រាជធានីភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ត្រៀមដាក់តាំងបង្ហាញជំនាញចំនួន ៣ រួមមាន ៖ ជំនាញការផលិតនំ ជំនាញធុរកិច្ចភេសជ្ជៈ និងជំនាញបច្ចេកវិទ្យាព័ត៌មាន នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី ៨ ឆ្នាំ ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី ១៥-១៦ ខែមិថុនា ។
លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានឱ្យដឹងថា TVET Day ជាទិវាដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់អាចមកចូលរួមទស្សនាការដាក់តាំងបង្ហាញពីស្នាដៃ មុខជំនាញផ្សេងៗជាច្រើនព្រមទាំងអាចជួបជែកដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតដែលមានបទពិសោធន៍បញ្ចេញស្នាដៃរបស់ខ្លួន ព្រមទាំងឱកាសផ្សេងៗជាច្រើនទៀត ។
លោកស្រីនាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី ៨ ឆ្នាំ ២០២៥ ឱ្យបានច្រើនកុះករ ។ ការចូលរួមទិវានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ក៏ដូចជាទទួលបានឱកាសស្វែងយល់ពីជំនាញ ឱកាសការងារ ក៏ដូចជាឱកាសទំនាក់ទំនងជាមួយរោងចក្រសហគ្រាស ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ