ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ផ្សព្វផ្សាយ​ «​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​» និង «កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» នៅ​ខេត្តកំពង់ចាម

3 ខែ មុន

ខេត្តកំពង់ចាម​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ ​២០២៤ បាន​រៀបចំ…

ខេត្តកំពង់ចាម​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ ​២០២៤ បាន​រៀបចំ កម្មវិធី​ផ្សព្វផ្សាយ​ស្ដី​ពី “​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​” និង “​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​” រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​សាលាខេត្ត​កំពង់ចាម​ ។ ពិធី​ផ្សព្វផ្សាយ​នេះ ក៏​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​រដ្ឋបាល​ខេត្តកំពង់ចាម សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ សរុប​ប្រមាណ​ជាង ១ ​ពាន់​នាក់​ ។

ឯកឧត្តម ហួត ស៊ី​នាដ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ដោយ​ក្នុង​នោះ​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍ កម្រិត​ទី​ ១ ដែល​រួម​មាន សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដែល​មាន​ជម្រើស​ទៅ​ព្យាបាល នៅ​មូលដ្ឋាន​សុខាភិបាល​នានា​ជា​ដៃគូ ប​.​ស​.​ស​. បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​, បុគ្គល​ស្វ័​យ​និ​យោជន៍ ជា​ស្ត្រី​ដែល​បង់​ភាគទាន​បាន ៩ ​ខែ​ជាប់​គ្នា នឹង​ទទួល​បាន​ប្រាក់​បំណាច់​លំហែ​មាតុភាព​នៅ​ពេល​សម្រាលកូន​, និង​វិភា​ជន៍​ប្រាក់​បូជាសព នៅ​ពេល​ពួក​គាត់​ទទួលមរណភាព​ ។

ឯកឧត្តម​រដ្ឋ​លេខា លើក​ឡើង​បន្ត​ថា ចំពោះ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមាណ ១,៥​ លាន​នាក់ កម្រិត​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ ១ យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ អាច​ចុះ​ឈ្មោះ និង​ទទួល​បានការ​បណ្ដុះបណ្ដាល​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នានា ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ ដោយ​មិន​បង់ថ្លៃ​សិក្សា និង​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ​២៨​ ម៉ឺន​រៀល ​។

ដោយឡែក យុវជន​នានា រួម​ទាំង​បុគ្គល​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បងប្អូន​កម្មករនិយោជិត​ក៏​អាច​ចូល​រៀន​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ដោយ​មិន​បង់ថ្លៃ​ផង​ដែរ ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ ដែល​អាច​យក​ទៅ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន ឬ​ចូល​បម្រើ​ការងារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​នានា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ជំនាញ ការ​បង្កើន​ជំនាញ ឬ​បង្កើន​ផលិតភាព​ពេញ​មួយ​ជីវិត រួម​ទាំង​និយោជក ម្ចាស់​សហគ្រាស​ដែល​មាន​បំណង​បង្កើន​ប្រសិទ្ធិ​ភាព ផលិតភាព​ការងារ​និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ឬ​ចំណេះដឹង​ផ្នែក​សហគ្រិនភាព​និង​ផ្នែក​ផ្សេង​ៗ​ប្រកបដោយ​ចីរភាព ភាព​ធន់ និង​បរិ​យា​បន្ន ដោយ​រក្សា​បាន​នូវ​ស្ថិរភាព​ការងារ កំណើន ផលិតភាព ប្រាក់​ចំណូល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ការ​ប្រកួតប្រជែង ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ “​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​” និង “​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​” ដែល​ជា​ការងារ​អាទិភាព​សំខាន់​ចំនួន ២ ក្នុង​ចំណោម​ការងារ​អាទិភាព​ចំនួន ៦ នៃ​កម្មវិធី​ន​យោ​យ​បាយ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​ប្រជាជន បង្កើន​ឱកាស​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាជន​ ៕ អត្ថបទសហការ