ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កោតសរសើរកម្ពុជា ក្នុង​នាម​ជា​ប្រទេស​ត្រួសត្រាយ​ផ្លូវ (Pathfinder) នៃ​ក្រប​ខណ្ឌ​កាតាលីករ​សកល​ស្តី​ពី​ការងារ និង​ការ​គាំពារ​សង្គម

1 ថ្ងៃ មុន

ទីក្រុងហ្ស៊ឺ​ណែវ ៖ កាលពីថ្ងៃ​ទី​ ៩ ខែមិថុនា ឆ្នាំ​ ២០២៥ ឯកឧត្តម សោម ចំណាន…

ទីក្រុងហ្ស៊ឺ​ណែវ ៖ កាលពីថ្ងៃ​ទី​ ៩ ខែមិថុនា ឆ្នាំ​ ២០២៥ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Gilbert F. Houngbo អគ្គនាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អំឡុង​បំពេញបេសកកម្ម​ចូលរួម​សន្និសីទ​អន្ដរជាតិ​ខាង​ការងារ​លើក​ទី​ ១១៣ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ទីក្រុង​ហ្ស៊ឺ​ណែវ ​។

នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម សោម ចំណាន បាន​ថ្លែងអំណរគុណ​ដល់​អង្គការ ILO សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​ដល់​កម្ពុជា​លើ​ការ​អភិវឌ្ឍ​វិស័យ​ការងារ តាម​រយៈ​ការ​អនុវត្ត​គម្រោង និង​កម្មវិធី​ជា​ច្រើន ជា​ពិសេស​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា (DWCP) ដែល​បាន​រួមចំណែក​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ទីផ្សារ​ការងារ​, ការ​លើកកម្ពស់​ការងារ​សមរម្យ​ប្រកបដោយ​បរិ​យា​បន្ន​សម្រាប់​យុវជន​, ការ​អភិវឌ្ឍ​ជំនាញ​, ការ​ពង្រីក​ដែន​នៃ​ការ​គាំពារ​សង្គម និង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​។ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​កាតាលីករ​សកល​ស្តី​ពី​ការងារ និង​ការ​គាំពារ​សង្គម និង​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម Gilbert F. Houngbo បាន​កោតសរសើរ​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ត្រួសត្រាយ​ផ្លូវ (Pathfinder) នៃ​ក្រប​ខណ្ឌ​កាតាលីករ​សកល​ស្តី​ពី​ការងារ និង​ការ​គាំពារ​សង្គម ដែល​បាន​ដាក់​បន្ស៊ី​នូវ​យុទ្ធសាស្ត្រ​គាំពារ​សង្គម និង​ការងារ ជាមួយនឹង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​ស្វាគមន៍​លទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​៦​ដំណាក់កាល​កន្លង​មកនេះ ហើយ​ក៏​បាន​កោតសរសើរ​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​កាតាលីករ​សកល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក កាលពីដើម​ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ​។ ឯកឧត្តម​អគ្គនាយក​ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ ILO ក្នុង​ការ​បន្ត​គាំទ្រ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផង​ដែរ ​៕ អត្ថបទសហការ