ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ TVET ធំ​ៗ​ទាំង ​៣​នៅ​ខេត្តបាត់ដំបង ត្រៀមសហការ​រៀបចំ ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ លើក​ទី ​៨ ឆ្នាំ ​២០២៥

1 ថ្ងៃ មុន

ខេត្ត​បាត់ដំបង​ ៖ វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង (NVIB) វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង (RPITSB) និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT) បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​គ្នា រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ…

ខេត្ត​បាត់ដំបង​ ៖ វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង (NVIB) វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង (RPITSB) និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT) បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​គ្នា រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET Day) លើក​ទី​៨ ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» នៅ​បរិវេណ​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ ​២០២៥ ស្រប​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ។

លោក សុខ គុណ នាយករង​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង បានឱ្យ​ដឹង​ថា ​៖ «​វិទ្យាស្ថាន​យើងខ្ញុំ​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​សហការ​គ្នា រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ នា​ថ្ងៃ​ទី ​១៥ ខែមិថុនា​នេះ ដែល​នឹង​មានការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​បណ្ដុះបណ្ដាល​ខេត្ត និង​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អង្គការ ក្រុមហ៊ុន​ឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន​ស​.​ស​.​យ​.​ក​. យុវជន​កាយឫទ្ធិ សរុប​ប្រមាណ ៧ ៦២៥ នាក់​»​ ។

លោក​បាន​បន្ត​ថា ឱកាស TVET Day លើក​ទី​៨​នេះ វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង​នឹង​រៀបចំ​ការ​តាំង​បង្ហាញ​ស្នាដៃ​របស់​សិស្ស និស្សិត​មួយ​ចំនួន​ដូច​ជា​៖ ស្នាដៃ​ជំនាញ​កែ​ច្នៃ​បន្លែ​ផ្លែ​ឈើ ស្នាដៃ​ជំនាញ​ត​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ ស្នាដៃ​ជំនាញ​សរសេរ​កូដ ឬ Graphic Design និង​គ្រឿង​ប​ម្លា​ស់​រថយន្ត​ជាដើម ​។

លោក​នាយករង​វិទ្យាស្ថាន NVIB បាន​បង្ហាញ​ការ​យល់​ឃើញ​ថា TVET Day ជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន​ឱ្យ​បាន​យល់​អំពី​សារៈសំខាន់ នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​និង​ក្រៅប្រទេស​។ ម្យ៉ាងទៀត TVET Day ក៏​ជា​ឱកាស​បង្ហាញ​ដល់​យុវជន​ដែល​មិន​ទាន់​ចាប់​យក​ជំនាញ​ឱ្យ​មាន​មូលដ្ឋាន​ច្រើន និង​កាន់តែ​ច្រើន​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​ការ​សិក្សា​ជំនាញ​ណាមួយ ដែល​ពួក​គេ​គិត​ថា​ជា​ទុន​កសាង​ជីវភាព​ទៅ​ថ្ងៃ​អនាគត ​។

លោក សុខ គុណ ក៏​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស និស្សិត យុវជន ប្រជាពលរដ្ឋ​ទូទៅ សូម​ចូលរួម​ក្នុង​កម្មវិធី TVET Day នៅ​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង ឱ្យ​បាន​ច្រើន​កុះករ នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥​។ វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៥៧ ភូមិ​អណ្ដូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ខាងលិច​រង្វង់​មូល​នាង រំសាយសក់ ១៥០០​ម៉ែត្រ (​ផ្លូវ​ទៅ​ភ្នំ​សំពៅ​) ៕ អត្ថបទសហការ