ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រ​សួង​ការងារ និង​ក្រសួង​ប្រៃសណីយ៍ ចុះអនុស្សរណៈ​ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល

3 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ​ជា វ៉ា​ន់​ដេ​ត…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ​ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពីថ្ងៃ​ទី​ ២៤ ខែមិថុនា ឆ្នាំ ​២០២៤ ​មកនេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ ។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​ជួយ​គាំទ្រ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អ៉ីនធឺណិត​នៅ​ក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គ្រប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង ព្រមទាំង​ជួយ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថ​ល​ជូន​មន្ត្រីរាជការ និង​ជួយ​រៀបចំ​គាំទ្រ​ខាង​ផ្នែក​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ក្រសួង​ផង​ដែរ​ ។

បន្ថែម​ពី​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ប្រើប្រាស់​ប្រព័ន្ធ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) ​នេះ សម្រាប់​បណ្ណ​/​សៀវភៅ​ការងារ​របស់​កម្មករនិយោជិត​ខ្មែរ សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) វិញ្ញាបនបត្រ​វិជ្ជាជីវៈ​កម្រិត ​(១,២,៣) វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព សញ្ញាបត្រ​បច្ចេកទេស​ជាន់ខ្ពស់ បរិញ្ញាបត្រ​បច្ចេកទេស និង​ឯកសារ​ផ្លូវការ​ផ្សេង​ៗ​ទៀត​របស់​ក្រសួង​។

ឯកឧត្តម ហេង សួរ​ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​បន្ថែម​ដែល​នឹង​ធ្វើ​ឱ្យ​សេវា​សាធារណៈ​ឯកសារ​ផ្លូវការ​ដែល​ចេញផ្សាយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាន់តែ​ធានា​បាន​នូវ​សុ​ក្រឹត្យ​ភាព និង​ត្រឹមត្រូវ​ដោយ​ទប់ស្កាត់​បាន​នូវ​ការ​ក្លែងបន្លំ ក៏​ដូច​ជា​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ ។

សូម​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​ពីរ​តាម​រយៈ​អនុស្សរណៈ​នា​ពេល​នេះ នឹង​ចូលរួម​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា ២០២២-២០៣៥ សំដៅ​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថ​ល និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ប្រសិទ្ធភាព​ខ្ពស់​ ៕ អត្ថបទសហការ