ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​នគរ​ភ្នំ​» ទាក់ទាញ​ភ្ញៀវ​​​​គ្រប់​ទិស​​ទី និង​មាន​រូង​ល្អាង​ដ៏​អាថ៌​កំបាំង​២​ទៀត​ផង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រមណីយដ្ឋាន​នគរ​ភ្នំ ឬ​រមណីយដ្ឋាន​ភ្នំ​ឈើ​កាច់ គឺជា​រមណីយដ្ឋាន​ទេស​ចរណ៍​ធម្មជាតិ​មួយ ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ដែល​និយម​ចូល​ចិត្ត​មក​លេង​កំសាន្ត​នៅ​ថ្ងៃ​ឈប់​សំរាក​ពី​ការងារ ពិសេស​គឺ​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ផ្សេង​ៗ​។ រមណីយដ្ឋាន​នេះ…

ខេត្តព្រៃវែង ៖ រមណីយដ្ឋាន​នគរ​ភ្នំ ឬ​រមណីយដ្ឋាន​ភ្នំ​ឈើ​កាច់ គឺជា​រមណីយដ្ឋាន​ទេស​ចរណ៍​ធម្មជាតិ​មួយ ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ដែល​និយម​ចូល​ចិត្ត​មក​លេង​កំសាន្ត​នៅ​ថ្ងៃ​ឈប់​សំរាក​ពី​ការងារ ពិសេស​គឺ​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ផ្សេង​ៗ​។

រមណីយដ្ឋាន​នេះ មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​ឈើ​កាច់ ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​​ចំងាយ​ប្រមាណ​ជា​២០​គីឡូ​ពី​ទីរួមខេត្ត​ព្រៃវែង និង​៧០​គីឡូ​ពី​រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​១ និង​បត់​ចូល​ត្រង់​ចំណុច​ផ្លូវកែង​ផ្សារ​កំពង់​សឹ​ង្ហ ក្នុង​ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្តេច​។

ផ្លូវ​បេតុង​ចំនួន​២​ខ្សែ ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​ឱ្យ​អ្នកស្រុក ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ស្រួល ចូល​ទៅ​លេង​កំសាន្ត​នៅ​ក្នុង​រមណី​ដ្ឋា​ន​នគរ​ភ្នំ​នេះ ដោយ​ខ្សែ​ទី​១ គឺ​ចូល​តាម​ខ្លោងទ្វារ​រមណីយដ្ឋាន ដែល​ស្ថិត​នៅ​ខាងជើង​សាលាស្រុក​បាភ្នំ និង​១​ខ្សែ​ទៀត គឺ​ចូល​តាម​ខ្លោងទ្វារវត្ត​វិហារ​ធំ ដែល​នៅ​ខាងលិច​ភ្នំ​។

ពេល​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ចូល​ដល់​ជើងភ្នំ​ឈើ​កាច់ គេ​នឹង​ឃើញ​មាន​កាំជណ្តើរ​ចំនួន​២​ខ្សែ​ធ្វើ​ឡើង​ពី​ថ្ម អម​ទៅ​ដោយ​បង្កាន់ដៃ​ដែល​ឆ្លាក់​ចេញ​ជា​រូប​នាគ​នៅ​សងខាង សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឡើង​ទៅ​លេង​នៅ​ចង្កេះភ្នំ និង​កំពូលភ្នំ ដែល​នៅ​ទីនោះ​មាន​សំណង់​ប្រាសាទ​ចំនួន​១៤​ប្រាសាទ នៅ​ឈរ​បង្អួតរាង​យ៉ាង​ស្រស់​សង្ហារ ជាមួយនឹង​ព្រៃ​ព្រឹក្សា​ដ៏​ស្រស់បំព្រង​។

ប្រាសាទ​នីមួយ​ៗ ត្រូវ​បាន​សាងសង់​ឡើង​តាម​បែប​សាសនា ដោយ​បង្កប់​នូវ​ក្បាច់ចំលាក់​យ៉ាង​ប្រណីត​គួរ​ឱ្យ​ចង់​គយគន់​។ ក្រៅពី​នេះ នៅ​មាន​ផ្ទាំង​ថ្ម​ធំ​ៗ​ដែល​មាន​រូបសណ្ឋាន​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន ដែល​ភ្ញៀវ​ទេសចរ​អាច​នាំ​គ្នា​ទៅ​អង្គុយ​លេង​ស្រូប​យក​ខ្យល់អាកាស​ធម្មជាតិ​បរិសុទ្ធ និង​ថតរូប​កំសាន្ត​ទុកជា​អនុស្សាវរីយ​ផង​ដែរ​។

កាន់តែ​ពិសេស​ទៅ​ទៀត​នោះ នៅ​លើ​ភ្នំ​នេះ មាន​រូង​ល្អាង​ដ៏​អាថ៌​កំបាំង​ចំនួន​២ គឺ​ល្អាង​គុ​ហ៌ា ជា​កន្លែង​ទី​សក្ការៈ​គោរព​បូជា និង​ល្អាង​ភ្នំ​ធំ​ជា​កន្លែង​ដែល​តាបស់ ឬ​អ្នក​កាន់សីល​ចូល​ទៅ​តាំងសមាធិ ហើយ​ល្អាង​នេះ​ត្រូវ​បាន​អ្នកស្រុក​និយាយ​ថា មាន​ទំហំ​ធំ និង​ជ្រៅ​ចូល​ទៅ​ក្នុង​ដី​មិនដឹង​ទៅ​ដល់​ណា ព្រោះ​មិន​ដែល​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ទេ​។

ជួប​ជាមួយ​លោកស្រី អេ​ឡែ​ន ដែល​ជា​ម្ចាស់​ប្រាសាទ​ទាំងអស់​លើ​ភ្នំ​ឈើ​កាច់ និង​ជា​អ្នក​បង្កើត​រមណីយដ្ឋាន​នគរ​ភ្នំ​នេះ​ឡើង​ផង​នោះ លោកស្រី​បានឱ្យ​ដឹង​ថា រមណីយដ្ឋាន​នគរ​ភ្នំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​មក​ចូល​លេង​កំសាន្ត នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។ ដោយ​លោកស្រី​បាន​កសាង​បន្ថែម​នូវ​រូបសំណាក​ជា​ច្រើន ដូច​ជា​រូបសំណាក​លោក​មេទ័ព​កំហែង​រិ​ទ្ធិ រូប​ស្តេច​នាគ​លូន​ចេញពី​រូង រូប​ព្រះ​នាង​លីវ​យី ព្រះបាទ​ហ៊ុនទាន ស្តេច​នាគ​ជា​បី​តា​ព្រះ​នាង​លីវ​យី និង​ស្រះ​ផ្កាឈូក​សរ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ លោកស្រី​បាន​ត្រៀម​រៀបចំ​កម្មវិធី​សាសនា​ជា​ច្រើន សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត មានឱកាស​បាន​ចូលរួម​ធ្វើបុណ្យ​សន្សំ​កុសល តាម​បែប​ព្រះពុទ្ធ​សាសនា​ផង​ដែរ ហើយ​លោកស្រី​សង្ឃឹមថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ និង​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​លេង​កំសាន្ត នៅ​ក្នុង​រមណីយដ្ឋាន​នគរ​ភ្នំ ឬ​រមណីយដ្ឋាន​ភ្នំ​ឈើ​កាច់​នេះ យ៉ាងច្រើន​កុះករ​ជាក់​ជា​មិន​ខាន​។

ដោយឡែក​ខាង​អាជ្ញាធរ​ស្រុក​បាភ្នំ​វិញ បានឱ្យ​ដឹង​ថា រមណីយដ្ឋាន​នគរ​ភ្នំ​នេះ មាន​ភ្ញៀវ​ទេសចរ​មក​លេង​កំសាន្ត​ជា​រៀងរាល់ថ្ងៃ មិន​ថា​តែ​ថ្ងៃ​បុណ្យ​ទាន​នោះ​ទេ ដោយសារ​រមណីយដ្ឋាន​នេះ​មាន​កន្លែង​លេង​កំសាន្ត​ច្រើន គួប​ផ្សំ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​លក់​ចំណីអាហារ​ផ្សេង​ៗ​នៅ​តាម​ជើងភ្នំ​នេះ មាន​ភាព​រួសរាយ​រាក់ទាក់ និង​លក់​ចំណីអាហារ​ក្នុង​តម្លៃ​សមរម្យ​ផង​នោះ ព្រម​ទាំង​​ទីតាំង​នេះ​មាន​សន្តិសុខ សុវត្ថិ​ភាពល្អ​ថែម​ទៀត​នោះ ទើប​ជា​កត្តា​អូស​ទាញ​ភ្ញៀវ​ទេសចរ មក​លេង ហើយ​ចង់​មក​លេង​ទៀត​មិន​ចេះ​ដាច់ រហូត​ដល់​សព្វ​ថ្ងៃនេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ