ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ បញ្ជាក់​ទៅ​កាន់​សភាពាណិជ្ជកម្ម​អឺរ៉ុប ​ប្រចាំ​នៅ​កម្ពុជា អំពី​ការ​កែសម្រួល​សេវា ​ដើម្បី​បង្កើន​បរិយាកាស​វិនិយោគ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៥…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៥ ខែមេសា ឆ្នាំ​ ២០២៤ ​នេះ បាន​ថ្លែង​បញ្ជាក់​ទៅ​កាន់​សមាជិក​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​(EuroCham) អំពី​ការ​កែសម្រួល​សេវា​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​អាណត្តិ​ទី​ ៧ ​ថ្មី​នេះ​ដើម្បី​បន្ត​ជួយ​គាំទ្រ និង​បង្កើន​បរិយាកាស​អាជីវកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់ដូច​នេះ គឺ​នៅ​ពេល​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ធនធានមនុស្ស​ប្រចាំឆ្នាំ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​(EUROCHAM) ដែល​បាន​ធ្វើ​ឡើង​នៅ សណ្ឋាគារ​អ៊​ក​វ៉ូត​ (Oakwood) ក្នុង​រាជធានី​ភ្នំពេញ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា សេវា​មិន​តិច​ជាង​ ១០ ​ប្រភេទ​នោះ​ទេ​ដែល​ក្រសួង​នឹង​ត្រូវ​កែសម្រួល​មិន​យក​ថ្លៃ ឬ​កាត់​បន្ថយថ្លៃ និង​ពេលវេលា​ដែល​ជា​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​លើក​ឡើង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​ ១៩ កាលពី​ថ្ងៃ​ទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​កន្លង​ទៅ​នេះ ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន ​។ ជាមួយនឹង​ការ​អបអរសាទរ​ដោយ​សំឡេង​ទះដៃ​ពី​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការ​កែសម្រួល​សេវា​នឹង​អាច​ប្រកាស​នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ​នៃ​ខែមេសា ឆ្នាំ ​២០២៤​ នេះ ​។

បន្ថែម​ពី​នេះ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម បាន​ជំរុញ​ឱ្យ​សមាជិក​សភាពាណិជ្ជកម្ម​អឺរ៉ុប​ដែល​ចង់​បណ្តុះបណ្តាល ឬ​បង្កើន​សមត្ថភាព​បុគ្គលិក មក​ចុះ​ឈ្មោះ​បណ្តុះបណ្តាល​តាម​គ្រឹះស្ថាន​អប់រំ​សិក្សា​របស់​ក្រសួង​ដែល​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ដោយ​ឥត​គិតថ្លៃ​តាំងពី​កម្រិត​បច្ចេកទេស​វិជ្ជាជីវៈ​កម្រិត​ ១ រហូត​ដល់​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ​(​ឌី​ប្លូ​ម៉ា​)​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​រំលឹក​ពី​កម្មវិធី​ថ្នាក់​ជាតិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន​ ១.៥ ​លាន​នាក់​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ដោយ​ឥត​គិតថ្លៃ​ និង​ប្រាក់​ឧ​ប​ត្ថ​ម​ពី​រាជរដ្ឋាភិបាល​ចំនួន ​២៨​ ម៉ឺន​រៀលក្នុង​មួយ​ខែ​ ។

សូម​បញ្ជាក់​ថា ក្នុង​អាណត្តិ​ទី​ ៧ ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំណត់​យក​ការ​បណ្តុះបណ្តាល​ជំនាញ​គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​រយៈពេល​ ៥ ​ឆ្នាំ​ ដើម្បី​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ​ក្នុង​ការ​ផលិត​មូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយា​មារយាទ មនសិការ​វិជ្ជាជីវៈ ស្មារតី​ទទួលខុសត្រូវ​ដែល​មាន​ផលិតភាព​ខ្ពស់ មាន​ភាព​ធន់ បត់បែន​ដែល​អាច​ឆ្លើយ​តប​តាម​តម្រូវការ​នៃ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស ​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​ទិស​ដៅ​ធានា​ថា ពលរដ្ឋ​ម្នា​កក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត ​៕ អត្ថបទសហការ