ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អេស​ស៊ីជី​ សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម លើ​ការ​សិក្សា​ទិន្នន័យ​មូលដ្ឋាន​ជីវចម្រុះ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា តាម​រយៈ​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន គឺ​ក្រុមហ៊ុន កំពត ស៊ី​មេន កាលពី​ថ្ងៃ​ទី…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា តាម​រយៈ​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន គឺ​ក្រុមហ៊ុន កំពត ស៊ី​មេន កាលពី​ថ្ងៃ​ទី ​១១ ខែកុម្ភៈ ឆ្នាំ​ ២០២២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយនឹង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) សម្រាប់​ការ​សិក្សា​ទិន្នន័យ​មូលដ្ឋាន​ជីវចម្រុះ​នៅ​តំបន់​ការដ្ឋាន​យក​ថ្មកំបោរ​របស់រោងចក្រ​ក្រុម ហ៊ុន កំពត ស៊ី​មេន ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ស្ដារ​បរិស្ថាន​ និង​អភិរក្ស​ជីវចម្រុះ​នៅ​តំបន់​ទាំងនោះ នា​ពេល​អនាគត ។

នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ មជ្ឈមណ្ឌល​សិក្សា​កសិកម្ម​ និង​បរិស្ថាន (CAES) របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នឹង​អនុវត្ត​ការ​សិក្សា​ទិន្នន័យ​មូលដ្ឋាន​ជីវចម្រុះ នៅ​ទីតាំង​គម្រោង​យក​ថ្មកំបោរ​ដែល​គ្រប់គ្រង​ដោយ​រោងចក្រ​ស៊ីម៉ងត៍ កំពត ស៊ី​មេន នៅ​ក្នុង​ខេត្តកំពត ដើម្បី​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​សម្រាប់​បម្រើ​ដល់​ការ​អនុវត្ត​ការងារ​ស្ដារ​បរិស្ថាន ​និង​អភិរក្ស​ជីវចម្រុះ​នៅ​តាម​តំបន់​គម្រោង​ទាំងនេះ នៅ​ពេល​ខាង​មុខ ។

នៅ​ឯ​ពិធី​ចុះហត្ថលេខា លោក​បណ្ឌិត រ៉ាត់​ឆា​យុ​ត កា​សេ​ម​ឆៃ​សិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ដែល​បាន​ជ្រោមជ្រែង​ឱ្យ​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​នេះ ។

លោក​បណ្ឌិត រ៉ាត់​ឆា​យុ​ត កា​សេ​ម​ឆៃ​សិរី បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា «​ទិន្នន័យ​មូលដ្ឋាន​ដែល​នឹង​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវ​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ការងារ​ស្តារ​តំបន់​យក​ថ្មកំបោរ និង​ការ​អភិរក្ស​ជីវចម្រុះ​នៅ​ឯ​រោងចក្រ​ស៊ីម៉ងត៍ កំពត ស៊ី​មេន ដែល​ជា​ផ្នែក​ស្នូល​មួយ​នៃ​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព ដែល​ក្រុមហ៊ុន អេស​ស៊ីជី តែងតែ​អនុវត្ត​ខ្ជាប់ខ្ជួន​ចំពោះ​អាជីវកម្ម​របស់​យើង» ។ លោក​បណ្ឌិត រ៉ាត់​ឆា​យុ​ត បាន​បន្ថែម​ថា «​ទិន្នន័យ​មូលដ្ឋាន​នេះ​ក៏​នឹង​ផ្ដល់​នូវ​គោលការណ៍​ណែនាំ​ និង​គំរូ​សម្រាប់​ការ​ស្ដារ​ទីតាំង​តំបន់​យក​ថ្ម និង​អភិរក្ស​បរិស្ថាន​និង​ជីវចម្រុះ​នៅ​ជុំវិញផង​ដែរ» ។​

ឯកឧត្ដម​បណ្ឌិត ង៉ោ ប៊ុ​ន​ថា​ន សាកលវិទ្យាល័យ​ធិ​ការ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក៏​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ​និង​ក្រុមហ៊ុន អេស​ស៊ីជី ផង​ដែរ ដោយ​ថា​ គម្រោង​សិក្សា​ស្រាវជ្រាវ​មួយ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​សាកលវិទ្យាល័យ ។ ឯកឧត្តម​បណ្ឌិត ង៉ោ ប៊ុ​ន​ថា​ន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ យើង​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន លើ​ការងារ​សិក្សា​ស្រាវជ្រាវ​កសិកម្ម​ និងបរិស្ថាន ឱ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​នៅ​កម្ពុជា» ។

សូម​បញ្ជាក់​ថា ការ​សិក្សា​ដែល​នឹង​មាន​រយៈពេល ១ ​ឆ្នាំ​គិត​ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ទៅ នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​យក​ថ្មកំបោរ​ដែល​ស្ថិត​នៅ​ជាប់​នឹង​រោងចក្រ កំពត ស៊ី​មេន ស្ថិត​នៅ​ចម្ងាយ​ជាង ៤ ​គីឡូម៉ែត្រ​ខាងលិច​ទីរួមស្រុក​បន្ទាយមាស ខេត្តកំពត ៕