ប្រកប​អាជីវកម្ម និង​បំពេញការងារ​ក្នុង​មជ្ឈដ្ឋាន​ប្រទេស​កម្ពុជា និង​អន្តរជាតិ» ​។​

លោក​ឧ​ញ៉ា មាន​ប្រសាសន៍​បន្ថែម​ទៀត​៖ «ក្នុង​កម្មវិធី​សិក្សា​អម​នោះ ក៏​មាន​កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​សហគ្រិន សម្រាប់​សិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២ ដែល​ជួយ​ជំរុញ​សិស្ស​ចេះ​សន្សំ​ប្រាក់ ទប់ទល់​សម្ពាធ​សម្ភារ​និយម ចេះ​គិតពិចារណា​លើ​វត្ថុ​ណា​គួ​ទិញ​និង​វត្ថុ​ណា​មិន​គួរ​ទិញ រៀន​ដេញថ្លៃ​សម្ភារ រៀន​ឈ្វេងយល់​ពី​ប្រព័ន្ធ​ធនាគារ និង​ការ​និ​យោគ​ក្នុង​ទីផ្សារ​ភាគហ៊ុន ការ​ចុះ​ទស្សនកិច្ច​សិក្សា​ តាម​បណ្តា​សហគ្រាស​អាជីវកម្ម ព្រមទាំង​រៀន​ពី​របៀប​អនុវត្ត​គម្រោង​អាជីវកម្ម​ផង​ដែរ​» ។​

សិក្ខាសាលា​ខាងលើ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ ក្នុង​ទម្រង់​ជា​លក្ខណៈ​កូនកាត់ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន ២៥០០ ​នាក់​ដែល​ជា​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ ពី​វាគ្មិន​មក​ពី ន​.​ម​.​ក​., បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​ក្រុមហ៊ុន​មូល​ប​ត្រ អេ​ស៊ី​លី​ដា ម​.​ក ផង​ដែរ​ ៕ អត្ថបទសហការ