ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ថោ ជេដ្ឋា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ក្រសួង ​ចូលរួម​ក្នុង​វេទិកា​ទឹក​ពិភពលោក​លើក​ទី ១០ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

3 អាទិត្យ មុន

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ទឹក​ពិភពលោក​លើក​ទី​ ១០…

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ទឹក​ពិភពលោក​លើក​ទី​ ១០ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ​២០-២១ ខែឧសភា ឆ្នាំ​ ២០២៤ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​។

សូម​ជម្រាប​ថា វេទិកា​ទឹក​ពិភពលោក​បាន​បង្កើត​ឡើង​ដោយ​ក្រុមប្រឹក្សា​ទឹក​ពិភពលោក គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​សាកល ដើម្បី​សម្រេច​បាន​នូវ​ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​និរន្តរភាព និង​វិបុលភាព​រួម​គ្នា ដោយ​ការ​លើកកម្ពស់​កិច្ចសហការ ការ​ច្នៃប្រឌិត និង​ការ​ប្ដេជ្ញា​ចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​នៅ​ទូ​ទាំង​ពិភពលោក ​។ ចាប់តាំងពី​ឆ្នាំ ​១៩៩៧ ​មក វេទិកា​ទឹក​ពិភពលោក បាន​ប្រារ​ព្វ​ធ្វើ​ឡើង​រៀង​រាល់​៣​ឆ្នាំ​ម្តង និង​បាន​ក្លាយជា​វេទិកា​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ក្នុង​វិស័យ​ទឹក​ដែល​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ចម្រុះ ហើយ​នៅ​ឆ្នាំ ​២០២៤ នេះ វេទិកា​ទឹក​ពិភពលោក​លើក​ទី ​១ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «​ទឹក​ដើម្បី​ភាព​ចម្រុងចម្រើន​រួម​គ្នា​» ​។

លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​បាន​អញ្ជើញ​បើក​វេទិកា​ទឹក​ពិភពលោក​លើក​ទី​ ១០ ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ទឹក​ពិភពលោក​និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជា​ម្ចាស់ផ្ទះ និង​មានការ​ចូលរួម​ពី​បណ្តា​ប្រមុខ​រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកនយោបាយ អ្នក​សិក្សា​ស្រាវជ្រាវ អាជ្ញាធរ​ក្នុង​តំបន់ អង្គការ​អន្តរជាតិ សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន ព្រមទាំង​អ្នកតំណាង​ចូលរួម​ពី​គ្រប់​តំបន់ និង​គ្រប់​កម្រិត ចំនួន ១០៥ ប្រទេស សរុប​ប្រមាណ​ជាង ១​ ម៉ឺន​នាក់ ​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ដៃគូ​មួយ​ចំនួន​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា ព្រមទាំង​ស្វែងរក​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​វិស័យ​ធាន​ធាន​ទឹក និង​ឧតុនិយម​នៅ​កម្ពុជា រួម​មាន​ ៖ ១) ​កិច្ច​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Hon Patrick Gorman រដ្ឋមន្ត្រី​ជំនួយ​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី និង​ជា​សមាជិក​សភា​តំបន់​ Perth និង ២)​ កិច្ច​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​តំណាង​ធនាគារពិភពលោក លោកស្រី Manuela V. Ferro អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និង​ប៉ា​ស៊ី​ហ្វិ​ក និង​លោក Saroj Kuma Jha នាយក​ផ្នែក​ទឹក​សាកល​នៃ​ធនាគារពិភពលោក​ ។

គួរ​បញ្ជាក់​ថា វេទិកា​ទឹក​ពិភពលោក​លើក​ទី​ ១០ ផ្តោត​លើ​ប្រធានបទ​រង​ចំនួន​ប្រាំមួយ​ ៖ ទី​ ១)​សុវត្ថិភាព​ទឹក និង​វិបុលភាព ទី ​២)​ ទឹក​សម្រាប់​មនុស្ស និង​ធម្មជាតិ ទី​ ៣) ​ការ​គ្រប់គ្រង និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ទី ​៤)​ កិច្ច​សហប្រតិបត្តិការ និង​ការទូត​ជល​សាស្ត្រ ទី ​៥)​ នវានុវត្តន៍​ហិរញ្ញវត្ថុ​សម្រាប់​ទឹក និង​ទី ​៦)​ ចំណេះដឹង និង​ការ​ច្នៃប្រឌិត​ ៕ អត្ថបទសហការ