រាជធានីភ្នំពេញ ៖ ជម្លោះហិង្សារវាងប្រពន្ធប្តីក្នុងគ្រួសារវ័យក្មេងមួយគូ បានកើតឡើងនៅផ្ទះលេខ៥៨B ផ្លូវលេខ៩៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កក្កដា បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ឯបុរសជាប្តីស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងក្រោយពេលពួកគេឈ្លោះប្រកែកគ្នា រហូតបុរសជាប្តីចាក់ប្រពន្ធឱ្យរបួស ហើយស្មានថាស្លាប់ ក៏ចាក់សម្លាប់ខ្លួនឯងជាការធ្វើអត្តឃាតតាមក្រោយ ។
ជុំវិញរឿងរ៉ាវខាងលើនេះ ប្រភពព័ត៌មានពីកន្លែងកើតហេតុ ក៏ដូចជាសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលចាក់ប៉ងសម្លាប់ប្រពន្ធ ហើយធ្វើអត្តឃាតខ្លួនឯងនេះឈ្មោះ ម៉េង រស់ អាយុ៣៥ឆ្នាំ ឯប្រពន្ធដែលរងរបួសធ្ងន់ឈ្មោះ ឈិត គឹម អាយុ២៤ឆ្នាំ ។ ទាំងពីរនាក់ប្តីប្រពន្ធជាអាជីវករលក់ក្រណាត់នៅផ្សារអូឡាំពិក ។ ប្រភពដដែលបន្តថា ពេលកើតមានហិង្សានៅក្នុងគ្រួសារនេះ ពុំមាននរណាម្នាក់ដឹងឬអាចជួយបានឡើយ ដោយសារកន្លែងកើតហេតុស្ថិតក្នុងផ្ទះល្វែងដែលជាកម្មសិទ្ធិផ្ទាល់របស់ពីរនាក់ប្តីប្រពន្ធនេះ ទើបគ្មាននរណាដឹងភ្លាមៗ ។
បើតាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានក៏ដូចជាអ្នកជិតខាង រួមជាមួយនឹងក្រុមគ្រួសាររបស់ស្ត្រីជាប្រពន្ធបានឱ្យដឹងថា ការបែកធ្លាយព័ត៌មានចេញមកដល់សមត្ថកិច្ចក៏ដូចជាអ្នកជិតខាង គឺដោយសារស្ត្រីជាប្រពន្ធរត់ឡើងទៅលើដំបូលផ្ទះជាន់លើបង្អស់នៃសំណង់ផ្ទះល្វែងរបស់ខ្លួន ហើយទូរស័ព្ទប្រាប់បងប្អូនរួចស្រែកហៅគេឯងឱ្យជួយ ទើបបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងចេញសួរនាំប្រសេចប្រសាច ។ ដោយឡែក បុរសជាប្តីក្រោយពេលចាក់ប្រពន្ធឱ្យរបួសធ្ងន់ ហើយនឹកស្មានថាស្លាប់ ក៏ចាក់សម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់ជីវិតទាំងពីរនាក់ក្នុងពេលតែមួយ និងបានទូរស័ព្ទប្រាប់បងប្អូនថា ឱ្យមកជួយខ្លួនផង ព្រោះខ្លួនបានចាក់សម្លាប់ប្រពន្ធរួចចាក់សម្លាប់ខ្លួនឯងជិតស្លាប់ហើយ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ អ្នកជិតខាងក៏ដូចជាបងប្អូនរបស់ប្តីប្រពន្ធក្នុងគ្រួសារនេះទាំងសងខាង មានការតក់ស្លុត ហើយម្នាក់ៗសម្រុកចូលលំនៅឋានខាងលើយ៉ាងតក់ក្រហល់គ្រប់ៗគ្នា ។ លុះពេលបើកទ្វារបានចូលដល់ក្នុងផ្ទះ ឃើញឈ្មោះ ម៉េង រស់ ដេកដួលក្នុងថ្លុកឈាមបាត់ស្មារតីសូន្យឈឹង ក៏ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលគ្រូពេទ្យប្រាប់ថា ឈ្មោះ ម៉េង រស់ ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារដឹកសពយកទៅតម្កល់ធ្វើបុណ្យនៅវត្តមង្គលវ័ន ហៅវត្តថ្វាយបង្គំ តាមទំនៀមទម្លាប់ប្រពៃណី រីឯស្ត្រីជាប្រពន្ធត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ជុំវិញរឿងរ៉ាវខាងលើនេះ បើតាមប្រភពព័ត៌មានក្រៅផ្លូវការពីរផ្សេងគ្នាឱ្យដឹងថា ហិង្សាកើតឡើងផ្តើមចេញពីបុរសជាប្តីមានចរិតប្រចណ្ឌប្រពន្ធ ឯប្រភពមួយទៀតនិយាយថា មកពីបុរសជាប្តីជំពាក់ប្រាក់គេច្រើនពេក ។ ប៉ុន្តែប្រភពទាំងពីរនេះ ត្រូវបានក្រុមគ្រួសារខាងបុរសជាប្តី ក៏ដូចជាសាច់ញាតិខាងស្ត្រីជាប្រពន្ធបដិសេធទាំងស្រុង ។ ក្រុមគ្រួសាររបស់ឈ្មោះ ម៉េង រស់ និយាយថា ការជំពាក់លុយក្នុងមុខរបរទិញលក់ក្រណាត់គឺជារឿងធម្មតារបស់អាជីវករគ្រប់រូប មិនមែនជារឿងធំដុំដល់ថ្នាក់ធ្វើអត្តឃាតឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងបញ្ហានេះ ក្រុមគ្រួសាររបស់ឈ្មោះ ម៉េង រស់ និយាយថា វាចប់សព្វគ្រប់ត្រឹមហ្នឹងទៅចុះ គឺមិនចង់វែងឆ្ងាយអ្វីទៀតឡើយ ។
ដោយឡែក ក្រុមគ្រួសាររបស់នាង ឈិត គឹម បានបដិសេធដែរថា រឿងរ៉ាវប្រចណ្ឌគ្នានេះមិនមែនជាការពិតឡើយ តែបើបញ្ហាជំពាក់ប្រាក់កាក់គេខ្លះៗនោះ គឺអាចមានប្រាកដមែន ។ រីឯអំពើហិង្សាដែលឈានដល់ថ្នាក់ចាក់សម្លាប់ប្រពន្ធ និងខ្លួនឯងនោះ អាចជារឿងកំរោលចូល ក៏ថាបានដែរ ព្រោះពីរនាក់ប្តីប្រពន្ធនេះស្រលាញ់គ្នាល្អូកល្អឺនខ្លាំងណាស់ ហើយពួកគេក៏គោរពគ្នាទៅវិញទៅមកក្នុងសុភមង្គលគ្រួសារ មិនដែលមានល្អក់កករអ្វីឡើយ ។ ម្យ៉ាងទៀត ពួកគេទើបតែរៀបអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធបានជាងមួយឆ្នាំប៉ុណ្ណោះ មិនទាន់មានកូនចៅនៅឡើយទេ ។
បើតាមស្រី្តម្នាក់ ដែលនៅកំដរនាង ឈិត គឹម នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា នៅយប់កើតហេតុនោះពីរនាក់ប្តីប្រពន្ធខាងលើបានឌុបគ្នាទៅលេងផ្ទះគាត់នៅឯផ្សារឌុយម៉ិច រហូតដល់ម៉ោងជាង៩យប់ ទើបត្រឡប់មកផ្ទះវិញ ដោយពួកគេព្រួយបារម្ភខ្លាចមានអ្នកផ្សេងលួចកាត់សោផ្ទះចូលលួចអីវ៉ាន់ លុះរំលងអធ្រាត្របន្តិច ក៏ឮព័ត៌មានអកុសលខាងលើតែម្តង ។
សូមបញ្ជាក់ថា នៅលើរាងកាយស្ត្រីជាប្រពន្ធមានស្នាមអារ.ក និងចាក់ដោយកាំបិតចុងស្រួច ជាច្រើនកន្លែងនៅលើដងខ្លួន ចំណែកសពបុរសជាប្តីវិញមានស្នាមចាក់ពោះខ្លួនឯងចំនួន៣កាំបិត និងអារ.កដៃបណ្តាលឱ្យហូរឈាមរហូតខ្សោះស្លាប់បាត់បង់ជីវិត ។ ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចរកមិនឃើញមានវត្ថុតាងជាកូនបិតដែលពីរនាក់ប្តីប្រពន្ធចាក់សម្លាប់ខ្លួនឯងនោះទេ ។
សូមបញ្ជាក់ថា នៅម្តុំកន្លែងកើតហេតុខាងលើ កាលពីអំឡុងខែមីនា ឆ្នាំ២០១៣ កន្លងមក ក៏មានអំពើឃាតកម្ម បុរសជាប្តីអារ.កប្រពន្ធសម្លាប់រួចរត់គេចខ្លួនបាត់រហូតដល់បច្ចុប្បន្ន នៅមិនទាន់ចាប់ខ្លួនបុរសជាប្តីបាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ