រាជធានីភ្នំពេញ ៖ យុវជនមា្នក់ត្រូវសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី២៧ មិថុនា ពាក់ព័ន្ធលួចលុយ និងគ្រឿងអលង្ការគេចំនួន៦.០០០ដុល្លារអាមេរិកនៅពេលម្ចាស់ប្រាក់គេជួលឲ្យប្រក់ដំបូលផ្ទះ ។ ជនជាប់សង្ស័យឈ្មោះពេជ្រ សាមឌី ហៅ អេតចាយ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៥៤៤ ផ្លូវលំ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យខាងលើនេះលោកវរសេនីយ៍ទោ ម៉ាំង សុខលុច នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះនូវ សុម៉ាលី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ ជាបុគ្គលិកសាកលវិទ្យាលយ័ បៀលប្រាយ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
លោកម៉ាំង សុខលុច បន្តថា តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី ៣-៤ ឧសភា ២០១៤ គាត់បានជួលឈ្មោះពេជ្រ សាមឌី ហៅ អេតចាយ ឲ្យឡើងប្រក់ដំបូលផ្ទះឱ្យ ។ កន្លះខែក្រោយមកនៅថ្ងៃទី២២ ឧសភា ដើមបណ្តឹងបានមើលប្រអប់គ្រែដាក់ប្រាក់ក្បាលដំណេក ស្រាប់តែបាត់លុយ និង គ្រឿងអលង្ការអស់រលីង សរុបប្រមាណ៦.០០០ដុល្លារអាមេរិក ។
បន្ទាប់ពីបាត់លុយ និងគ្រឿងអលង្ការអស់ ដើមបណ្តឹងមានការសង្ស័យទៅលើឈ្មោះពេជ្រ សាមឌី ហៅ អេតចាយ ព្រោះក្រោយពេលជួល ឲ្យជួសជុលផ្ទះហើយ ស្រាប់តែឈ្មោះអេតចាយ មានម៉ូតូថ្មីសន្លាងស៊េរីទំនើប១គ្រឿងជិះ និងមានប្រាក់សងគេគ្រប់គ្នា ។ ដោយមានការសង្ស័យដូច្នោះ ម្ចាស់ប្រាក់បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកជាប្រធាន(មុំាំង សុខលុច) ក៏ធ្វើរបាយការណ៍ជូនទៅស្ថាប័នអយ្យការអមសាលាដំបូង ដើម្បីសុំបើកការស៊ើបអង្កេត ។
នៅថ្ងៃទី២៧ មិថុនា បានកោះហៅឲ្យឈ្មោះពេជ្រ សាមឌី ហៅ អេតចាយ ចូលខ្លួនទៅបំភ្លឺលើពាក្យបណ្តឹងនោះ ពេលចូលបំភ្លឺជនជាប់សង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចលុយ និងគ្រឿងអលង្ការពីដើមបណ្តឹងនោះមែន ៕
ចែករំលែកព័តមាននេះ